នាយករដ្ឋមន្ត្រី ហ៊ុន សែ​ន ៖ ម៉ូតូ​ ឡាន ដែល​ទិញ​ច្រើន​ដំណ ​មិនចាំបាច់​កាត់ ឈ្មោះ​ផ្ទេរកម្មសិទ្ធិ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 January, 2016 ក+ ក-

ភ្នំពេញ​៖បន្ថែម​លើ​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ នៅ​យប់​ថ្ងៃទី​៩ ខែមករា នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដោយ​បញ្ជាក់​ពី​កាស​ម្រេច​ជាថ្មី​របស់​រាជរដ្ឋាភិបាល​ថា ម៉ូតូ​ឡាន មិនចាំបាច់​កាត់ឈ្មោះ ផ្ទេរកម្មសិទ្ធិ​ទេ គឺ​រាជរដ្ឋាភិបាល​សម្រេច​ទ​ទួល​ស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវ​យានយន្ត​គ្រប់​ប្រភេទ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​៩ ខែមករា ឆ្នាំ​២០១៦​ម្សិល​ម៉ិ​ញ​នេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់បន្ថែម​លើ​ចម្ងល់​មួយចំនួន​របស់​ប្រជាពលរដ្ឋ​ថា «​ចំណុច​ដែល​សួរ​មកនេះ បានរួម​ចំណែក​ដោះស្រាយ​នូវ​បញ្ហា​មិន​ច្បាស់​រវាង​ខ្លឹមសារ​ខាងដើម និង​ខ្លឹមសារ​ចុងក្រោយ​(​សេចក្តីជូនដំណឹង​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​)»​។ លោក​ថា​«​គោលបំណង​មិនមែន​ផ្ទេរ​ពី​ម្ចាស់​មុន​មក​ម្ចាស់​ក្រោយ​ទេ ព្រោះ​បានទទួល​ស្គាល់​ការកាន់កាប់​ជាក់ស្តែង ដោយ​មិនចាំបាច់​មានការ​បញ្ជាក់​ពី​ម្ចាស់​មុន​រួចទៅហើយ​។ សំខាន់ គឺ​ចង់ឱ្យ​បងប្អូន ដែល​មិនទាន់បាន​បង់ពន្ធ មិនទាន់​បានធ្វើ​ផ្លាកលេខ ចូលទៅ​បង់ពន្ធ និង​ធ្វើ​ផ្លាកលេខ ដើម្បី​មាន​ភាពស្របច្បាប់​ប៉ុណ្ណោះ​»​។​លោក​បានប្រកាសថា «​សម្រាប់​យានយន្ត​ដែល​បាន​បង់ពន្ធ និង​មាន​ស្លាក​លេខ​គ្រប់គ្រាន់​ហើយ មិនមាន​ការចាំបាច់​ត្រូវ​ផ្ទេរ​ឈ្មោះ ឬ​ធ្វើ​លេខ​ថ្មី​ទេ​»​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ភ្ជាប់​ផងដែរ​នូវ​សំណួរ​របស់​ប្រជាពលរដ្ឋ​តាម​ហ្វេ​ស​ប៊ុ​កថា “​ស៊ា​ម ស៊ី​ដូ​រ៉ា​: សម្តេច​ជាទីគោរព​! សូម​សម្តេច​មេត្តា​ពិនិត្យ អត្ថន័យ​បី​បន្ទាត់​ចុងក្រោយ នៃ​លិខិត​ជូនដំណឹង​ខាងលើ​នោះ ហាក់បីដូចជា​ផ្ទុយ​ពី​ការលើកឡើង​នៅ​ខាងដើម ដោយ​មិនបាន​បញ្ជាក់​អោយមាន​ភាពច្បាស់លាស់​។ ក្នុងន័យ​ដំបូង គឺ​តំរូវអោយ​ម្ចាស់​យានយន្ត​បច្ចុប្បន្ន ដែល​មិនទាន់​បង់ពន្ធ ឬ​ធ្វើ​ផ្លាកលេខ សូម​យកទៅ​ធ្វើ​ដោយ​មិនចាំបាច់ មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​។ ចុះបើ​យានយន្ត​នោះ ទិញ​ពី​គេ​មក​មាន​បង់ពន្ធ និង​ផ្លាកលេខ​គ្រប់គ្រាន់​ហើយ ឬក៏​ក្នុង​គ្រួសារ​មួយ មានការ​ចាំបាច់​យក​យានយន្ត ដែល​ចុះបញ្ជី​ដោយ​ឈ្មោះ​( ក ) តែ​ពេល​ប្រើបាស់​ជួនកាល មានឈ្មោះ​( ខ​, គ​, ឃ​….) វា​នឹង​ទៅជា​យ៉ាងណាដែរ សម្តេច​?”​។​

​កាលពី​រសៀល​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជា​ប្រធាន បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ចំណុច​សំខាន់​នៃ​សេចក្តីជូនដំណឹង​នោះ​គឺ «​រាជរដ្ឋាភិបាល សម្រេច​ទទួលស្គាល់​ការកាន់កាប់​ជាក់ស្តែង​នូវ​យានយន្ត​គ្រប់​ប្រភេទ ដែល​ប្រជាពលរដ្ឋ​កំពុងមាន ដោយ​មិន​តម្រូវ​ឲ្យ​មានការ​បញ្ជាក់​ពី​ម្ចាស់​ដើមឡើយ​»​។​

​សេចក្តីជូនដំណឹង​ដដែល​នោះ ក៏បាន​គូសបញ្ជាក់ថា “​ដើម្បី​ឲ្យ​ការកាន់កាប់ និង​ការធ្វើ​ចរាចរណ៍ មាន​ភាពស្របច្បាប់ ម្ចាស់​យានយន្ត ត្រូវ​ទៅ​បង់ពន្ធ និង​ធ្វើ​ផ្លាកលេខ ក្នុងករណី មិនទាន់​បង់ពន្ធ និង​មិនទាន់​ធ្វើ​ផ្លាកលេខ​”​។​

​ការសម្រេច​ជាថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទិន​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុងដំណាក់កាល​ចុងក្រោយ​នេះ ត្រូវគេ​មើលឃើញថា រាជរដ្ឋាភិបាល​បាន​ងាក​មក​គិតគូរ​ភាពចាំបាច់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដោយ​បង្ក​ឲ្យ​មាន​ភាពងាយស្រួល​ថែមទៀត​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ម៉ូតូ និង​ឡាន​៕ ដោ​យ៖គឹម បញ្ញាgtfrd