យោធភូមិភាគទី៤កម្ពុជានិងកងទ័ពភូមិភាគទី២ថៃ ជួបប្រជុំប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 October, 2025 ក+ ក-

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការយោធភូមិភាគទី៤ កម្ពុជា  នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរងយោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។

ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖

១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ

២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង

៣.ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុង កិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការប្តេជ្ញាបន្តកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕

សូមទស្សនាព័ត៌មានពិស្ដារ៖