រតនគិរី៖ដីព្រៃបំរុងទុករបស់រដ្ឋប្រមាណ៥០០ហិកតា ស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ កំពុងរងនូវការកាប់បំផ្លាញ និងឈូសឆាយកាប់ទន្ទ្រានលក់ ទិញ យកធ្វើជាទ្រព្យសម្បត្តិឯកជន។ការរំលោភទន្ទ្រាននេះត្រូវគេប្រាប់ថា បង្កឡើងដោយក្រុមជនឱកាសនិយមប្រើគ្រឿងចក្រឈូសឆាយកាត់ប្លង់លក់បន្តឲ្យឯកជនដោយមានចំណារទទួលស្គាល់ពីមេភូមិមេឃុំទៀតផង។
មន្ត្រីមូលដ្ឋានមួយរូបបានរាយការណ៍ថា ដីព្រៃបំរុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាដែលត្រូវគេឃុបឃិតគ្នារំលោភយកនេះស្ថិតនៅក្នុងភូមិតាកុកព្នង ភូមិតាកុកច្រាយ ភូមិខ្វែង ឃុំយ៉ាទុង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ថ្មីៗនេះ បន្ទាប់ពីឈូសឆាយរួចពួកគេបានកាត់ជាប្លង់លក់តាមអំពើចិត្តដោយមានការសហការពីមេភូមិ មេឃុំទៀតផងក្រោមលេសថា ប្រជាពលរដ្ឋដែលរស់នៅទីនោះបានយល់ព្រម។
មន្ត្រីមូលដ្ឋានដដែលបានអំពាវនាវដល់ថ្នាក់ដឹកនាំខេត្តឲ្យចាត់វិធានការ ដើម្បីបញ្ចៀសពីបញ្ហាទំនាស់ដីធ្លី និងការបន្លំយកដីបំរុងរបស់រដ្ឋទៅលក់ដូរក្រៅច្បាប់ជាបន្ទាន់ផង បើមិនដូច្នេះទេភាពអនាធិបតេយ្យបែបនេះ នឹងបង្ហាញពីកម្សោយចំពោះសមត្ថភាពក្នុងការគ្រប់គ្រងផ្នែករដ្ឋបាលសាធារណរបស់ថ្នាក់ដឹកនាំខេត្តជាមិនខាន។
ក្រោយពីមានការភ្ញាក់ផ្អើលអំពីការឈួសឆាយដីព្រៃឈើបំរុងទុករបស់រដ្ឋធ្វើកម្មសិទ្ធិឯកជននោះនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ នាយផ្នែករដ្ឋបាលព្រៃឈើផ្នែកបរកែវ លោក ឡេង យុគ បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យដល់ទីតាំងខាងលើ។
លោក ឡេង យុគ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងខ្លីថា នឹងធ្វើការងារនេះ ហើយបច្ចុប្បន្នកំពុងតែត្រួតពិនិត្យឯកសារពាក់ព័ន្ធផ្សេងៗដើម្បីឲ្យបានដឹងច្បាស់ថា ជាភាពស្របច្បាប់ឬរំលោភច្បាប់។
នៅលើទីវាលដ៏ធំល្វឹងល្វើយក្រោយពីការឈូសឆាយ គេសង្កេតឃើញមានស្នាមកង់គ្រឿងចក្រឈូសដីព្រៃ ការប្រមូលឈើដែលកាប់ផ្តួលរំលំដុតបំផ្លាញចោល មុនពេលសមត្ថកិច្ចចុះទៅដល់ទីនោះ។
លោក រម៉ាម ខេត មេឃុំបរខាំ ស្រកអូរយ៉ាដាវ បានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី០២ ខែកុម្ភៈ នេះថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាទិញលក់ដីនោះ ដោយសារតែមេភូមិ និងប្រជាពលរដ្ឋមួយចំនួនបានគាំទ្រក្នុងរឿងនេះ។
ទាក់ទិនទៅនឹងដីបំរុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាត្រូវបានគេឃុបឃិតគ្នាកាប់ទន្ត្រាន និងឈូសឆាយលក់ ទិញ យ៉ាងគគ្រឹកគគ្រេងនេះដែរលោក ល័ក្ខ ដែលអះអាងថាជាម្ចាស់កម្មសិទ្ធិដីនោះបានបញ្ជាក់ថា ដីដែលលោកបានទិញនេះមានចំនួនតែ ៤៥ហិកតាប៉ុណ្ណោះ។ លោក ល័ក្ខ បន្តទៀតថាដីខាងលើនេះខាងអាជ្ញាធរបញ្ជាក់ថាមិនមានការពាក់ព័ន្ធនឹងដីរបស់រដ្ឋ ឬមានទំនាស់នោះទេ។
ជាការកត់សំគាល់ឃើញថាខេត្តរតនគិរីបច្ចុប្បន្នដំណាំកសិឧស្សាហកម្មមួយចំនួនកំពុងមានការរីកចំរើនប៉ុន្តែដំណាំភាគច្រើនដ៏លើសលុប ត្រូវគេឃើញថាបានដាំនៅលើដី ដែលគេកាប់ឆ្ការវាតចេញពីដីព្រៃរបស់រដ្ឋ ហើយបន្ទាប់មកគេធ្វើការលក់ ទិញ ដែលឯកសារមួយចំនួនត្រូវគេដឹងថា បានលួចបន្លំស្នាមមេដៃគាំទ្ររបស់ប្រជាពលរដ្ឋ ឫថា អ្នកភូមិបានលក់អោយជាដើម។ល។
មជ្ឈដ្ឋានជាច្រើនកំពុងរង់ចាំមើលថាតើដីបំរុងទុករបស់រដ្ឋប្រមាណ៥០០ហិកតាខាងលើនេះនឹងមានការអនុវត្តច្បាប់ដូចម្តេចចំពោះរឿងរ៉ាវទិញលក់ដីរដ្ឋដោយខុសច្បាប់បែបនេះ ហើយ តើជើងខ្លាំងណាខ្លះដែលញុះញង់ឲ្យមានការឈូសឆាយដីដែលជាសម្បត្តិសាធារណរបស់រដ្ឋនាំគ្នាលក់ដូរប្រមូលលុយច្រកហោប៉ៅធ្វើមានធ្វើបាន ខណះរាជរដ្ឋាភិបាលកំពុងជាប់ដៃរឿងបទល្មើសព្រៃឈើ និងបញ្ហាគ្រឿងញៀន៕