ក្រសួងបរិស្ថាន រកឃើញរោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. បង្កការបំពុលបរិស្ថាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 July, 2025 ក+ ក-

ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថា រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាករណីមានផ្សែងពណ៌ខ្មៅ ចេញពីបំពង់ផ្សែងឡចំហាយ របស់ រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ក្រុមការងារអធិការកិច្ចក្រសួង បរិស្ថាន ចុះត្រួតពិនិត្យទីតាំងរោងចក្រខាងលើ និងបានបានដាក់វិធានការឱ្យរោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់ និងនឹងត្រូវរងពិន័យអន្តរការណ៍ តាម ច្បាប់កំណត់។

ទន្ទឹមនឹងនេះ ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត ហើយត្រូវទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាប័ណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច។ពិសេសរោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែង ឲ្យត្រូវតាមស្តង់ដាកំណត់។

សូមបញ្ជាក់ថា ក្រុមហ៊ុន XIN MEI FUSHI (CAMBODIA) CO.,LTD. ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បើកដំណើរការនៅដើម ឆ្នាំ២០២៥ និងមានបុគ្គលិកសរុបចំនួន ២៥០ នាក់។ រោងចក្របានដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិក ដើម្បីដំណើរការឡចំហាយ និងមានរក្សាទុកកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកលាយជាមួយអុស នៅក្បែរឡចំហាយ និង ពុំទាន់មានលិខិតអនុញ្ញាតផ្សេងៗទាក់ទងនឹង ការគ្រប់គ្រងបរិស្ថាននៅឡើយ។

ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការដល់រោងចក្រឱ្យអនុវត្តរាល់បណ្តាចំណុចបញ្ជាកែប្រែខាងលើឱ្យមានប្រសិទ្ធភាព គិតចាប់ពីថ្ងៃចុះត្រួតពិនិត្យនេះតទៅ។ ក្នុងករណី ម្ចាស់រោងចក្រ មិនបានអនុវត្តនូវវិធានការច្បាប់ខាងលើ ក្រសួងបរិស្ថាន នឹងអនុវត្តទៅតាមវិធានការច្បាប់ដែលមានជាធរមានជាបន្តទៀត៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/D3NPvTX62wM