ប្រជាកសិករខេត្ត​ប៉ៃលិន​បារម្ភ​ពី​តម្លៃ​ដំឡូង​មី​ចុះថោក​ដោយសារគ្មានទីផ្សារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

 

​ខេត្ត​ប៉ៃ​លិ​ន៖ផល​ដំឡូង​មី​រាប់ម៉ឺន​តោន​របស់​ប្រជាកសិករ​នៅ​ខេត្ត​ប៉ៃលិន គ្មាន​ទីផ្សារ​សម្រាប់​លក់ ដោយសារ​តម្លៃ​ធ្លាក់​ថ្លៃ​ទាប​ពេក ធ្វើ​ឲ្យ​កសិករ​លក់​មិនបាន​ប្រាក់ចំណេញ​។ ប្រជាកសិករ​មួយចំនួន កំពុង​ព្រួយបារម្ភ​ខ្លាច​រកប្រាក់​សងបំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ មិនបាន ហើយ​អាច​នឹង​ត្រូវគេ​រឹបអូស​យក​ដី ផ្ទះសម្បែង និង​ពុំមាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​។​

វិទ្យុ​អាស៊ីសេរី​បាន​ដកស្រង់​សំដី​ប្រជាកសិករ​ខេត្ត​ប៉ៃលិន​ដែល​លើកឡើង​ស្រដៀង​គ្នា​ថា ដំណាំ​ដំឡូង​មី​ឆ្នាំនេះ​លក់​មិនបាន​ផលចំណេញ​ដូច​កាលពី​ឆ្នាំ​កន្លងទៅ ឡើយ គឺ​តម្លៃ​ដំឡូង​ធ្លាក់​ថ្លៃ​តាំងពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​២០១៥ រហូតមក ដោយ​ពុំ​ដឹង​បណ្ដាលមកពី​អ្វី​នោះទេ​។​

ប្រជាកសិករ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈ្មោះ ង៉ែត សារ៉ាត់ រៀបរាប់​ឲ្យ​ដឹងថា លោក​ដាំដំឡូង​មី​លើ​ផ្ទៃដី​ចំនួន ៨​ហិកតារ ត្រូវ​ចំណាយ​ដើមទុន​ទៅលើ​ការ​ភ្ជួរ​ដី ថ្លៃ​ជី និង​ការដឹកជញ្ជូន ជាដើម អស់​ប្រហែល ៦០០​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ហិកតារ​។ លោក​បន្តថា ប្រសិនបើ​ដំឡូង​ឲ្យ​ផល​ល្អ នឹង​ទទួល​ទិន្នផល​ប្រមាណ​ពី ២៥​តោន​ទៅ ៣០​តោន​ក្នុង​មួយ​ហិកតា​រដែរ​។​

វិទ្យុ​ដដែល​បន្តថា តម្លៃ​ដំឡូង​មី គឺជា​បញ្ហាសំខាន់​របស់​ប្រជាកសិករ​ទៅហើយ ប្រសិនបើ​ហាងឆេង​ដំឡូង​ធ្លា​ក់ទាប គឺ​លក់​មិនបាន​ប្រាក់ចំណេញ​នោះទេ​។ លោក ង៉ែត សារ៉ាត់ អះអាងថា ដំឡូង​មី​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​ទាប​ជាង​ឆ្នាំ​កន្លងទៅ ដោយ​តម្លៃ​ដំឡូង​ស្រស់​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​ប្រជាកសិករ​ប្រមាណ ១​បាត​កន្លះ ឬ​ប្រហែល ១៧០​រៀល​ក្នុង​មួយ​គីឡូក្រាម​៖ «​ទាំង​គេ​ទាំង​ខ្ញុំ រស់នៅ​ពឹងផ្អែក​តែ​លើ​ដំណាំ​ដំឡូង​មី សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ដល់​តម្លៃ​ដំឡូង​ធ្លាក់​ទាប​អ៊ីចឹងទៅ មិនដឹងថា​ធ្វើ​យ៉ាងម៉េច​ទេ​»​។​
​ពុំមែន​មានតែ​ប្រជាកសិករ​ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ​នោះ គឺ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ភាគច្រើន​តែង​ជួប​បញ្ហា​នេះ​ដូចគ្នា តែ​ពួកគាត់​គ្មាន​ជម្រើស​អ្វីដែល​លក់បាន​តម្លៃ​ប្រសើរ​ជាង​នេះ ហើយ​ត្រូវ​បង្ខំចិត្ត​លក់​ដំឡូង​មី​ក្នុង​តម្លៃថោក ដើម្បី​យកប្រាក់​ទៅ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​បាន​ខ្ចី​ធ្វើ​ដើមទុន​កាលពី​ដើមរដូវ​ដាំ​ដុះ​នោះ​។​

ប្រជាកសិករ​នៅ​ស្រុក​សាលា​ក្រៅ ម្នាក់ទៀត​ឈ្មោះ ណៃ ទ្រា​វ ថ្លែងថា លោក​ដាំដំឡូង​មី​លើ​ផ្ទៃដី​ចំនួន ១៥​ហិកតារ ការប្រមូល​ផល​ឆ្នាំនេះ​បាន​ទិន្នផល​តិចជាង​ឆ្នាំមុនៗ ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​នោះទេ​។ លោក​អះអាងថា ហាងឆេង​ដំឡូង​មី​សព្វថ្ងៃ​ទាប​ពេក ធ្វើ​ឲ្យ​កសិករ​លក់​ចេញ​មិន​ទទួលបាន​ប្រាក់ចំណេញ​ឡើយ​។ លោក​បន្ថែមថា បើ​លក់​ដំឡូង​មិនបាន​ប្រាក់ចំណេញ​ទេ ប្រជាកសិករ​មួយចំនួនធំ​ដែល​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នឹង​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ប្រចាំថ្ងៃ ព្រោះ​គ្មាន​របរ​ណា​ផ្សេង​ក្រៅពី​របរ​កសិកម្ម​ឡើយ​។ លោក​បញ្ជាក់ថា ប្រសិនបើ​តម្លៃ​ដំឡូង​មី​ចាប់ពី ២០០​រៀល​ឡើងទៅ តម្លៃ​នេះ​ពេល​ទូទាត់​រួច ទទួលបាន​ប្រាក់ចំណេញ​ខ្លះ និង​ពុំ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាកសិករ​នោះទេ​៖ «​បើទោះជា​ដំឡូង​ចុះថោក ខ្ញុំ​ក៏​ចេះតែ​ទ្រាំ​តស៊ូ​ទាំង​ត្រដរខ្យល់​ទៅ ព្រោះ​អី​ខ្ញុំ​គ្មាន​ការងារ​អ្វី​ផ្សេង​ពីនេះ​»​។​

​ទិន្នផល​ដំឡូង​មី​របស់​ប្រជាកសិករ​នៅ​ខេត្ត​ប៉ៃលិន ភាគច្រើន​ពួកគាត់​ដឹក​យកទៅលក់​ឲ្យ​ឈ្មួញ​ដល់ទី​កន្លែង និង​ចំណាយ​ថ្លៃ​ដឹក​ជ​ញ្ជួ​ន​ដោយ​ខ្លួនឯង​។ អ្នកស្រុក​ឲ្យ​ដឹងថា ឈ្នួល​ដឹក​ដំឡូង​គេ​គិត​ទៅតាម​ទីជិត​ទី​ឆ្ងាយ ប្រសិនបើ​ដឹក​រថយន្ត​ចំណុះ ១០​តោន ហើយ​មាន​ចម្ងាយ​ពី ២០​គីឡូម៉ែត្រ​ទៅ ៣០​គីឡូម៉ែត្រ គេ​គិត​តម្លៃ​ពី ២០​ម៉ឺន​រៀល​ទៅ ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង​។​

ប្រជាកសិករ​កំពុង​ព្រួយបារម្ភ​ខ្លាច​ម្ចាស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រឹបអូស​យក​ទ្រព្យសម្បត្តិ​នៅពេល​ខាងមុខ ពីព្រោះ​ពួកគាត់​ភាគច្រើន​លក់​ដំឡូង​មី​ក្នុង​តម្លៃថោក ហើយ​រកប្រាក់​មិន​គ្រប់​សម្រាប់​សង​គេ​បាន​នោះទេ​។​

​ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន លោក សាយ សុផាត មានប្រសាសន៍ថា ប្រជាកសិករ​ប្រមាណ ៨៥​ភាគរយ ប្រកប​របរ​ដាំដំឡូង​មី​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ លោក​ទទួលស្គាល់ថា តម្លៃ​ដំឡូង​មី​ឆ្នាំនេះ​ទាប​ជាង​ឆ្នាំ​កន្លងទៅ គឺ​កាលពី​ឆ្នាំ​២០១៥ តម្លៃ​ដំឡូង​ស្រស់​ប្រមាណ​ពី ២៥០​រៀល​ទៅ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ យ៉ាងណា​លោក​បញ្ជាក់ថា តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ​នេះ គឺ​ទៅតាម​ហាងឆេង​ដំឡូង​ទីផ្សារ​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ដែរ គឺ​ពុំមែន​ដោយសារ​ឈ្មួញ​ទម្លាក់​ថ្លៃ​ប្រជាកសិករ​នោះទេ​៖ «​វា​ជា យន្តការ​ពិភពលោក​ទៅហើយ ព្រោះ​អីយើ​ង​ពឹង​ផ្អែកលើ​ទីផ្សារ​នៅ​ប្រទេស​ចិន និង​ថៃ​។ បើ​ប្រទេស​គេ​ធ្លាក់​ថ្លៃ យើង​ក៏​ធ្លាក់​ថ្លៃ​ដែរ មិនបាច់​ឆ្ងល់​អី​ច្រើន​ទេ​»​។​

អ្នកជំនាញ​សេដ្ឋកិច្ច លោក ស្រី ច​ន្ធី ពន្យល់ថា តម្លៃ​ដំឡូង​មី​ធ្លាក់​ថ្លៃ ដោយសារ​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​របស់​ប្រជាកសិករ​លើ​ពិភពលោក​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ចំនួន​ផ្គត់ផ្គង់​ច្រើនជាង​តម្រូវការ ពីព្រោះ​ដំឡូង​នៅ​កម្ពុជា ពឹងផ្អែក​ទៅលើ​ទីផ្សារ​នៅក្រៅ​ប្រទេស​។ លោក​បន្ថែមថា បញ្ហា​ទាំងនេះ​អាចជួយ​ប្រជាកសិករ​បាន លុះ​ណា​រដ្ឋាភិបាល​បង្កើត​រោងចក្រ​កែច្នៃ​ពី​ផលិតផល​ដំឡូង​មី​ក្នុងស្រុក ឲ្យ​បាន​ច្រើន និង​បញ្ចុះតម្លៃ​អត្រា​ការប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដល់​ប្រជាកសិករ​ឲ្យ​បាន​ទាប​ជាង​ពេលបច្ចុប្បន្ន ដើម្បី​កាត់បន្ថយ​ការចំណាយ​ដើមទុន​របស់​ប្រជាពលរដ្ឋ​៖ «​ម្យ៉ាងទៀត ប្រជាកសិករ​ត្រូវមាន​កន្លែង​ថែទាំ មានន័យថា គាត់​កែច្នៃ​ពាក់កណ្ដាល មាន​ឃ្លាំង​ហាល​អី​ហើយ ចេះ​បច្ចេកទេស​ថែរក្សា​ទុកដាក់​វា​បាន​ឲ្យ​មាន​អាយុកាល ឆ្លើយតប​នឹង​តម្រូវការ​នៅពេល​រដូវ​ដាំ​ដុះ​»​។​

ដំឡូង​មី​ធ្លាក់​ថ្លៃ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាកសិករ​ជា​ប្រព័ន្ធ នៅ​ខណៈ​អតិផរណា​កើនឡើង ពោលគឺ​ទំនិញ​សព្វសារពើ​នៅលើ​ទីផ្សារ កាន់តែ​ឡើងថ្លៃ រដ្ឋាភិបាល​មិនទាន់មាន​យន្តការ​ណាមួយ​ជួយឧបត្ថម្ភ​ទុន ឬ​រដ្ឋ​ទិញ​ស្ដុក​ទុក​ពី​ប្រជាកសិករ ដើម្បី​ជួយ​ទប់ស្កាត់​ការទម្លាក់​តម្លៃ​ណាមួយ​ពី​ឈ្មួញកណ្ដាល​នោះ​។ ទិន្នផល​កសិកម្ម​រប​ស់​ប្រជាកសិករ​គ្មាន​តម្លៃ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក ហើយ​ប្រឈម​នឹង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ប្រជាពលរដ្ឋ​បានដាក់​បញ្ចាំ​នោះ ហើយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ រដ្ឋាភិបាល​នឹង​មិនអាច​កាត់បន្ថយ​បាន​នោះឡើយ​។​

របាយការណ៍​ចុងក្រោយ​របស់​ធនាគារពិភពលោក (World Bank) ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​កម្ពុជា រកចំណូលបាន​ចំនួន ៥​ពាន់​រៀល​ក្នុង​មួយថ្ងៃ​មាន​ប្រមាណ ៦​លាន​នាក់​។ ក្រៅពីនេះទៀត ប្រជាពលរដ្ឋ​ប្រមាណ ៧០% បាន​ជំពាក់​បំណុល​គេ​។ របាយការណ៍​ធនាគារ​ពិភពលោក​ដដែល​បង្ហាញ​ថា សេដ្ឋកិច្ចកម្ពុជា អាច​ប៉ះពាល់​ដោយសារ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់ចុះ អត្រា​ប្ដូរប្រាក់​ប្រែប្រួល ហើយ​វិស័យ​ទេសចរណ៍​មិនសូវមាន​សន្ទុះ​ខ្លាំង​។ ធនាគារពិភពលោក ឲ្យ​ដឹងថា ទិន្នផល​កសិកម្ម​ធ្លាក់ចុះ ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​មិនល្អ​។​

ចំណែក​របាយការណ៍រ​បស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បង្ហាញថា ផ្ទៃដី​ដាំដំឡូង​មី​របស់​ប្រជាកសិករ​ខេត្ត​ជាប់​ជាយដែន​ខ្មែរ​-​ថៃ មួយ​នេះ​មាន​ជាង ៤៧.០០០​ពាន់​ហិកតារ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​នាក់ ដែល​ក្នុងនោះ ពលរដ្ឋ​ចំនួន ៨៥​ភាគរយ ដាំដំឡូង​មី ក្រៅពីនោះ ដាំ​ដំណាំ​ហូប​ផ្លែ និង​ដំណាំ​រួមផ្សំ មាន​ជាអាទិ៍ តា​ង៉ែ​ន ស្វាយ និង​ពោត ជាដើម ជាង ៣.៦០០​ហិកតារ និង​ដំណាំ​ស្រូវ​ជាង ៥​ពាន់​ហិកតា​៕ប្រ​ភ​ព៖អែ អេ​ហ្វ​ស អា​

ftrfdaaa​កសិករ​លើក​ដំឡូង​មី​ដាក់​រថយន្ត​នៅ​ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦​