ដោយ៖ប៉ែន សុផល
ខេត្តបាត់ដំបង៖ចាប់ពីដើមខែមេសា ឆ្នាំ២០១៦ ខាងមុខនេះតទៅ សាកលវិទ្យាល័យបាត់ដំបងដែលទទួលការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JAKA នឹងចាប់ផ្ដើមអនុវត្តន៍គម្រោងផលិតពូជដំឡូងមីដែលមិនរងការបំផ្លាញដោយសត្វល្អិត។
បណ្ឌិត ស្រ៊ាន ពៅ ព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារប្រចាំខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែមករានេះ បានអោយដឹងថា ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្ដរជាតិជប៉ុនបានជ្រើសរើសយកសាកលវិទ្យាល័យបាត់ដំបងជាដៃគូក្នុងការរអនុវត្តគម្រោង ដោយត្រូវចាប់ផ្តើមនៅដើមខែមេសា ឆ្នាំ២០១៦ នៅមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៥ដល់ឆ្នាំ២០២០ និងបន្ដរវាយតម្លៃអំពីប្រសិទ្ធការងារដល់ឆ្នាំ២០២៣ គម្រោងដដែលនេះអនុវត្តន៍ទៅលើប្រទេសចំនួន៣គឺប្រទេសកម្ពុជា ថៃ និងវៀតណាមដោយប្រទេសជប៉ុនជាអ្នកទ្រទ្រង់ផ្ដល់នូវបច្ចេកទេសបែបទំនើប។
លោកបណ្ឌិតបានបន្ដថា គោលដៅរបស់គម្រោងនេះផ្ដល់ដល់កសិករទូទាំងប្រទេសដោយឥតគិតថ្លៃនូវពូជដំឡូងមីដែលគ្មានសត្វចង្រៃបំផ្លាញ និងផ្ដល់បច្ចេកទេសក្នុងការដាំដុះព្រមទាំងចូលរួមលើកស្ទួយកាត់បន្ថយភាពក្រីក្រដល់កសិករលើតំបន់ខ្ពង់រាបបន្ទាប់ពីJAKAបានជួយគាំទ្រលើដំណាំស្រូវនៅតំបន់វាលទំនាបរយៈពេលមិនតិចជាង១០ឆ្នាំកន្លងមក។ ប៉ុន្ដែក្រោយពីបញ្ចប់គម្រោងកាផ្គត់ផ្គង់ពូជ និងបច្ចេកទេសដល់កសិករដោយគិតតម្លៃទាបបំផុតជាងតម្លៃទីផ្សារ។
យោងតាមការរំពឹងទុកគម្រោងសាកល្បងនេះ នឹងទទួលបានជោគជ័យយ៉ាងខ្លាំងព្រោះដៃគូល្អៗមានបទពិសោធន៍ច្បាស់លាស់ជាអ្នកបណ្ដុះបណ្ដាលបច្ចេកវិទ្យាទំនើប និងទទួលបានប្រសិទ្ធការងារល្អកន្លងមក។
ព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារប្រចាំខេត្តបាត់ដំបងបានបញ្ជាក់ដែរថា គម្រោងខាងលើនេះបានបែងចែកជា៤ក្រុម ទី១ក្រុមសិក្សាលើសត្វល្អិតបំផ្លាញដំណាំដំឡូងមី ទី២ ជំងឺលើដំណាំដំឡូងមី ទី៣ ការផលិតពូជដំឡូងគ្មានជំងឺ និងទី៤ ការចែកចាយពូជដំឡូងគ្មានជំងឺរួមទាំងបច្ចេកទេសដាំដុះដែលមានប្រសិទ្ធភាពខ្ពស់ផងដែរ។
គួរបញ្ជាក់ថា ការអនុវត្តគម្រោងសហប្រតិបត្តិការស្ដីពីការអភិវឌ្ឍ និងផ្សព្វផ្សាយនូវប្រព័ន្ធផលិតប្រកបដោយនិរន្ដរភាពក្នុងការគ្រប់គ្រងការរាតត្បាតរបស់សត្វល្អិតលើដំណាំដំឡូងមីក្នុងទំហំទឹកប្រាក់ ៥លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០៕