ភ្នំពេញ៖នៅក្នុងសន្និសីទកាសែតនៅរសៀល ថ្ងៃទី០៣តុលានេះ នៅវិមានរដ្ឋសភាលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរ ទេសឃោសនាការ និងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋសភាបានបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលដែលចោទប្រកាន់ថា លោក ហេង សំរិន ប្រធានរដ្ឋសភា ហាមឃាត់មិនឲ្យសង្គមស៊ីវិល ចូលសភា។
លោកបានលើកឡើងថា ការលើកឡើងថាលោក ហេង សំរិន បិទសិទ្ធិអង្គការសង្គមស៊ីវិលមិនឲ្យចេញចូលសភាគឺលោកសូមទាត់ចោលទាំងស្រុង និងមិនអាចទទួលយកបានទេ។ សង្គមស៊ីវិលមួយចំនួនដែលលើកឡើងគឺអត់ដឹងអីទេ…សារាចរនោះមិនខុសពីរដ្ឋធម្មនុញ្ញនោះទេ។
លោក ឈាង វុន បន្តថា “ខ្ញុំសូមអង្គការសង្គមស៊ីវិល មេត្តាកុំធ្វឲ្យអ្នកនយោបាយប្រឈមមុខដាក់គ្នា បើក្តិចឲ្យខាំគ្នា គឺធ្វើឲ្យប្រជាពលរដ្ឋវេទនា”។លោកបញ្ជាក់ថា សារាចររបស់លោកប្រធានរដ្ឋសភា គឺអត់មានខុសនឹងរដ្ឋធម្មនុញ្ញទេ ហើយរាល់ការងាររបស់លោកប្រធានរដ្ឋសភាដាក់នៅក្នុងសារាចរក៏អត់មានខុសអ្វីទេ ហើយរដ្ឋសភាមិនដែលផ្តាច់ទំនាក់ទំនងជាមួយសង្គមស៊ីវិល ចំណែកមតិរបស់អង្គការសង្គមស៊ីវិល ក៏យើងត្រូវតែយកមកពិចារណានូវមតិល្អដែរ។ លោកបានអះអាងថា មិនមែនរដ្ឋសភាហាមឃាត់ប្រជាពលរដ្ឋ សង្គមស៊ីវិល មិនឲ្យចូលសភាទេ ប៉ុន្តែចូលត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ហើយលោកប្រកាសដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដោយលោកបានលើកឡើងថា បើចេញចូលគ្មានច្បាប់ទម្លាប់ក្លាយទៅជាប្រទេសអនាធិបតេយ្យ រដ្ឋសភាជាស្ថាប័នអនាធិបតេយ្យ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាំពាក្យរដ្ឋសភាខាងលើនេះ បានធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិល ចំនួន ១៣ ស្ថាប័ន បានថ្លែងការណ៍រួមគ្នា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤។សង្គមស៊ីវិលទាំងនោះ បានចាត់ទុកថា សារាចរណែនាំរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលបានកំណត់រាល់កិច្ចការនានា នៅក្នុងរដ្ឋសភា រាប់ទាំងអ្នកចេញចូលរដ្ឋសភា ត្រូវមានការយល់ព្រមពីប្រធានរដ្ឋសភាផងដែរនោះ ជាការរារាំងសកម្មភាពរបស់គណៈកម្មការជំនាញរដ្ឋសភា ហើយរំលោភលើរដ្ឋធម្មនុញ្ញ និងច្បាប់នានា។ ដូច្នេះសង្គមស៊ីវិល ស្នើឲ្យលោក ហេង សំរិន លុបចោលនូវសារាចររបស់ខ្លួន ដែលបាន ចេញកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដោយសំអាងថា មិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕