ភ្នំពេញ: ប្រមុខការទូតកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នៅព្រឹកថ្ងៃទី៦ ខែធ្នូ នេះ បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីចប់កម្មវិធីសំណេះសំណាលជាមួយកុមារពិការភ្នែក និងគ ថ្លង់ នៅសង្កាត់ភ្នំពេញថ្មី ទាក់ទិននឹងការលើកឡើងរបស់សភាអាមេរិក និងសភាអឺរ៉ុប ថា នោះជាសិទ្ធិរបស់គេ រីឯកម្ពុជាធ្វីអ្វីជាសិទ្ធិរបស់កម្ពុជា។
លោក ហោ ណាំហុង បានថ្លែងបញ្ជាក់ថា សិទ្ធិរបស់កម្ពុជាគឺស្របតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ប្រទេស ស្របតាមច្បាប់ដែលអនុម័តដោយរដ្ឋសភា ដែលចុះហត្ថលេខាដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដូច្នេះអ្នកណានិយាយអី ធ្វើអ្វី ជាសិទ្ធិរបស់គេ ឯកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងជាសមាជករបស់អង្គការសហប្រជាជាតិ កម្ពុជាត្រូវតែដំណើរការអ្វីស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាតិរបស់កម្ពុជា តាមនីតិរដ្ឋ ដែលទាំងអស់គ្នាអ្នកណាក៏ចង់ឲ្យកម្ពុជាកសាងនិងពង្រឹងនីតិរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា “សភាអឺរ៉ុបក៏ដោយ សភាអាមេរិកក៏ដោយធ្វើអ្វីជាសិទ្ធិរបស់គេ តែទោះជាយ៉ាងណាក្តីខ្ញុំយល់ថា ខ្ញុំជឿថា ប្រទេសជាតិយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងកាន់តែឈានទៅមុខក្នុងការកសាងប្រទេសជាតិយើង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទោះជាមានជំនួយ ឬក៏អត់ជំនួយ ប្រទេសយើងនៅតែទៅមុខ សូមប្រជាជនយើងទាំងអស់ជឿថា កម្ពុជាពីថ្ងៃនេះទៅ តែងតែទៅមុខអត់មានថយក្រោយ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ”។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា “អំពីការផ្តាច់ជំនួយរបស់សហភាពអឹរ៉ុប នេះគ្រាន់តែជាញត្តិរបស់សភាអឹរ៉ុប ប៉ុន្តែសហភាពអឹរ៉ុបមិនទាន់រកការសម្រេចណាមួយទេ ខ្ញុំបញ្ជាក់ម្តងទៀត ទោះជាមានជំនួយ អត់ជំនួយ កម្ពុជាទៅមុខជានិច្ច”៕