ពោធិ៍សាត់ ៖ ម្ចាស់ផ្ទះវេរលុយ(វីង)ម្នាក់ត្រូវចោរបាញ់ស្លាប់រួចដោះយកគ្រឿងអលង្ការដែលមានពាក់ជាប់នឹងខ្លួន ខណៈជនរងគ្រោះត្រឡប់មកពីស៊ីការដល់មុខផ្ទះ។
អធិការនគរបាលស្រុកភ្នំក្រវាញ លោក វង្ស សាវ៉េត បានប្រាប់អ្នកកាសែតថា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១២ ខែធ្នូនេះ ក្រុមចោរ១ក្រុមបានចូលបាញ់ប្លន់ផ្ទះវេរលុយ(វីង) នៅស្រុកភ្នំក្រវាញ ក្នុងនោះក្រុមចោរបានបាញ់សម្លាប់ម្ចាស់ផ្ទះ រួចរត់គេចខ្លួន ហើយកម្លាំងសមត្ថកិច្ចកំពុងតាមប្រមាញ់ក្រុមចោរទាំងនោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់ទៅកន្លែងកើតហេតុខាងលើ ហើយក៏បានឲ្យកម្លាំងខាងស្រុកវាលវែង ស្រុកបាកាន ស្រុកក្រគរ និងកម្លាំងក្រុងពោធិ៍សាត់ ដើម្បីពួនស្ទាក់គ្រប់ច្រកផ្លូវទាំងអស់ដើម្បីចាប់ខ្លួនក្រុមចោរទាំងនោះ។
អ្នករាយការណ៍ព័ត៌មានបានឲ្យដឹងថា ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះ បានកើតឡើងខណៈម្ចាស់ផ្ទះត្រឡប់ពីស៊ីការដោយមានពាក់គ្រឿងអលង្ការច្រើន ហើយត្រូវក្រុមចោរស្ទាក់ចាំនៅនឹងមុខផ្ទះបាញ់ប្លន់យកតែម្ដង៕ដោយ៖គ.បញ្ញា