ក្រសួងបរិស្ថាន រកឃើញក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. បន្តបំពុលព្រែកផ្អាវនិងព្រែកកំពង់ស្មៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2025 ក+ ក-

ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តព្រះសីហនុ និងអាជ្ញាធរឃុំទឹកល្អក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យស្ថានភាពការបំពុលទឹកអូរព្រែកផ្អាវ និងជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការប៉ះពាល់ការបំពុលទឹក ដោយក្រុមហ៊ុន KUBON (CAMBODIA) TECHNOLOGY CO., LTD. នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អាជ្ញាធរឃុំទឹកល្អក់បានលើកឡើងថា៖ នៅក្នុងឃុំទឹកល្អក់ មានផលប៉ះពាល់ដោយការបង្ហូរសំណល់រាវដែលមានក្លិនស្អុយ ២ភូមិ គឺភូមិជ្រលង (មានប្រជា ពលរដ្ឋប្រមាណ ២២៤គ្រួសារ ស្មើនឹង ៩៣៥នាក់) ទទួលរងផលប៉ះពាល់ប្រមាណ១៥គ្រួសារ និងភូមិកំពង់ស្មាច់តូច (មានប្រជាពលរដ្ឋប្រមាណ ៣២៣ គ្រួសារ ស្មើនឹង ១២៨៧នាក់) ទទួលរងផលប៉ះពាល់ប្រមាណ ៧២គ្រួសារ។ រោងចក្របានបង្ហៀរសំណល់រាវដែលមានក្លិនស្អុយ ចូលអូរព្រែកផ្អាវ រួចបន្តចូលព្រែកកំពង់ស្មាច់ ជារៀងរាល់ថ្ងៃ ដោយមានប្រជាពលរដ្ឋបានឃើញជាក់ស្តែង ហើយរាយការណ៍មកអាជ្ញាធរភូមិ-ឃុំ ហើយប្រជាពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្ត ប្តូរមុខរបរទៅធ្វើការរោងចក្រ ដើម្បីរកថវិកាបង់សងបំណុលធនាគារ។

សំណូមពរ ៖ សូមឱ្យក្រុមហ៊ុនកុំបង្ហូរសំណល់រាវដែលបំពុលទឹក ចូលអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់បន្តទៀត ធ្វើឱ្យធនធានធម្មជាតិមានការថយចុះ ពុលងាប់ និងមានក្លិនស្អុយ ធ្វើឱ្យប្រជាពលរដ្ឋពិបាករស់នៅ មានជំងឺផ្សេងៗ និងធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងែ។

ប្រជាពលរដ្ឋបានសំណូមពរ ឱ្យក្រុមហ៊ុនត្រូវសម្អាតទឹកឱ្យបានស្អាតមុននឹងបង្ហូរចេញ ធ្វើយ៉ាងណាឱ្យព្រែកស្អាតឡើងវិញ ដើម្បីឱ្យមានត្រី ងាវ បង្គា ក្តាម អាចរស់នៅបាន និងអាចរកនេសាទ ឬចិញ្ចឹមត្រី ងាវ បង្គា ក្តាម។ បើក្រុមហ៊ុនមិនអាចធ្វើបានទេ សំណូមពរឱ្យបិទក្រុមហ៊ុន ដើម្បីកុំឱ្យបង្កផលប៉ះពាល់បន្តទៀត។

សូមបញ្ជាក់ថា ក្រុមការងារក្រសួងបរិស្ថាន នៅថ្ងៃដដែល បានចុះពិនិត្យអូរព្រែកផ្អាវ និងព្រែកកំពង់ស្មាច់ ហើយបានពិនិត្យឃើញថា ទឹកអូរព្រែកផ្អាវទាំមូលត្រូវបានបំពុលដោយសំណល់រាវបញ្ចេញពីរោងចក្រ KUBON ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ចុងព្រែកដែលភ្ជាប់ទៅនឹងព្រែកកំពង់ស្មាច់ ដោយទឹកមានសភាពល្អក់ មានក្លិនស្អុយខ្លាំង មានកំណកខ្លាញ់ និងកំទេចស្បែកអណ្តែតពេញផ្ទៃទឹក និងកកជាប់ឬសដើមកោងកាង និងគល់ដើមចាក៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CYWtmXlaP_U