

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់ពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ស្រុកពួក ស្រុកអង្គរធំ និងភូមិសាស្ត្រស្រុកមួយចំនួនទៀត ក្នុងខេត្តសៀមរាប។


ការចុះពិនិត្យផ្ទាល់អំពីស្ថានភាពនៃផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកពួក នៃខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការ ជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។


ឯកឧត្តមក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឲ្យអស់គ្រប់វិធានការ ក្នុងការដោះស្រាយជូនដល់ប្រជាពលរដ្ឋយើង រស់នៅមានភាពសុខសាន្ត៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/De7D6HH1H5I


