ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.)ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ មានប្រសាសន៍ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅក្នុងខេត្តព្រះសីហនុ ថា៖
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងការអនុវត្តការងារព័ត៌មាននិងសាធារណមតិ ក៏ដូចជាបង្កើនជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI តាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែង ដែលបានជួបប្រទះនៅពេលកន្លងមក ។សំដៅធ្វើយ៉ាងណាឱ្យមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប ដើម្បីបកស្រាយបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
វាគ្មិនចំនួន ២រូប ដែលមានបទពិសោធន៍និងការអនុវត្តជាក់ស្តែងលើការងារព័ត៌មាន និងសាធារណមតិ ក៏បានធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនេះ ដែរគឺ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ស.ព.ស. និងកញ្ញា ម៉ាក
រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាន គ.ស.ព.ស. ។
វគ្គបណ្ដុះបណ្ដាលនេះ មានវត្តមានចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរពាក់ព័ន្ធ មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមនឹងក្រុមការងារព័ត៌មាននិងសាធារណមតិមកពីខេត្តកោះកុង ជាពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងកោះកុង ដែលមានសរុបចំនួនជាង ៥០០នាក់ ។
ឯកឧត្តម ស្វាយ ស៊ីថា បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា «ធាតុចូលសំខាន់ ៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតី ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់របស់សិក្ខាកាមទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គមជាតិ ជាពិសេសនៅពេលដែលតំបន់និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់» ៕


