កម្ពុជា៖ បន្ទាប់ពីកម្ពុជាជួបបាតុភូតធម្មជាតិជាញឹកញាប់កាលពីឆ្នាំ ២០១៥ និងអូសបន្លាយរហូតមកដល់ ដើមឆ្នាំ២០១៦ នេះ ក្រសួងកសិកម្មបានបង្ហាញពីលទ្ធផលនៃការធ្លាក់ចុះទិន្នផលកសិកម្មស្ថិតក្នុងកម្រិត ដែលគួរឲ្យព្រួយបារម្ភ នៅក្នុងសន្និបាតបូកសរុបការងារ កាលពីថ្ងៃទី១១ ខែឧសភា កន្លងមកនេះថា កម្ពុជាមានអង្ករសម្រាប់នាំចេញចំនួនប្រមាណជាង ២លាន តោន ប៉ុណ្ណោះ។
ក្នុងសន្និបាតបូកសរុបការងាររបស់ខ្លួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា ភាពមិនប្រក្រតីនៃបាតុភូតធម្មជាតិពិសេសក្នុងឆ្នាំ២០១៥ បានធ្វើឲ្យប៉ះពាល់ផ្ទៃដីដំណាំស្រូវជាង២៥ ៣.០០០ហិកតា(២៥ម៉ឺន៣ពាន់)។ នៅឆ្នាំ២០១៥ នេះ កម្ពុជាបានសល់ស្រូវសម្រាប់នាំចេញ ប្រមាណ ៤លាន ៦សែន ៥ម៉ឺន តោន បើគិតជាអង្ករប្រមាណ ២លាន ៩សែន ៨ម៉ឺន តោន សម្រាប់បម្រើការនាំចេញ។
ដោយឡែកចំពោះផលិតកម្មដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មសំខាន់ៗ ដូចជាកៅស៊ូ ស្វាយចន្ទី ដំណាំឈើហូបផ្លែ និងចម្ការផ្សេងៗមានការកើនឡើង និងកំពុងមានការរីកចំរើនជាបន្ត បន្ទាប់ ប៉ុន្តែកម្ពុជាយើងត្រូវរក្សានូវវិធានការភូតគាមអនាម័យ គឺដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រ ទប់ស្កាត់ការឆ្លងរីករាលដាលសត្វល្អិតចង្រៃមកបំផ្លាញដំណាំ ខណៈសហគមន៍អឺរ៉ុបបានរឹតបន្តឹងពីបញ្ហា សុវត្ថិភាពចំណីអាហារ៕