ខេត្តក្រចេះ ៖ អ្នកពុលសាច់ឆ្កែ និងពុលស្រា នៅភូមិស្រែថ្មី ឃុំខ្សឹម ស្រុកស្នួល ទាំងមុនទាំងក្រោយស្លាប់១០នាក់ ហើយនៅមានអ្នកភូមិប្រុស-ស្រីជាច្រើននាក់ទៀតក៏កំពុងតែសង្គ្រោះក្នុងមន្ទីរពេទ្យនៅឡើយ។ចំណែកអ្នកស្លាប់ ដោយពុល ស្រានៅឃុំ ស្នួល ស្រុកស្នួលបានកើនដល់ ៤នាក់ គិតត្រឹមថ្ងៃទី ១០ ខែធ្នូ នេះ ។
មន្ត្រីអាជ្ញាធរស្រុកស្នួលបានបញ្ជាក់ឲ្យដឹងថា មានស្ត្រីពីរនាក់ រស់នៅក្នុងភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ដែលរងនូវការពុលធ្ងន់ធ្ងរដោយស្រាថ្នាំត្រាំសម្បកឈើ បានស្លាប់ជាបន្តបន្ទាប់គ្នានៅថ្ងៃទី៩-១០ ខែធ្នូ នេះ។
ប្រភពបន្តថា ស្ត្រីរងគ្រោះម្នាក់ឈ្មោះ ឡាច សាលី អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចយ សារិៈ អាយុ៥៥ឆ្នាំ ។ ក្រៅពីមានអ្នកស្លាប់ដោយការពុលសាច់ឆ្កែ និងស្រាថ្នាំ នៅក្នុងភូមិស្រែថ្មី ឃុំឃ្សឹម ក៏នៅមានអ្នករងគ្រោះកើតឡើងជាបន្តបន្ទាប់ទៀតកំពុងសម្រាក ព្យាបាល ចំណែកនៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ក៏មានអ្នកពុលស្រា ស្លាប់២នាក់ ទៀត ដែលចំនួនសរុបកើនដល់៤នាក់ហើយ។
គួររំឭកថា ករណីពុលសាច់សត្វឆ្កែដែលងាប់ដោយសារគេដាក់ថ្នាំបំពុល ហើយអ្នកភូមិក្នុងភូមិស្នួលវត្តកើត ឃុំស្នួល បាននាំគ្នាយកឆ្កែនោះទៅធ្វើម្ហូបទទួលទានបណ្តាលឲ្យពុលស្លាប់ជាបន្តបន្ទាប់។ស្របពេលគ្នានោះដែរ ក៏មានបាតុភាពថ្មីមួយទៀតបានផ្ទុះឡើងនៅថ្ងៃរសៀលថ្ងៃទី៨ ខែធ្នូ គឺមានអ្នកភូមិជាច្រើននាក់ក្នុងឃុំចំនួន ២ ផ្សេងគ្នា ក្នុងស្រុកស្នួល រួមមានភូមិត្រពាំងលាក់កសិករ ឃុំស្នួល និងអ្នកភូមិស្រែថ្មី ឃុំឃ្សឹម ត្រូវបានស្លាប់ជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា ក្នុងនោះក៏មានអ្នកភូមិជាង ១០ នាក់ផ្សេងទៀតត្រូវរងគ្រោះដោយការពុលផងដែរ ។
ក្រោយពេលមានបាតុភាពផ្ទុះចេញនូវការពុលសាច់ឆ្កែរហូតបណ្តាលឲ្យមានអ្នកភូមិខ្លះ ស្លាប់ និងរងគ្រោះនេះ អាជ្ញាធរបានដាក់ការសង្ស័យចំពោះអ្នកស្លាប់ក្នុងឃុំផ្សេងទៀតថា ការស្លាប់បណ្តាលមកពីស្រា ព្រោះអ្នកភូមិទាំងនេះ បាននាំគ្នាទៅទិញស្រា.ស មានត្រាំសម្បកឈើនាងនួន ដែលបានត្រាំដាក់លក់នៅតៀមលក់គ្រឿងទេសមួយនៅកណ្តាលភូមិ មកផឹក។
សមត្ថកិច្ចបញ្ជាក់ថា ក្រុមជំនាញនឹងធ្វើកោសល្យវិច្ច័យ លើស្រាដើម្បីឲ្យដឹងថា តើស្រាដែលត្រាំសំបកឈើដាក់លក់ក្នុងភូមិនោះមានសារធាតុ ពុលមែនឬយ៉ាងណា៕