ភ្នំពេញ៖លោក សម រង្ស៊ី ត្រូវបានរិះគន់ដោយសម្តេចក្រុមព្រះនរោត្តម រណ ឫទ្ធិ ព្រះប្រធានគណបក្សហ្វុនស៊ិនប៉ិច ថា«លោក សម រង្ស៊ី ធ្លាប់រិះគន់សម្តេចតេជោ ឥឡូវខ្លួន ឯង ក៏ដើទៅពឹងបរទេសដែរ»។ ព្រះអង្គមានបន្ទូលថា ទោះជាយ៉ាងណា សូមកុំរារាំងហាមឃាត់ម្ចាស់ជំនួយពីខាងក្រៅ។
សម្តេចក្រុមព្រះមានបន្ទូល ទៅកាន់ក្រុមអ្នកសារព័ត៌មានបែបនេះ ក្រោយពីបញ្ចប់ពិធីសំណេះសំណាលជាមួយសមាជិក -សមាជិកា និងអ្នកគាំទ្រជាច្រើនរយនាក់នៅវត្តមង្គលវ័ន្ត ស្រុកស្អាង ខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះ។
សម្តេចក្រុមព្រះបានមានបន្ទូលបន្តថា «នេះជាទម្លាប់របស់ឯកឧត្តម សម រង្ស៊ី ចោទសម្តេចតជោ ហ៊ុន សែន ថាពឹងបរទេស ប៉ុន្តែគាត់ទៅពឹងបរទេសដែរ ។ រឿងផ្ទៃក្នុងរបស់ខ្មែរ សូមឲ្យខ្មែរដោះស្រាយគ្នាឯងទៅ ប៉ុន្តែជំនួយមកពីក្រៅសូមឲ្យគេជាម្ចាស់ជំនួយមេត្តាផ្តល់កុំហាមឃាត់គេ»។
តាមការចុះផ្សាយរបស់កាសែត Cambodia Daily កាលពីថ្ងៃទី២៧ ខែវិច្ឆិកា សភាសហភាពអឺរ៉ុបបានគំរាមលុបជំនួយមកកម្ពុជាចំនួន៤៣៥លានដុល្លារអាមេរិក បើលោក សម រង្ស៊ី មិនអាចវិលចូលកម្ពុជាវិញនោះ។
សម្តេចក្រុមព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចរិះគន់លោក សម រង្ស៊ី ថាបានដើរបញ្ចុះបញ្ជូលឲ្យសភាសហភាពអឺរ៉ុបកាត់ផ្តាច់ជំនួយពីកម្ពុជាដែលព្រះអង្គមានបន្ទូលថា «ខ្លួនឯងចោទសម្ដេចតេជោថាទៅពឹងបរទេសបែរជាខ្លួនឯងទៅពឹងបរទេសដែរ ប៉ុន្តែជំនួយមកពីក្រៅសូមឲ្យគេជាម្ចាស់ជំនួយមេត្តាផ្តល់កុំហាមឃាត់គេ៕ដោយ៖ខេមរា
លោក សម រង្ស៊ី និងសម្ដេចក្រុមព្រះកាលពីអតីតកាល