លោក សុខ អាន ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន គណៈកម្មាធិការ​អចិ ន្ត្រៃយ៍​គណបក្សនយោបាយ​នៅ​អាស៊ី​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2014 ក+ ក-

ភ្នំពេញ​៖ សេចក្តីប្រកាស​ពី​ទីស្តីការគណៈរដ្ឋ មន្ត្រីបង្ហាញថា សន្និសីទ​អន្តរជាតិនៃ​គណ បក្សនយោបាយ នៅ​អាស៊ី ICAPP ប្រមូលផ្តុំ​ដោយ​គណបក្ស​ចំនួន ៣៤០ គណបក្ស មកពី ៥២ ប្រទេស នៅ​អាស៊ី​។​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្សនយោបាយ នៅ​អាស៊ី ICAPP​។ លោក​សុខ​អាន បាន​ដឹកនាំ​គណបក្ស​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​នៅក្នុង​កិច្ចប្រជុំ ICAPP លើក​ទី​៨ នៅ​ទីក្រុង កូឡុំបូ ប្រទេស​ស្រីលង្កា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៤​។​

​សេចក្តីប្រកាស​ដដែល បង្ហាញថា ឥស្សរភាព និង​បទពិសោធន៍​ការងារ ដែល​ទទួលបាន​ជោគជ័យ​កន្លងមក នាំ​ឲ្យ​សមាជិក​អចិន្ត្រៃយ៍​ទាំងអស់ បាន​អបអរសាទរ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ចំពោះ​តំណែង​ជា​អនុប្រធាន​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍ ICAPP​។​

លោក Vijay Jolly ប្រធាន​រៀបចំ​សន្និសីទ​ពិភពលោក​នៃ​គណបក្សកាន់អំណាច​ឥណ្ឌា BJP បាន​ថ្លែង​នូវ​ការចាប់អារម្មណ៍​របស់​ខ្លួន​ថា លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន មិនមែន​គ្រាន់តែ ជា​អ្នកដឹកនាំ​មួយរូប​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ជា​អ្នកដឹកនាំ​ម្នាក់​របស់​អាស៊ី​ទាំងមូល គាត់​គួរ ឲ្យ​ស្ញប់ស្ញែង គាត់​មាន​ភាព​វ៉ៃ​ឆ្លាត គាត់​គឺជា​អ្នកការទូត គាត់​គឺជា​អ្នកនយោបាយ ហើយ​គាត់​ក៏​ជា​អ្នក ចាត់ចែង​ដ៏​ពូកែ ខ្ញុំ​បាន​ស្គាល់​គាត់​តាមរយៈ​ការចួលរួម​ជាច្រើន​ឆ្នាំ​ក្នុង​សកម្មភាព ICAPP យើង​គោរព គាត់​ហើយ​យើង​គាំទ្រ​គាត់ ក្នុង​ការធ្វើជា​អនុប្រធាន​គណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍​នៃ ICAPP​។​

លោក បាន​បន្តថា “​ខ្ញុំ​គាំទ្រ​គាត់ បេក្ខភាព​គាត់​គឺជា​ជំហាន​មួយ​ក្នុងការ​បង្រួបបង្រួម​អាស៊ី ការចូលរួម​របស់​ប្រទេស​កម្ពុជា នឹង​កិច្ចការ​អន្តរជាតិ​របស់​អាស៊ី ហើយ​ការដឹកនាំ​របស់គាត់​បា​ន​ចូលរួម​យ៉ាងសំខាន់ នៅក្នុង​ការងារ​របស់ ICAPP នៅ​អាស៊ី​”​។​

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា “​ការងារ​នេះ គឺ​ធំ ហើយ​លំបាក ប៉ុន្តែ​ដោយសារ​យើង​ឃើញ​ការគាំទ្រ​យ៉ាងសកម្ម​ពី​សមាជិក ICAPP ក្នុងគណៈ​កម្ម​ធិ​ការ​អចិន្ត្រៃយ៍ វា​ជា​ការលើក ទឹកចិត្ត​មួយ​លើ​ការងារ ដែល​ឯកឧត្តម​ផ្ទាល់​ធ្លាប់​បានធ្វើ​កន្លងមក ហើយ​ក្នុង ICAPP នេះ យើង​បានធ្វើ​ការងារ​ច្រើនណាស់ ។ មតិ​ជាទូទៅ​តែងតែ​និយាយថា​ការកសាង​សហគមន៍​អាស៊ី​វា​ពិបាក ជាង​កាលពី​បង្កើត​សហគមន៍ អឺរ៉ុប​ទៅទៀត ដូច្នេះ​វា​សុទ្ធតែជា​ការប្រឈមមុខ ដែល ICAPP ត្រូវខិតខំ​រក​ដំណោះស្រាយ​ឲ្យ​សមស្រប​នៅក្នុង​ដំណើរ​ការកសាង​សហគមន៍​អាស៊ី​” ។​

ក្នុងន័យនេះ​គណបក្សនយោបាយ​នៅ​អាស៊ី ត្រូវ​បន្ត​ខិតខំ​កាន់តែខ្លាំង នឹង​សកម្ម​ថែមទៀត ដើម្បី​រួមគ្នា បង្កើត​សហគមន៍​អាស៊ី មួយ​ប្រកបដោយ សុខសន្តិភាព ស្ថេរភាព និង​ទទួលបាន​ការអភិវឌ្ឍ​ន៍ ដែល​បាននិងកំពុង​កើតមាន​នៅក្នុង​សតវត្ស​អាស៊ី​ទី​២១​នេះ​។ ដូច្នេះ ការគាំទ្រ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ជា​អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្សនយោបាយ​នៅ​អាស៊ី ( ICAPP ) គឺជា​ផ្លែផ្កា​នៃ​យុទ្ធនាការ ក៏ដូចជា​បង្កើន​ឧត្តមភាព​គណបក្ស​ប្រជាជន​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ដែល​ផ្អែកលើ​សសរស្តម្ភ​របស់​ក​ម្ពុ​ជា គឺ​មាគ៌ា​ឈ្នះៗ​របស់លោក ហ៊ុន សែន​។​

​ក្នុង​យុទ្ធនាការ​នេះ ក្រុមការងារ​ដឹកនាំ​ដោយ​លោក​ឧបនាយក រដ្ឋមន្ត្រី សុខ អាន បានធ្វើ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង បក្ស​និង​បក្ស រវាង​បុគ្គល​និង​បុគ្គល ដើម្បី​ទទួលបាន​ការគាំទ្រ​ជា​អន្តរជាតិ ក្នុងការ​ផ្តល់​តួនាទី​សំខាន់ៗ ជាពិសេស ការទទួលខុសត្រូវ​កា​ន់​តែ​ខ្ពស់​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជាលើ​ការងារ​នយោ បាយការបរទេសក្នុង​ក្របខ័ណ្ឌ ICAPP សន្និសីទ​អន្តរជាតិ​នៃ​គណបក្សនយោបាយ​នៅ​អាស៊ី​៕

Untitled-4Untitled-4Untitled-4