ភ្នំពេញ: ប្រមុខដឹកនាំគណបក្សដែលមានអាសនក្នុងសភា លោក ស ខេង និងលោក កឹមសុខា នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ បានបើកកិវ្ចប្រជុំតាមការគ្រោងទុកដោយមានរយៈពេលតែ ៤៥ នាទីប៉ុណ្ណោះ គិតចាប់ពីម៉ោង ៥ ម៉ោងជិត៦ ល្ងាចនៅវិមានរដ្ឋសភា។
ក្រោយពីកិច្ចប្រជុំបានបញ្ចប់លោក ស ខេង និងលោក កឹម សុខា បានធ្វើសន្និសីតកាសែតរួមគ្នានៅក្រៅបន្ទប់ប្រជុំ ។ ក្នុងនោះ ក៏មានសេចក្តីថ្លែងការណ៍រួម រវាងគណបក្សទាំងពីរ ដោយព្រមព្រៀងគ្នា ៤ ចំណុច។
គួររំឭកថា ករណីសាលក្រមប្រឆាំងលោក សម រង្ស៊ី ,ការបោះឆ្នោតទម្លាក់តំណែងលោកកឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ព្រមទាំងបញ្ហាឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ មិនត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះទេ។
កិច្ចព្រមព្រៀងរួមរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មានដូចខាងក្រោម៖
១-ចំពោះមុខនេះ បង្កើតគណៈកម្មការចំពោះកិច្ច ដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី សហជីព។
២-បង្កើត ក្រុមការងារ ដែលចូលរួមដោយគណបក្សទាំងពីរ ដើម្បីសិក្សាស្រាវជ្រាវពិនិត្យលទ្ធភាពដំឡើងកម្រិតនៃវប្បធម៌សន្ទនា ដោយឈរលើស្មារតីនៃសេចក្តីថ្លែងការណ៍រួម រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ សំដៅឲ្យមានការជឿទុកចិត្តរវាងគណបក្សនយោបាយនៅក្នុងរដ្ឋសភា ក្នុងការផ្សះផ្សា បង្រួបបង្រួមជាតិ ឲ្យបានស្ថិតស្ថេរយូរអង្វែង។
៣- ពង្រឹងរបៀបរបបការងារ និងទំនាក់ទំនងការងារ ព្រមទាំងការផ្តល់មធ្យោបាយសម្រាប់ថ្នាក់ដឹកនាំតំណាងរាស្ត្រនៃ គណបក្សនយោបាយក្នុងរដ្ឋសភា សំដៅរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពនៃស្ថាប័នរដ្ឋសភា។
៤-បន្ត ដោះស្រាយបញ្ហានានា ដែលនៅសេសសល់ ដោយឈរលើស្មារតី បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ។
ខ្លឹមសារសំខាន់នៃសេចក្តីថ្លែងការណ៍រួមដែលចុះហត្ថលេខាដោយលោក ស ខេង និងលោក កឹម សុខា គឺសំដៅជំរុញលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបន្តរួមគ្នាដោះស្រាយបញ្ហានានារបស់ជាតិ ការផ្សះផ្សារជាតិ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងដើម្បីជាផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រទេសជាតិ៕ដោយ៖ខេមរា