ភ្នំពេញ៖លោក ម៉ៅ ហាជី បានប្រកាសភ្លាមៗនៅក្រោយពេលមន្ត្រីទូរទស្សន៍ហង្សមាសពីការដាក់ពាក្យបណ្ដឹង តាមរយៈមេធាវីទៅកាន់សាលាដំបូងរាជធានីភ្នំពេញថា លោកមិនខ្លាចចំពោះចំណាត់ការណាមួយរបស់ហង្សមាសនោះទេ ព្រោះមិនមានលក្ខខណ្ឌណាមួយដែលតម្រូវឲ្យលោកត្រូវចូលខ្លួនដោះស្រាយនោះឡើយ។
បេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol លោក ម៉ៅ ហាជី បានចេញមុខប្រាប់អ្នកកាសែតថា អ្វីដែលហង្សមាសបង្កឡើងគឺជាការបង្ខូចកិត្តិយស និងរំលោភលើខ្លួនទាំងស្រុង។ លោកប្រាប់ថា៖ “ប៉ុន្មានថ្ងៃហ្នឹងខ្ញុំ រវល់នៅតាមខេត្តរហូតគឺអត់មានដឹងរឿងអីទេ។ ប្រហែលកន្លះខែមុន ខ្ញុំឃើញពូរិទ្ធីគាត់ប្រកាសឲ្យខ្ញុំចូលខ្លួនទៅដោះស្រាយ ហើយថាដោះស្រាយរឿងអីទេ បើខ្ញុំអត់មានបានធ្វើអីខុសផង ដល់មុននេះទៀតឮថាខាងហង្សមាសប្ដឹងខ្ញុំ ខ្ញុំថាប្ដឹងរឿងអី បើខ្ញុំអត់មានដឹងអីផងហ្នឹង”។
ពាក់ព័ន្ធនឹងការបង្ហោះសារថាលោកបានចុះកុងត្រាជាមួយផលិតកម្មថោ ន លោកថា មិនមែនជាការពិតនោះទេគឺលោកគ្រាន់តែបានជជែកលែងជាមួយអ្នកភ្លេង និងបុគ្គលិករបស់ក្លិបថោន ក្នុងពេលផឹកស៊ីបានម្ដងពីរដងធ្វើឲ្យការទំនាក់ទំនងមានភាពល្អប្រសើរ បន្ទាប់ពីខ្លួនប្រលងធ្លាក់ពីកម្មវិធីCambodia Idol ប៉ុណ្ណោះ។
យ៉ាងណាមិញ លោក ម៉ៅ ហាជី បានសង្កត់ធ្ងន់ថា បើទោះជាលោកបានចុះកុងត្រាជាមួយថោនពិតមែន ក៏មិនមានអ្វីត្រូវនាំឲ្យកើតការប្ដឹងផ្ដល់នោះដែរ ដោយសារតែកិច្ចកុងត្រាជាមួយ Cambodian Idol គឺគ្រាន់តែចងបេក្ខជនបេក្ខនារីកុំឲ្យរត់ចោលការប្រឡងមុនពេល កម្មវិធីត្រូវបានពន្យារពេល។ លោកនិយាយថា៖ “ក្នុងពេលប្រឡងហ្នឹង គេមានកិច្ចសន្យាដល់ឆ្នាំ២០១៦មែន ប៉ុន្តែបើតាមអ្វីដែលខ្ញុំចាំគឺគេខ្លាចកម្មវិធីហ្នឹងត្រូវ ពន្យារដល់ពាក់កណ្ដាលឆ្នាំ២០១៦នៅតែមិនទាន់ចប់ ហើយតម្រូវបេក្ខជនកុំជាប់ពាក់ព័ន្ធជាមួយកម្មវិធីណា ឬជាមួយផលិតកម្មណា ដែលនាំឲ្យគេបិទសិទ្ធិមិនឲ្យមកប្រឡងនៅក្នុងកម្មវិធីធ្វើឲ្យខូច ដល់កម្មវិធី Cambodian Idol ប៉ុណ្ណោះ តែឥឡូវកម្មវិធីហ្នឹងចប់ហើយ ម៉េចថាខ្ញុំរំលោភកុងត្រា”៕