ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបទៅនឹងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយចាត់ទុកការថ្លែងនោះថា ជាការគ្មានពិសោធចំពោះរឿងកម្ពុជា។
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍នៅថ្ងៃទី២៥ វិច្ឆិកា ថា លោកមិនជឿលើពាក្យសម្ដីរបស់អ្នករាយការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា គឺអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលថា ស្ថានភាពនយោបាយនៅកម្ពុជា កំពុងឈានដល់ចំណុចកំពូលដ៏គ្រោះថ្នាក់នោះទេ ៖ «លោកស្រីហ្នឹង មិនមានការពិសោធន៍ចំពោះរឿងកម្ពុជាទេ។
យើងឃើញហើយថា អង្គការសហប្រជាជាតិ ដែលឲ្យលោកស្រីជាអ្នកតំណាង គ្រាន់តែជាអ្នកសម្របសម្រួលទេ ក៏ប៉ុន្តែយើងជឿថា លោកស្រីនៅតែសហការជាមួយប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញជាវប្បធម៌មួយថា អនាគតរបស់កម្ពុជា ឋិតនៅកណ្ដាប់ដៃរបស់បុគ្គលណាមួយឡើយ គឺឋិតនៅក្នុងស្ថាប័នជាតិ និងនីតិរដ្ឋ ច្បាប់ទម្លាប់នេះឯង។ ដូច្នេះ ការបាត់ សម រង្ស៊ី ពីសភា គឺឆ្លើយតបអ្វីទៅជាការរំលោភច្បាប់របស់ទណ្ឌិត សម រង្ស៊ី ទៅលើការវិវាទបុគ្គល និងបុគ្គលសុទ្ធសាធ អត់មានពាក់ព័ន្ធទៅនឹងរឿងនយោបាយ។ រីឯគណបក្សប្រឆាំងនៅកម្ពុជា មិនមែនឋិតនៅតែគណបក្សសង្គ្រោះជាតិ នោះទេ គឺយើងមានគណបក្សដទៃទៀត ដែលបង្កើតជាច្រើនបន្ថែមទៀត ហើយការងាររបស់គណបក្សសង្គ្រោះជាតិ ក៏នៅតែបន្ត ដូចជាថ្មីៗនេះ ឯកឧត្ដម កឹម សុខា លោកបានចាត់ការងារជាកាតព្វកិច្ចរបស់សមាជិករបស់លោកហ្នឹងឲ្យដំណើរ ការក្នុងការពន្យល់អំពីនយោបាយរបស់គណបក្ស»។
ការឆ្លើយតបនេះ គឺបន្ទាប់ពីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកា ចេញផ្សាយសេចក្ដីថ្លែងការណ៍មួយរបស់អ្នករាយការណ៍ពិសេស គឺអ្នកស្រី រ៉ូណា ស្មីត។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ អ្នកស្រី រ៉ូណា ស្មីត សរសេរថា ការចាត់វិធានការបំបាក់ផ្នែកនយោបាយនៅកម្ពុជា កំពុងឈានដល់ចំណុចកំពូលដ៏គ្រោះថ្នាក់ ហើយអ្នកជំនាញការសិទ្ធិមនុស្សសហប្រជាជាតិ ដាស់តឿន ដោយសារតែបញ្ហានេះពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត កត់សម្គាល់ដោយក្ដីព្រួយបារម្ភអំពីស្ថានការណ៍តានតឹងរវាងគណបក្ស នយោបាយប្រឆាំង និងគណបក្សកាន់អំណាច ឧប្បត្តិហេតុហិង្សា ការបំភិតបំភ័យបុគ្គលមួយចំនួន ការប្រើប្រាស់ភាសាប្រទូសរ៉ាយដាក់គ្នានៅក្នុងកិច្ចសន្ទនានយោបាយ។ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ កំពុងឃ្លាំមើលស្ថានការណ៍នៅកម្ពុជា ចាប់តាំងពីពេលវាយដំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅខាងមុខរដ្ឋសភា ការទម្លាក់ លោក កឹម សុខា ពីតួនាទីអនុប្រធានរដ្ឋសភា និងចុងក្រោយ គឺដកអភ័យឯកសិទ្ធិសភាពី លោក សម រង្ស៊ី និងចេញដីកាចាប់ខ្លួនពីបទក្លែងឯកសារសាធារណៈ ការញុះញង់ឲ្យមានភាពចលាចលធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
ឆ្លើយតបបញ្ហាទាំងនេះ មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា រាជរដ្ឋាភិបាលនៅតែឲ្យតម្លៃលើនីតិរដ្ឋ ដោយមិនឲ្យមានអ្នកណាម្នាក់លើច្បាប់ ហើយរឿងនយោបាយ គឺកម្ពុជា កំពុងកសាងលទ្ធិប្រជាធិបតេយ្យ៖ «យើងយល់ឃើញថា លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា គឺមិនមែនឋិតនៅក្នុងបាតដៃរបស់ឯកឧត្ដម សម រង្ស៊ី ជាបុគ្គលនោះទេ គឺឋិតនៅលើគោលការណ៍ ឋិតនៅលើនីតិរដ្ឋ និងការទទួលខុសត្រូវចំពោះមុខច្បាប់ និងការទទួលខុសត្រូវចំពោះរដ្ឋធម្មនុញ្ញ។ ដូច្នេះ លទ្ធិប្រជាធិបតេយ្យ គឺជាគោលបំណងរបស់ប្រជាពលរដ្ឋខ្មែរ មិនមែនក្រោមគំនាបរបស់បុគ្គល សម រង្ស៊ី នោះទេ គឺឋិតនៅក្នុងរបបសេរីពហុបក្ស។ អាហ្នឹងជាលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា»។
លោកមានប្រសាសន៍ទៀតថា ការលូកលាន់របស់អង្គការសហប្រជាជាតិ ដោយមិនយល់ច្បាប់ និងវប្បធម៌របស់កម្ពុជា ជាការលំបាក និងមានសោកនាដកម្ម ដូចដែលអង្គការសហប្រជាជាតិ ទទួលស្គាល់របប ប៉ុល ពត ហើយ អ៊ុនតាក់ (UNTAC) ធ្លាប់បរាជ័យក្នុងការរៀបចំសន្តិភាពនៅកម្ពុជា៕
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (ឆ្វេងទី២) ជួបមន្ត្រីសង្គមស៊ីវិល និងតំណាងសហគមន៍ដីធ្លី នៅខេត្តកោះកុង កាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០១៥។ប្រភព៖RFA