អ្នកវិភាគ៖ការធ្លាក់​ឆ្នោត​របស់លោក​ស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ ដូចរឿង​បាច​អង្កាម​ច្រាស​ខ្យល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2014 ក+ ក-

​ភ្នំពេញ​: ទីស្តីការគណៈរដ្ឋមន្ត្រីបាន​ផ្សព្វផ្សាយ​ នូវ​ទស្សនៈ​និពន្ធ​របស់ លោក​បណ្ឌិត ជុន ចាន់​ចំរើន មាន​ចំណងជើង​ថា “​ការធ្លាក់​ឆ្នោត​របស់លោក​ស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ គឺ​ដូចជា​រឿង​បាច​អង្កាម​បញ្ច្រាស​ខ្យល់​”​។​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​គណៈកម្មការ​ទី​១០ របស់​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៤​។​

លោក​បណ្ឌិត ជុន ចាន់​ចំរើន​(​អ្នកវិភាគ​ឯករាជ្យ​)​បានសរសេរថា បើទោះបីជា​មានការ​ព្រម​ព្រៀង​នយោបាយ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​ទាំងអស់ ក៏​ជាម​នុស្ស ប​ថុ​ជ្ជ​ន​ធម្មតា មានចិត្ត និង​បេះដូង មានការ​ខឹង ស្អប់​នៅឡើយ គឺ​នៅ​មិនទាន់មាន​ចិត្តជា​ព្រះអរហន្ត​នោះទេ​។​

​គេ​បានដឹងថា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ម្សិលមិញ ១​ថ្ងៃ មុន​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈកម្មការ​មួយចំនួនទៀត ក្នុង​រដ្ឋសភា ក្នុងនោះ​ក៏មាន​ទាំង​គណៈកម្មការ​ទី​៨ និង​ទី​១០​ផងដែរ ដែល​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធាន គឺ​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម​សុវណ្ណ​។

​ការបោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា នៃ​រដ្ឋសភា គឺធ្វើឡើង​ជាសម្ងាត់ ហើយ​កន្លងមកនេះ សាធារណមតិ​ជាច្រើន​ក៏បាន​ដឹង​ដែរ​ថា ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មានការ​បែកបាក់​ផ្ទៃក្នុង​ដ៏​ជ្រាលជ្រៅ និង​មានការ​បែងចែក​ជា​ក្រុមៗ​ផ្សេងៗ​គ្នា ក្នុងនោះ មាន​ក្រុម​ខាង សម រង្ស៊ី ខាង កឹម សុខា ក្រុម យឹម សុវណ្ណ ក្រុម អេង ឆៃអ៊ាង ក្រុម សុន ឆ័យ ដែល​ពួក​អ្នកដឹកនាំ​ទាំងនោះ មិន​ចុះសម្រុង​គ្នា​ទេ គឺ​តែងតែ​ខ្វែងគំនិត​គ្នា​ជានិច្ច​។​

​អញ្ចឹង​ការបោះឆ្នោត​សម្ងាត់ នេះ ក៏​អាច​ថា សមាជិកសភា ដែល​មិនបាន​បោះឆ្នោត គាំទ្រ​លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ គឺ​កើតចេញ​មកពី​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង​នេះ​តែម្តង ដែល​ពួកគេ​មិន​ពេញ​ចិត្តនឹង​អ្នក​ទាំងពីរ និង​ម្យ៉ាងទៀត អាច​ថា ជាការ​ច្រណែន​គ្នា​លើ​ការចាត់ចែង​មុខដំណែង ដែល​នឹងត្រូវ​ឈរឈ្មោះ​ប្រកួតប្រជែង​នោះ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ក៏មាន​ការលេចឮ​ព័ត៌មាន​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មក​ថា កាលពី​កន្លងមក លោក សុន ឆ័យ ក៏​ធ្លាប់បាន​ស្តីបន្ទោស​ទៅលើ លោកស្រី មូរ សុខ​ហួរ ថា បាន​ផ្គើន​ក្នុង​ការដឹកនាំ​ធ្វើបាតុកម្ម បង្កឱ្យមាន​របួសស្នាម​លើ​សមត្ថកិច្ច កាលពីពេល​កន្លងមក​នេះ ដោយ​លោក សុន ឆ័យ បាន​និយាយថា លោកស្រី មូរ សុខ​ហួរ គឺជា​មនុស្ស​ក្បាលរឹង មិន​ស្តាប់​គេឯង​… ជាដើម​។​

​លោកស្រី មូរ សុខ​ហួរ ត្រូវបាន​គេ​ដឹងថា បាន​ទៅធ្វើ​សកម្មភាព​ញុះញង់​ប្រជាពលរដ្ឋ និង​សកម្មជន​អ្នកគាំទ្រ​ខ្លួន​នៅឯ​ខេត្តបាត់ដំបង បំផុស​ឱ្យធ្វើ​បាតុកម្ម ១​ថ្ងៃមុន​ការបោះឆ្នោត​ថ្ងៃនេះ ដែល​ទង្វើ​នោះ អាច​ថា ដូចជា​យក​សាំង​ទៅ​ចា​ក់លើ​ភ្លើង​បន្ថែមទៀត ជាហេតុ​បណ្តាលឱ្យមាន​ការមិនសប្បាយចិត្ត​ពី​ក្រុម​អ្នកតំណាងរាស្ត្រ មួយចំនួន ហើយ​លោក​យឹម សុវណ្ណ អាច​ថា នឹង​មានរឿង​ប្រហាក់ប្រហែលគ្នា​នេះដែរ ។

​សកម្មភាព​ញុះញង់​របស់លោក​ស្រី​មូរ សុខ​ហួរ អាច​ថា ជា​ផ្នែក​មួយ​នៃ​ការរំលោភ​លើ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក៏​ជា​មូលហេតុ​នាំឱ្យ​អ្នកតំណាងរាស្ត្រ​ជាច្រើន​ដក​សេចក្តីទុកចិត្ត​។

​ដូច្នេះ ការធ្លាក់​ឆ្នោត ខកខាន​មិនបាន​ធ្វើជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០ ក្នុង​រដ្ឋសភា លោកស្រី មូរ សុខ​ហួរ និង​លោក យឹម សុវណ្ណ ពុំគួរ​នឹងមាន​ការ​ទោស​មន​ស្ស អាក់អន់ចិត្ត​នោះទេ អ្នក​ទាំងពីរ​ត្រូវ​យល់ថា លទ្ធផល​នេះ គឺ​កើតចេញពី​ទង្វើ នៃ​ការ​បាច​អង្កាម​បញ្ច្រាស​ខ្យល់​ប៉ុណ្ណោះ​។​

ទោះបីយ៉ាងណា សមាជិក​នៃ​គណៈកម្មការ​ទី​៨ និង​ទី​១០ ក៏បាន​បោះឆ្នោត​ផ្ទៃក្នុង​របស់ខ្លួន​ជ្រើសតាំង​សមាជិកសភា​ថ្មី​ជំនួស ដំណែង​នោះ​ផងដែរ គឺ​លោកស្រី កែ សុវណ្ណ​រ័ត្ន ជាប់​ធ្វើជា​ប្រធាន​គណៈកម្មការ​ទី​៨ ជំនួស​លោកស្រី​មូរ សុខ​ហួរ និង​លោក ហូរ វ៉ាន់ បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណៈកម្មការ​ទី​១០ ជំនួស​លោក យឹម សុវណ្ណ ដែល​ធ្លាក់ឆ្នោត​កាលពី​ព្រឹក​មិញ​។​

​ដូច្នេះ ពុំគួរ​គប្បី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មានការ​សង្ស័យ​ហួសហេតុ​ពេក​មកលើ​សមាជិក​សភាគ​ណ​បក្ស​ដទៃដែលនាំឱ្យ​មានការ​ល្អក់​កក​ដល់​កិច្ចព្រមព្រៀង រវាង​គ្នា​នឹង​គ្នា ផ្ទុយទៅវិញ​សូម​គណបក្ស​សង្គ្រោះ​ជាតិ​មើល​ពី​ដង្កូវ​ក្នុង​សាច់​ឯង​ផង​៕