ភ្នំពេញ៖ក្រុមចោរប្លន់ប្រដាប់អាវុធដែលបាញ់សម្លាប់ជនរងគ្រោះប្លន់យកម៉ូតូនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីព្រឹកម៉ិញ ត្រូវបានសមត្ថកិច្ចចម្រុះដេញតាមប្រមាញ់ពីភ្នំពេញរហូតដល់ចំណុចភ្នំប្រសិទ្ធសងាត់ពញាពន់ ខណ្ឌព្រែកព្នៅ ហើយចាប់ខ្លួនបានជនប្រុសស្រី ៤នាក់ និងខ្មាន់កាំភ្លើង២នាក់បានស្លាប់ខណៈបាញ់តដៃគ្នាជាមួយសមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលមានអំពើប្លន់សម្លាប់យកម៉ូតូនៅសង្កាត់បឹងកក់២ រួចមក សមត្ថកិច្ចបានតាមប្រមាញ់ក្រុមចោរប្លន់ប្រដាប់អាវុធតាំងពីព្រឹករហូតដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ គឺចេញពីចំណុចកើតហេតុរហូតដល់ភូមិសាស្រ្តភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ បានចាប់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធ មានគ្នាប្រុសស្រីទាំងអស់ ៦ នាក់។ ក្នុងនោះសមត្ថកិច្ចក៏បានបាញ់សម្លាប់ក្រុមជនសង្ស័យ ២នាក់ ដោយសារតែក្រុមចោរប្លន់ទាំងនោះបានបាញ់តដៃខណៈសមត្ថកិច្ចចូលចាប់ខ្លួន។សមត្ថកិច្ចបានដកហូតអាវុធ ២ដើម ពីក្រុមជនសង្ស័យ។
សូមរំឭកថា កាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី១១ ធ្នូ ២០១៥ បុរសម្នាក់អាយុប្រហែល២៤ឆ្នាំម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ប្លន់យកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ មួយគ្រឿងយកទៅបាត់ដោយសុវត្ថិភាព នៅចំណុចមុខហាងកែសម្ផស្ស ពៅ ប៊ីយូធី សាឡន តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ឌិន តារ៉ារិទ្ធ មានឈ្មោះក្នុងហ្វេសប៊ុក Bong Beng អាយុ២៤ឆ្នាំ ជាកម្មករលើកក្រណាត់ស្នាក់នៅជិតកន្លែងកើតហេតុ ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅបាត់នោះម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CR-0063 ។
សាក្សីបញ្ជាក់ថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯងបម្រុងចូលទៅកន្លែងស្នាក់នៅវិញ (ពៅ ប៊ីយូធី សាឡន) ស្រាប់តែមានជនសង្ស័យ១ក្រុមជិះម៉ូតូ២គ្រឿង ក្នុងនោះមានម៉ូតូធំ១គ្រឿងបានមកដល់ ហើយក៏ភ្ជង់ជនរងគ្រោះប្លន់យកម៉ូតូ តែដោយជនរងគ្រោះមិនព្រមឲ្យ ក៏មានការប្រតាយប្រតប់គ្នា ។ ភ្លាមៗនោះខ្មាន់កាំភ្លើងបានបាញ់១គ្រាប់ចំកណ្ដាលក្បាលបណ្ដាលឲ្យជនរងគ្រោះដួលស្លាប់ភ្លាមៗតែម្តង ។
បន្ទាប់ពីមានករណីប្លន់ខាងលើនេះកើតឡើង កម្លាំងសមត្ថកិច្ចបានតាមប្រមាញ់ក្រុមជនដៃដល់តាំងពីនៅរាជធានីភ្នំពេញ រហូតដល់ភ្នំប្រសិទ្ធខណ្ឌព្រែកព្នៅ ទើបបំបែកក្រុមចោរប្លន់ប្រដាប់អាវុធទាំងនេះបាន ក្នុងនោះខ្មាន់កាំភ្លើង២នាក់ ត្រូវបាញ់ស្លាប់ខណៈពួកគេបាញ់តដៃជាមួយសមត្ថកិច្ច និង៤នាក់ទៀត(ស្រី២ ប្រុស២)ត្រូវចាប់ខ្លួន។
គួរជម្រាបថា ឈានចូលខែ ធ្នូ ឆ្នាំ២០១៥ នេះ អំពើប្លន់បាញ់សម្លាប់យកម៉ូតូបានកើតឡើងជាបន្តបន្ទាប់លើចំណុចព្រំប្រទល់នៃទឹកដឺខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ ។ខ្មាន់កាំភ្លើងបានចេញធ្វើសកម្មភាពជាក្រុម ដោយប្រើមធ្យោបាយម៉ូតូ២ទៅ៣គ្រឿង ក្នុងនោះមានម៉ូតូធុនធំផងដែរ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិ ភាពផ្ទាល់ខ្លួន ខណដែលបុណ្យចូលឆ្នាំសកល២០១៦ជិតចូលមកដល់៕ដោយ៖រដ្ឋា
រូបថតខាងលើជាក្រុមជនល្មើស រូបខាងក្រោមសាកសពជនរងគ្រោះ
ជាម្ចាស់ម៉ូតូ ដែលក្រុមចោរប្លន់ខាងលើបាញ់ចំក្បាលស្លាប់កាលពីវេលា
ទៀបភ្លឺថ្ងៃទី១១ ខែធ្នូ នៅក្នុងទឹកដីសង្កាត់បឹងកក់២ ខណ្ឌទួលគោក