ចំណូល​ពី​ការលក់​សំបុត្រ​ប្រាសាទអង្គរ វត្ត​បាន ៤៣,៣ លាន​ដុល្លារ​រយៈពេល​១០​ខែ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2014 ក+ ក-

ភ្នំពេញ​: ក្នុង​រយៈពេល ១០​ខែ ដើមឆ្នាំ​២០១៤​នេះ ចំណូល​ដែល​បានមកពី​ការលក់​សំបុត្រ​ចូល ទស្សនា​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា ដែលជា​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោកប្រមាណ​៤៣,៣ លាន​ដុល្លារ​អាមេរិក ។​

ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ បានបញ្ជាក់​អោយដឹងថា អាជ្ញាធរ​អប្សរា បាន​ជួល​ក្រុមហ៊ុន​សណ្ឋាគារ​សុខា ដើម្បី​ប្រមូល​ចំណូល ពី​ការលក់​សំបុត្រ ចូល​ទស្សនា​ប្រាសាទ​អង្គរ ហើយ​ប្រាក់ចំណូល​នោះ ត្រូវ​បានផ្ដល់​ដោយផ្ទាល់ ទៅឱ្យ​រតនាគារជាតិ​។ រីឯ​កិច្ចសន្យា​នៃ​ការជួល គឺ​ធ្វើ​រៀងរាល់ ៥ ឆ្នាំ​ម្ដង​។ នៅក្រោម​កិច្ចសន្យា​នោះ គឺ​ក្រុមហ៊ុន​អាច​រក្សាទុក ១៥ ភាគរយ នៃ​ប្រាក់ចំណូល​សរុប ពី​ការលក់​សំបុត្រ ខណៈដែល ១០ ភាគរយ នៃ​ប្រាក់ចំណូល នឹងត្រូវ​បាន​យក​ជា​ពន្ធ លើ​តំលៃបន្ថែម និង ១៥ ភាគរយ សំរាប់​ការអភិរក្ស​អង្គរ និង​មូលនិធិ​អភិវឌ្ឍន៍ ហើយ​ចំនួន​ទឹកប្រាក់ ដែល​នៅ​សេសសល់ នឹងត្រូវ​ផ្ទេរ​ទៅក្នុង​ហិប​ជាតិ​។​

​ក្រៅពីនេះ ក្នុង​មួយឆ្នាំ ក្រុមហ៊ុន ក៏មាន​កាតព្វកិច្ច ក្នុងការ​វិនិយោគ​ចន្លោះ ៧០០.០០០ ទៅ ៨០០.០០០ ដុល្លារ​អាមេរិក នៅក្នុង​ការការពារ និងរ​ផែនការ​អភិវឌ្ឍ​អង្គរ ផងដែរ​។​

ការពន្យល់​នេះ បានធ្វើ​ឡើង បន្ទាប់ពី​មាន​វិទ្យុ​ក្នុងស្រុក​មួយ បាន ចាក់ផ្សាយ​អត្ថាធិប្បាយ ចោទប្រកាន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួល​អង្គរ​អោយ ក្រុមហ៊ុន​ឯកជន​មួយ សម្រាប់ រយៈពេល ៩៩ ឆ្នាំ​។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រាសាទអង្គរវត្ត បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​១៩៩២ ហើយ​អង្គរ ជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ ជាងគេ​សំរាប់​កម្ពុជា ដែល​ស្ថិតនៅក្នុង​ខេត្តសៀមរាប​។​
​ថ្លៃ​ចូលទៅ​ទស្សនា តំបន់​អង្គរ សំរាប់​ភ្ញៀវ​ទេសចរណ៍​បរទេស គឺ​ចំនួន ២០ ដុល្លារ​អាមេរិក សម្រាប់​ការ​ដំណើរ​ទស្សនា រយៈពេល​មួយថ្ងៃ ៤០ ដុល្លារ​អាមេរិក សម្រាប់​ការ​ដំណើរ​ទស្សនា រយៈពេល​បី​ថ្ងៃ និង ៦០ ដុល្លារ​អាមេរិក សម្រាប់​ការ​ដំណើរ​ទស្សនា មួយ​សប្តាហ៍ និង​រយៈពេល​យូរ​។​

​ក្នុងនោះ មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប បានឱ្យដឹងថា តួលេខ​ចុងក្រោយ​បំផុត បាន​បង្ហាញថា ប្រាសាទ​អង្គរ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ១,៧៤ លាន​នាក់ ក្នុងកំឡុងពេល​៩ ខែ​ដំបូង នៃ​ឆ្នាំនេះ​គឺ បាន​កើនឡើង ១១ ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​៕ ​