(ខេត្តមណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីអបអរសាទរ «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។
ពិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំងប្រាំ វិស័យឯកជន លោកគ្រូ-អ្នកគ្រូ និងសិស្ស-និស្សិតយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌលបណ្តុះ
បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈខេត្តនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។
លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទិវាជាតិ TVET ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ មក ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់គុណតម្លៃនៃការបណ្តុះបណ្តាលជំនាញប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ លោកបានបន្តថា ចំពោះការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១លាន៥សែននាក់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ នៅក្នុងខេត្តមណ្ឌលគិរី ។
រយៈពេល៥ខែដើមឆ្នាំ២០២៦ នេះ មានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៥នាក់ (ក្នុងនោះស្រី ២២៥នាក់) លើមុខជំនាញសំខាន់ៗរួមមាន៖សេវាកម្ម,កុំព្យូទ័រ ,អគ្គិសនី, សម្អាងកាយ និងជួសជុលម៉ូតូ។
ក្នុងឱកាសនោះដែរ លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះ
បណ្តាលវិជ្ជាជីវៈខេត្ត បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលខ្លឹមសារបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្ស តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ ក្នុងនោះ យុវជនមកពីគ្រួសារក្រីក្រដែលចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែបន្ថែមទៀត។
មានប្រសាសន៍បិទកម្មវិធី លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលបណ្តុះ
បណ្តាលវិជ្ជាជីវៈខេត្ត។ លោកសង្កត់ធ្ងន់ថា វិស័យ TVET ដើរតួនាទីជាជន្ទល់សេដ្ឋកិច្ចយ៉ាងសំខាន់ ព្រោះវាជាការវិនិយោគរយៈពេលខ្លី ឆាប់បានផល និង
ផ្តល់ជំនាញច្បាស់លាស់។ ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់គ្រប់អង្គភាពពាក់ព័ន្ធ និងជាពិសេសវិស័យឯកជន ឱ្យជួយជំរុញ និងបញ្ជូនយុវជនមកសិក្សា ព្រមទាំងផ្តល់ឱកាសដល់សិស្ស-និស្សិតបានចុះកម្មសិក្សាហាត់ការ និងទទួលយកទៅបំពេញការងារឱ្យបានកាន់តែច្រើន ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តទាំងមូល ៕


