(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង៦ៈ៣០នាទី ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងផ្សារទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ។
បន្ទាប់ពីអាជីវករបានរាយការណ៌ ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងកើតហេតុខាងលើគឺមានស្ត្រីវ័យក្មេងម្នាក់បានយកលុយដុល្លារក្លែងក្លាយក្រដាស 100ដុលា្លរ ទៅដូរយកលុយរាយមកវិញ បន្ទាប់ពីដូរបានហើយបំរុងនឹងចាកចេញតែភ្លាមៗនោះខាងអាជីវករ មានការសង្ស័យបានមើលលុយម្តងទៀតក៏បានហៅគ្នីគ្នាជាអាជីវករដូចគ្នាដែលលក់នៅក្នុងផ្សារអោយជួយឃាត់ បន្ទាប់ពីឃាត់ខ្លួនបានក៏បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ដើម្បីមកយកទៅសួរនាំ។
នារីវ័យក្មេង ដែលប្រើប្រាស់លុយក្លែងក្លាយមានឈ្មោះ ចក់ នាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរលក់ដូរស្នាក់នៅក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅភូមិជ្រោយអំពិល២ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្រោយពីឃាត់ខ្លួនបានដកហូតនូវកាបូបស្ពាយមួយដោយ ក្នុងកាបូបនោះមានឃើញលុយដុល្លារក្លែងក្លាយ ចំនួន7សន្លឹក (ស្មើហ្នឹង 700ដុល្លារ) ដែលជាលុយនៅសល់ពីដូរ។
បន្ទាប់ពីសាកសួរនិងដកហូតបានវត្ថុតាងរួចខាងកម្លាំងប៉ុស្តិ៍ចោមចៅបានបញ្ជួនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្តទៀត៕ ដោយៈ សួង សាម