ដោយ៖សហការី
ឧត្តរមានជ័យ៖លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យកំពុងល្បីល្បាញរឿងអំពើពុករលួយ និងប្រើប្រាស់អំណាចគំរាមបង្ខំឲ្យក្រុមអាជីវករ ឬក្រុមហ៊ុនក្នុងស្រុកមួយចំនួនបង់លុយរាប់សិបលានរៀលឲ្យខ្លួនក្រោមលេសច្បាប់អាជីវកម្មផ្សេងៗ ឬការសុំបិទក្រុមហ៊ុនជាដើម។អនុប្រធានរដ្ឋបាលសាខាពន្ធដារខេត្តបានបញ្ជាក់ថា រឿងនេះលោក ប្រធានធ្វើដោយខ្លួនឯង។
អតីតបុគ្គលិកក្រុមហ៊ុនម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ មេគង្គប៉ុស្តី៍ ថា ប្រធានសាខាពន្ធដារខេត្តលោក ជំ សំនិត បានគំរាមអោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ ស្មិត វង្សសម្បត្តិ ខនស្ត្រាក់សិន ដែលក្រុមហ៊ុននេះបានក្ស័យធនតាំងពីឆ្នាំ២០១០មកនោះ អោយបង់លុយថ្លៃប៉ាតង់ និងធ្វើការពិន័យធ្ងន់ធ្ងរបន្ថែមទៀតផង។
បើយោងតាមសម្ដីម្ចាស់ក្រុមហ៊ុនខាងលើបានអោយដឹងថា កាលពីថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០១៥ លោកប្រធានពន្ធដារ ជុំ សំនិត បានបង្ខំអោយក្រុមហ៊ុនរបស់ខ្លួនបង់លុយចំនួន១២.០៨៤.០០០រៀល (ដប់ពីរលាន ប៉ែតសិបបួនពាន់រៀល) ក្នុងចន្លោះពេលដែលក្រុមហ៊ុនបានបិទទ្វារបញ្ឈប់អាជីវកម្មរយៈពេល៥ឆ្នាំកន្លងមកហើយនេះ។
ម្ចាស់ក្រុមហ៊ុនដដែលបានបន្តទៀតថា លោកជុំ សំនិត បានបង្ខំអោយបង់លុយថែមចំនួន ១.០០០.០០០រៀលទៀត ថាជាថ្លៃក្រដាសដើម្បីបិតក្រុមហ៊ុនរបស់គាត់ក្នុងការបញ្ឈប់ការបង់ពន្ធ។ម្ចាស់ក្រុមហ៊ុនបានបន្ថែមទៀតថាលោកជុំ សំនិត បានសន្យាជាមួយម្ចាស់ក្រុមហ៊ុនថាក្រោយពេលបង់លុយរួចក្នុងរយៈពេលពីរសប្ដាហ៍ម្ចាស់ក្រុមហ៊ុនអាចមកទទួលលិខិតឈប់បង់ពន្ធបានហើយ។
ជុំវិញករណីខាងលើនេះម្ចាស់ក្រុមហ៊ុន ស្មិតវង្សសម្បត្តិ បានអះអាងថា ក្រោយពេលបង់លុយបានពីរសប្ដាហ៍លោក ជុំ សំនិត មិនបានកោះហៅខាងក្រុមហ៊ុនចូលខ្លួនទៅយកឯកសារបិទក្រុមហ៊ុនទេ តែបែរជាបង្ខំអោយបង់លុយ ៨.០០០.០០០រៀលថែមទៀត ដើម្បីជូនថ្នាក់លើរបស់លោកក្នុងការបិទក្រុមហ៊ុន។
លោក ជុំ សំនិត សន្យាថា នឹងបិទក្រុមហ៊ុនខាងលើក្នុងរយៈពេលពីរសប្ដាហ៍ក្រោយពេលធ្វើការពិន័យប្រាក់ពីក្រុមហ៊ុនតែមកដល់ពេលនេះជិត៦ខែហើយនៅមិនទាន់មានដំណឹងទៀត នេះសបញ្ជាក់ថាគឺជាចេតនាក្នុងការប្រព្រឹត្តអំពើពុករលួយពិតប្រាកដ ព្រោះរហូតមកដល់ពេលនេះលោក ជុំ សំនិត មិនបានអនុវវត្តតាមគោលការណ៍ច្បាប់ដល់ក្រុមហ៊ុននោះទេ។
លោក ជុំ សំនិត ប្រធានសាខាពន្ធដារខេត្តឧត្ដរមានជ័យដែលត្រូវម្ចាស់ក្រុមហ៊ុនលាតត្រដាងពាក់ព័ន្ធរឿងពុករលួយ មេគង្គប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីលោកបានទេដោយលោកប្រាប់ថាជាប់ប្រជុំ។
ចំណែកកញ្ញា ថុន កល្យាណ អនុប្រធានរដ្ឋបាលសាខាពន្ធដារខេត្តឧត្ដរមានជ័យបានអោយដឹងថា តាមច្បាប់ក្រុមហ៊ុនដែលបង្កើតហើយបើក្ស័យធន និងមិនបានបង់ពន្ធទេនោះ ខាងសាខាពន្ធដារត្រូវចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៣ដង បើម្ចាស់ក្រុមហ៊ុនមិនចូលខ្លួនត្រូវចេញលិខិតក្រើនរំលឹក តែបើនៅតែមិនចូលសាខាពន្ធនឹងធ្វើការពិន័យ។
កញ្ញា ថុន កល្យាណ បន្តថា ចំណែកក្រុមហ៊ុនស្នើសុំបិទដើម្បីបញ្ឈប់ការបង់ពន្ធក្រោយពេលបង់លុយប៉ាតង់ពិន័យផ្សេងៗមានកាលបរិច្ឆេទតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ។ចំពោះរឿងលោកប្រធានសាខាបង្ខំទារលុយពីម្ចាស់ក្រុមហ៊ុន១.០០០.០០០រៀល ថ្លៃឯកសារបិទក្រុមហ៊ុនឈប់បង់ពន្ធនោះ គឺមិនមានចែងក្នុងច្បាប់ទេ គឺលោកប្រធានទទួលខុសត្រូវក្នុងរឿងនេះដោយខ្លួនឯង៕