រថភ្លើង​ដឹក​អ្នកដំណើរភ្នំពេញ​​ព្រះសីហនុ ចំណុះ​១៥០​នាក់ ចាប់ដំណើរការ​ក្នុង​ខែ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 January, 2016 ក+ ក-

ភ្នំពេញ​៖ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP បាន​ដកស្រង់​សំដី​មន្ត្រី​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ( Royal Railway ) ថា រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រះសីហនុ នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅក្នុង​ខែមករា នេះ​។

​លោក RUSSEL TIZON មន្ត្រី​ផ្នែក​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ ( Royal Railway ) បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៦ ថា ការសាកល្បង​លើកដំបូង​នៃ​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ បានធ្វើ​ឡើង​ពី​ភ្នំពេញ ទៅកាន់​អូរ​ដឹ​ម ក្នុង​ចម្ងាយ ១២ គីឡូម៉ែត្រ ។​លោក​បន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ បានធ្វើការ​សាកល្បង​ដឹក​ភ្ញៀវទេសចរ​តាម​រថភ្លើង ចំនួន ៣​ទូ អាច​ផ្ទុក​មនុស្ស​ចំនួន ១៥០​នាក់ ហើយ​ទូរថភ្លើង​ទាំង ៣​ទូ​នោះ មាន​ទូរថភ្លើង សម្រាប់​ប្រភេទ VIP និង ២​ទូ​ទៀត សម្រាប់​ភ្ញៀវទេសចរ​ធម្មតា​។ ដំណើរការ​សាកល្បង​នោះ គឺធ្វើឡើង​ពី​ភ្នំពេញ ទៅ​អូរ​ដឹ​ម​។​

​លោក​បញ្ជាក់ថា ការចេញដំណើរ​ពី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ និង​ពី​ខេត្ត​ព្រះសីហនុ មកកាន់​ភ្នំពេញ​ប្រើ រយៈពេល ៨​ម៉ោង ផ្លូវដែក​មាន​ចម្ងាយ ២៦០​គីឡូម៉ែត្រ ហើយ​បើក​ក្នុង​ល្បឿន ៣៥​គីឡូម៉ែត្រ​ក្នុង ១​ម៉ោង​។​ការបើក​ដំណើរការ​ឡើងវិញ​នេះ គឺ​ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ ដើម្បី​ភ្ញៀវទេសចរ មើលឃើញ​ទេសភាព​ធម្មជាតិ​ស្រស់ស្អាត​តាម​បណ្តា​ខេត្ត​នានា​ពី​ភ្នំពេញ ទៅដល់​ខេត្ត ជាប់មាត់​សមុទ្រ ព្រមទាំង​ការកាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​តាមផ្លូវ​ជាតិ​ទៀតផង​។​

​លោក​បាន​អះអាងថា ក្បាលរថភ្លើង និង​ទូរថភ្លើង​ផលិតឡើង​ក្នុង​ទសវត្សរ៍​៦០​នៅ​ប្រទេស​បារាំង បាន​យកមកប្រើ​ប្រាស់​សម័យ​ស​ង្គ​ម​រាស្ត្រនិយម ហើយ ទូរថភ្លើង​ទាំង​៣​សម្រាប់​ដឹក​ភ្ញៀវទេសចរ នេះ​ខាងក្នុង​តុបតែង​យ៉ាង​ស្អាត​និង​បំពាក់​ឧបករណ៍​ម៉ាស៊ីនត្រជាក់ និង​មាន​អាហារ​ដ្ឋា​ន​សម្រាប់​បម្រើភ្ញៀវ​នៅលើ​រថភ្លើង​ទៀតផង​។​

​លោក​បាន​លើកឡើងថា បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ទេសចរណ៍ កំពុង​មក​ទំនាក់ទំនង​ជាមួយ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់ រេល​វេ​ក្នុង​ការដឹក​ភ្ញៀវទេសចរ តាម​រថភ្លើង​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​។ ជាមួយគ្នានេះ ពេល​ដំណើរការ​បានល្អ​ហើយ ក្រុមហ៊ុន​គ្រោង​បើក​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​រថភ្លើង ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដោយ​កាត់​តាម​ខេត្តតាកែវ និង​ខេត្តកំពត​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន Toll Royal Railway ដែលជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន Toll អូស្ត្រាលី និង​ក្រុមហ៊ុន Royal Group របស់លោក​ឧកញ៉ា គិត​ម៉េង បាន​ទទួលបាន​កិច្ចសន្យា​សម្បទាន​ផ្លូវដែក ក្នុង​កុងត្រា​រយៈពេល ៣០​ឆ្នាំ ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​អាជីវកម្ម​ផ្លូវដែក​ជួសជុល និង​ថែទាំ​។ ក៏ប៉ុន្តែ​ក្រោយមក ក្រុមហ៊ុន​អូស្ត្រាលី Toll បាន​ដកខ្លួន ហើយ​ក្រុមហ៊ុន​វិនិយោគ​ផ្លូវដែក​កម្ពុជា​នោះ បាន​ប្តូរ​ឈ្មោះ​មកជា “Royal Railway” ដែលមាន​លោក​ឧកញ៉ា គិត​ម៉េង ជា​ប្រធាន​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា កា​ចំណាយ​សរុប​នៅក្នុង​គម្រោង​ស្ថាបនា​ផ្លូវដែក​កម្ពុជា​ពី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​ក្រុងព្រះសីហនុ​នេះ មាន​ចំនួន ១៤១,៦ លាន​ដុល្លារ ក្នុងនោះ មាន​៨៤ លាន​ដុល្លារ ជា​កម្ចី​ហិរញ្ញប្បទាន​របស់ ADB ២១,៥ លាន​ដុល្លារ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​អូ​ស្រា្ត​លី ១៣​លាន​ដុល្លារ ជា​ជំនួយ​របស់ OPEC សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ជំនួយឥតសំណង​រប​ស់​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រហែល ២,៨ លាន​ដុល្លារ និង​សម្បទាន​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ២០,៣ លាន​ដុល្លារ​៕​ដោ​យ៖រដ្ឋា​gvfcd