ដោយ៖រដ្ឋា
ភ្នំពេញ៖ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ បង្ហាញថា ផ្អែកតាមប្រវត្តិសាស្ត្រនិងការត្រួតពិនិត្យជាក់ស្ដែងគឺទាំងកម្ពុជា និងវៀតណាមបានបោះបង្គោលព្រំដែនចូលដីគ្នាទៅវិញទៅមក។ ប៉ុន្តែថ្មីៗនេះការរកឃើញរបស់ លោក សុខ ទូច នៅពេលចុះទៅខេត្តត្បូងឃ្មុំ វៀតណាមបានបោះបង្គោលព្រំដែនចូលដីខ្មែរចំនួន១៦ហិកតា ដែលគ្របដណ្ដប់ដោយការដាំកៅស៊ូ និង អំពៅ រួចជាស្រេចហើយ។
ក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះស្តីពីលទ្ធផលមួយចំនួននៃការចុះស្រាវ ជ្រាវតាមព្រំដែន លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវមានប្រសាសន៍ថាលោកបានចំណាយពេលជាង៧ខែដើម្បីចុះពិនិត្យ មើលបង្គោលព្រំដែនលើចម្ងាយផ្លូវប្រមាណ៥០០គីឡូម៉ែត្រ ក្នុងខេត្តចំនួន៤ គឺខេត្តត្បូងឃ្មុំ កណ្តាល ស្វាយរៀងនិងកំពត។ លោកបន្តថាវៀតណាមនិងកម្ពុជាបានបោះបង្គោលចូលដីគ្នាទៅវិញទៅមក តែលោកបដិសេធមិនអត្ថាធិប្បាយថាចូលខាងប្រទេសណាច្រើនជាង។
ពាក់ព័ន្ធរឿងនេះ លោក រស់ រ៉ាវុធ បណ្ឌិតវិទ្យាសាស្ត្រនយោបាយ ដែលឃ្លាំមើលបទបង្ហាញរបស់លោក សុខ ទូច ពេញមួយព្រឹកនៅថ្ងៃទី៤ កុម្ភៈ ហាក់មានភាពអល់អែកក្នុងការអត្ថាធិប្បាយចំពោះការរកឃើញរបស់ក្រុម ស្រាវជ្រាវនេះ។ បើទោះជាយ៉ាងណា លោក រស់ រ៉ាវុធ យល់ឃើញថា ថ្វីបើនៅពេលនេះ គេពិបាកសន្និដ្ឋានថា ការរកឃើញរបស់ក្រុមស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាខុស ឬត្រូវ វាក៏ជាមធ្យោបាយល្អដែរសម្រាប់មនុស្សជំនាន់ក្រោយ។ លោកបន្តថា «ការ ស្រាវជ្រាវនេះយើងសង្កេតឃើញថាមិនមែនគេហៅថាចេះចាត់ចែង និងបោះបង្គោល ឬយ៉ាងណាទេ គឺស្រាវជ្រាវគ្រាន់តែឲ្យឃើញ ដើម្បីសម្គាល់ថាបង្គោលនេះនៅខាងណា បង្គោលមានលក្ខណៈយ៉ាងម៉េច ហើយស្ថិតនៅទីតាំងណា»។
សូមបញ្ជាក់ថា ដីទំហំ១៦ហិកតាដែលវៀតណាមបំពានបោះបង្គោលព្រំដែនចូលនេះ កន្លងមកពលរដ្ឋខ្មែរបានចូលទៅដំណាំហើយត្រូវបានវៀតណាមបាញ់ថ្នាំ បំពុល។ ទង្វើនេះលោក សុខ ទូច ចាត់ទុកថា ជាល្បិចរបស់វៀតណាមដើម្បីដោះដូរបានដីក្រហមដែលជាដីមានជីវជាតិ សម្រាប់ដាំកៅស៊ូធ្វើជាកម្មសិទ្ធិ ហើយប្រគល់ដី១៦ហិកតាដែលជាដីគ្មានជីវជាតិប្រគល់មកឲ្យខ្មែរវិញ។
គួររំឭកថា លោក វ៉ា គឹមហុង ធ្លាប់ឲ្យដឹងថា កម្ពុជានិងវៀតណាមបានបង្កើតអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី២៤ខែមេសា ឆ្នាំ២០១១ ស្តីពីការកែសម្រួលខ្សែព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយចំនួន ដោយយល់ព្រមរក្សាការកាន់កាប់ គ្រប់គ្រងដីធ្លី ស្រែចម្ការរបស់ប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាយូរឆ្នាំមកហើយនោះ ទុកជូនគាត់ឲ្យនៅដដែល។
លោក សុខ ទូច ឲ្យដឹងថាក្រុមការងារស្រាវជ្រាវរបស់លោកធ្វើការងារដោយឯករាជ្យនិ ងពិតប្រាកដ មិនស្ថិតនៅក្រោមរដ្ឋាភិបាលនោះទេ។ លោកបន្តថាលោកនឹងចងក្រងការរកឃើញនេះ ដាក់ជូនរដ្ឋាភិបាល តែលោកថាការទទួលយកការស្រាវជ្រាវនេះឬយ៉ាងណា អាស្រ័យលើរដ្ឋាភិបាល។
តាមគម្រោងដំណើរការត្រួតពិនិត្យការបោះបង្គោលព្រំដែននឹងត្រូវ បញ្ចប់នៅចុងឆ្នាំ២០១៧។ ក្រោយពីបញ្ចប់កិច្ចការនេះ ក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជានឹងបោះពុម្ពផ្សាយសៀវភៅដើម្បីទុកជាឯកសារប្រវត្តិសាស្ត្រ៕
លោក សុខ ទូច (រូបកណ្ដាលជួរមុខ) ថ្លែងក្នុងសន្និសីទកាសែតនៅរាជបណ្ឌិត្យ
សភាកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦។រូបថត៖RFA