ភ្នំពេញ៖សាលាឧទ្ធរណ៍ប្រកាសបើកសវនាការជំនុំជម្រះសំណុំរឿងក្ដីអតីតសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ នៅថ្ងៃទី៣០ ខែវិច្ឆិកា សប្ដាហ៍ក្រោយនេះ បន្ទាប់ពីបានឃុំខ្លួនជាង៣ ខែ ក្រោមបទចោទករណីបង្ហោះផ្សាយឯកសារក្លែងទាក់ទិនសិទ្ធិសញ្ញាព្រំដែនជាមួយវៀត ណាម ឆ្នាំ១៩៧៩។
តាមសេចក្ដីជូនដំណឹងរបស់ក្រឡាបញ្ជី ឡឹក ចាន់ពន្លឺ និងព្រះរាជអាជ្ញា យិន សុគន្ធារី ចុះថ្ងៃទី១៧ ខែវិច្ឆិកា បានប្រាប់លោក ជួង ជូងី មេធាវីការពារជនជាប់ចោទលោក ហុង សុខហួរ ពីការបើកសវនាការរបស់សាលាឧទ្ធរណ៍ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា វេលាម៉ោង ៨ព្រឹក។សវនាការនឹងជំនុំជម្រះរឿងក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញុងបង្កឱ្យមានភាពធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកមេធាវី ជួង ជូងី បានបញ្ជាក់ថា លោកបានប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមរបស់សាលាដំបូង ហើយលោកនឹងឡើងបំភ្លឺករណីនេះក្នុងសវនាការរបស់សាលាឧទ្ធរណ៍នៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ។
សូមរំឭកថា លោក ហុង សុខហូរ សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ គឺប៉ុន្មានថ្ងៃបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក ហុង សុខហូរ បានបកស្រាយក្លែងពីសិទ្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ក្នុងសម័យប្រជាមានិតកម្ពុជា ដែលកាលណោះលោក ហេង សំរិន ជាប្រមុខរដ្ឋ។
ក្នុងសំនុំរឿងរបស់លោក ហុង សុខហួរ នេះដែរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏ត្រូវបានសាលាដំបូងចេញដីកាឱ្យចូលខ្លួនមកបំភ្លឺទាក់ទិនសំណុំរឿងក្តីជាមួយលោក ហុង សុខហួរ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ៕ដោយ៖រដ្ឋា