លោក ស៊ូ​ប៊ែ​រ​ឌី​៖ កម្ពុជា​ប្រើប្រាស់​ស្ថាប័ន​តុលាការ​បិទ​សិទ្ធិ​អ្នក​បញ្ចេញមតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2014 ក+ ក-

​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា ប្រាសាទ ស៊ូ​ប៊ែ​រ​ឌី បាន​រិះគន់ថា រដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​ស្ថាប័ន​តុលាការ​បិទមាត់​បិទ​សំឡេង​អ្នក​តវ៉ា និង​បិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ក្រុមអ្នកតវ៉ា ព្រមទាំង​មន្ត្រី​គណបក្សប្រឆាំង​នៅ​កម្ពុជា​។​

យោងតាម​សេចក្តីថ្លែងការណ៍ របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ដែល​ទទួលបាន នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ លោក ស៊ូ​ប៊ែ​រ​ឌី បាន​និយាយថា «​វា​ជា​រឿង​គួរ​ឲ្យ​ខកចិត្ត ដែល​ខ្ញុំ​បានឃើញ គេ​ប្រើប្រាស់​ប្រព័ន្ធតុលាការ ដែលជា​អំណាចនីតិបញ្ញត្តិ ជា​ឧបករណ៍​ម្តង​ហើយ ម្តងទៀត​»​។ ដែល​ការលើកឡើង​នេះ គឺ​សំដៅលើ​ការចាប់ខ្លួន​ជា​បន្តបន្ទាប់ និង​បាន​ផ្តន្ទាទោស​ថ្មីៗ​នេះ លើ​ស្ត្រី​សកម្មជន​បឹងកក់ និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ​។​

លោក ស៊ូ​ប៊ែ​រ​ឌី លើកឡើងថា «​ចាប់តាំងពី​ខ្ញុំ​ធ្វើជា​អ្នក រាយការណ៍​ពិសេស របស់​អង្គការ សហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុង​អាណត្តិ​នេះ ខ្ញុំ​បាន​ជួបប្រទះ​ហេតុការណ៍​នេះ រាប់មិនអស់​»​។​

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា «​កង្វះ​ឯករាជ្យភាព នៃ​ប្រព័ន្ធតុលាការ គឺជា​ឧបសគ្គ​មួយ​ដល់​ការ សម្រេចបាន​យុត្តិធម៌ រាប់បញ្ចូល​ទាំង​កិច្ច​ខិត ខំប្រឹងប្រែង​របស់ ប្រជាពលរដ្ឋ​កម្ពុជា​»​។​
​ពាក់ព័ន្ធ​ទៅនឹង​ការរិះគន់​នេះ លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​លើកឡើងថា “​សេរីភាព​នៅ​ប្រទេស កម្ពុជា មានកា​រីកចំរើន​ជា​បណ្តា​ប្រទេស​នានា ក្នុង​តំបន់ ហើយ​កម្ពុ​ជាមាន​ការិយាល័យ​តំណាង​សិទ្ធិមនុស្ស​ប្រចាំការ​ទៀត ដោយ​ពុំមាន​ប្រទេស​ណា មាន​ដូច​កម្ពុជា​ទេ​”​។​

លោក​បាន​មានប្រសាសន៍​បន្តថា លោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌី តែងតែ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា អនុវត្តតាម​នី​ត​រដ្ឋ និង​ស្ថាប័ន​តុលាការ​ឯករាជ្យ នៅពេលដែល​តុលាការ​អនុវត្ត​ច្បាប់ បែរជា​គាត់​ស្រែកថា មានការ​រំលោភ​សិទ្ធិមនុស្ស​បំបិទ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ទៅវិញ​។ ពុំមាន​ស្ថាប័ន​ណាមួយ មាន​សិទ្ធិ​ជ្រៀតជ្រែក​កិច្ចការ​ស្ថាប័ន​តុលាការ​បានឡើយ​។​

​លោក កុយ គួ​ង បន្តថា ខាង​អង្គការ​សង្គម​ស៊ីវិល តែងតែ​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល អនុវត្ត​ច្បាប់ ហើយ​គេ​បែរជា​លើកឡើងថា ប៉ះទង្គិច​នឹង​សេរីភាព​បញ្ចេញមតិ ប៉ុន្តែ​ត្រូវ​ចែកគ្នា​ឲ្យ​ដាច់​រវាង​សេរីភាព​សម្តែង​មតិ និង​ការប៉ះពាល់​ច្បាប់​នឹង​ផលប្រយោជន៍​សាធារណៈ ដែល​ការពារ​ដោយ​ច្បាប់​៕fpm