ភ្នំពេញ៖ជនសង្ស័យជាចោរឆក់ម្នាក់ត្រូវបានជនរងគ្រោះចាប់ទាញម៉ូតូដួលចាប់ខ្លូនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ឯម្នាក់ទៀតរត់គេចខ្លួនបាត់ ខណៈជិះម៉ូតូមកឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងជិះម៉ូតូ៣នាក់បងប្អូនត្រឡប់មកពីដើរលេងនៅកោះពេជ្រ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ ធ្នូ ២០១៥ នៅតាមបណ្ដោយផ្លូវលេខ១៩៩ កែងផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ នី បញ្ញាវុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៩៧អឺសូន្យ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះដែលត្រូវចោរឆក់ទូរស័ព្ទមិនបានសម្រេចឈ្មោះ ថូ នួនល្អង ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពពីនារីរងគ្រោះបានឲ្យដឹងថា ខណៈពេលពួកគេកំពុងជិះម៉ូតូ១គ្រឿងម៉ាកហ្វីណូ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1V-5253 មកពីដើរលេងកោះពេជ្រ៣នាក់បងប្អូនក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តាមបណ្ដោយផ្លូវលេខ១៩៩ ។ខណៈមកដល់ចំណុចកែងផ្លូវលេខ៤៣០ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-9604 បានមកឆក់ទូរស័ព្ទដៃម៉ាក iPhone 6 ពីដៃ តែត្រូវនារីរងគ្រោះទាញមកវិញក៏ដួលម៉ូតូ ភ្លាមៗនោះជនសង្ស័យទាំង២នាក់បានលើកម៉ូតូបម្រុងជិះរត់គេចខ្លួន ក៏ត្រូវបងប្រុសរបស់នាងដែលជាអ្នកបើកម៉ូតូចុះពីម៉ូតូទៅទាញម៉ូតូដួលម្តងទៀត ក៏ប្រតាយប្រតប់គ្នា ដោយចាប់បានជនសង្ស័យជាអ្នកបើកម៉ូតូម្នាក់ ចំណែកជនសង្ស័យម្នាក់ទៀតដែលជាអ្នកធ្វើសកម្មភាពឆក់បានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនសង្ស័យ និងវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ចនាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធី។
សូមបញ្ជាក់ថា នារីរងគ្រោះនិងបងប្អូនក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកដែរ ដើម្បីឲ្យសមត្ថកិច្ចចាត់ការដាក់ទោសជនសង្ស័យ និងស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យបន្តទៀត ៕ដោយ៖រដ្ឋា