សត្វ​កណ្ដុរ​បំផ្លាញ​ស្រូវ​កសិករ​នៅ​ខេត្ត តាកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

ខេត្តតាកែវ​​៖​ប្រជាកសិករ​នៅ​ស្រុក​គិរីវង់ ខេត្ត តាកែវ ត្អូញត្អែរថា ស្រូវ​ស្រែ​ពួកគាត់​ត្រូវ បាន​សត្វ​កណ្ដុរ​កាត់​បំផ្លាញ​ខូច​ស្ទើរ​អស់​។ ពួកគាត់​ថា រាល់ៗ​យប់​អ្នកភូមិ​តែង​លើកគ្នា​ទៅ​ដេក​យាម​ស្រែ​ការពារ និង​កម្ចាត់​កណ្ដុរ​កុំ​ឲ្យ​ស៊ី​ស្រូវ តែ​នៅតែ​ការពារ​មិន​ឈ្នះ ព្រោះ​កណ្ដុរ​កើតឡើង​ច្រើន​រាប់ម៉ឺន​សែន​ក្បាល​។​

កសិករ​ស្រុក​គិរីវង្ស​ដែល​ធ្វើស្រែ​ច្រើន​រដូវ​ក្នុង​មួយឆ្នាំៗ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់វិធានការ​កម្ចាត់​ក​ណ្ដុ​រដែ​ល​កំពុងស៊ី បំផ្លាញ​ស្រូវ​ពួកគាត់​រាប់សិប​ហិកតារ រៀងរាល់​យប់​។​

​កសិករ​នៅ​ឃុំ​រំដេង ស្រុក​គិរីវង់ ដែលជា​ឃុំ​មួយ​ក្នុងចំណោម​ឃុំ​ដទៃទៀត ដែល​សត្វ​កណ្ដុរ​កំពុង​រាតត្បាត​ស្រូវ ដូចជា​នៅ​ឃុំ​រាម​អណ្ដើក ឃុំ​តា​អូ ឃុំ​ព្រៃ​អំពក និង​ឃុំ​សោម ជាដើម អះអាង​នៅ ថ្ងៃទី​៣០ វិច្ឆិកា ថា រាល់​ពួកគាត់​តែង​លើកគ្នា​ទៅ​កម្ចាត់​សត្វ​កណ្ដុរ ដោយ​ខ្លះ​ដាក់​អង្គុប ដាក់​ខ្សែភ្លើង​ឆក់ រហូត​មាន​កសិករ​ខ្លះ ដុត​ផាវ ឬ​ដុត​កាំជ្រួច​ដើម្បី​កម្ចាត់​កណ្ដុរ ក៏​កណ្ដុរ​នៅតែ​ស៊ី​បំផ្លាញ​ស្រូវ​គាត់ ។​

ពួកគាត់​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សត្វ​កណ្ដុរ រាប់ម៉ឺន​សែន​ក្បាល​កើតឡើង​ពេញបន្ទុក មិនអាច​កម្ចាត់​បាន​។​ទាក់ទង​ទៅនឹង​ការកើនឡើង​ចំនួន​សត្វ​កណ្ដុរ រាប់ម៉ឺន​សែន​ក្បាល​យ៉ាង​ឆាប់រហ័ស​ដូច្នេះ​កសិករ​ស្រុក​គិរីវង្ស​ខ្លះ បាន​ស្ដីបន្ទោស​ប្រជាពលរដ្ឋ​ដទៃទៀត ដែល​ប្រក​បរបរ​ដើររក​ស៊ី​ចាប់​ពស់​តាម​វាលស្រែ​យកទៅលក់ ទើបបានជា​សត្វ​កណ្ដុរ​កើតឡើង​ច្រើន​ដូច​សព្វថ្ងៃ​។​

​ពួកគាត់​យល់ថា ពេលមុន​មិនមាន​កណ្ដុរ​ស៊ី​ស្រូវ​ច្រើន​នោះ គឺ​មកពី​នៅតាម​វាលស្រែ​មាន​សត្វ​ពោះ​ជាច្រើន វា​ស៊ី​កណ្ដុរ​ស្ទើរ​អស់​ទើប​មិនមាន​សត្វ​កណ្ដុរ​ស៊ី​បំផ្លាញ​ស្រូវ ដូច​ឆ្នាំនេះ ។​
មិនអាចទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ លោក ញ៉ឹក ស្រ៊ុន បាន​នៅ​រសៀល​ថ្ងៃទី​៣០ វិច្ឆិកា ដើម្បី សុំ​បញ្ជាក់​ព័ត៌មាន​បន្ថែម​។​
​ចំពោះ​ការអះអាង​របស់​កសិក​រ​ស្រុក​គិរីវង្ស​ខ្លះ ដែល​យល់ថា ការកើនឡើង​នៃ​សត្វ​កណ្ដុរ​ច្រើន​គឺ​បណ្ដាលមកពី​គេ​សម្លាប់សត្វ​ពស់​អស់ នៅតាម​វាលស្រែ​នោះ អាចជា​ហេតុផល​មួយ​ដែរ តែ​មិន​ទាំងស្រុង​ទេ នេះ​បើតាម​មន្ត្រី​ក្រសួងកសិកម្ម​។​

ប្រធាន​នាយកដ្ឋាន​ការពារ​ដំណាំ​នៃ​ក្រសួងកសិកម្ម លោក ព្រាប ពិសារ​ទោ ពន្យល់ថា មូលហេតុ​ដែល​សត្វ​កណ្ដុរ​កើត​ច្រើនយ៉ាង​ឆាប់រហ័ស​នេះ គឺ​បណ្ដាលមកពី​សត្វ​កណ្ដុរ​មាន​ចំណី​ស៊ី​គ្រប់គ្រាន់ ពេញ​មួយឆ្នាំៗ គឺ​វា​ស៊ី​ស្រូវ​កសិករ​ស្រុក​គិរីវង់​ធ្វើស្រែ​ខួបប្រាំងខួបវស្សា​។ លោក​ថា នៅពេល​សត្វ​កណ្ដុរ​មាន​ចំណី​គ្រប់គ្រាន់​វា​បង្កាត់​ពូជ​ក៏​លឿន​ដែរ គឺ​នៅក្នុង​មួយខែ វា​អាច​បង្កើតកូន​បី​ដង​ក្នុង​មួយខែ ហើយ​មេ​កណ្ដុរ​មួយ​ក្បាល​អាច​បង្កើតកូន​បាន​១០ ក្បាល​ក្នុង​មួយដង​។​

ចំពោះ​វិធានការណ៍​កម្ចាត់​សត្វ​កណ្ដុរ​ចំនួន​ច្រើន​ដូច្នេះ លោក ព្រាប ពិសារ​ទោ ឲ្យ​ដឹងថា​វិធី​កម្ចាត់​សត្វ​កណ្ដុរ ដូចដែល​កសិករ​ស្រុក​គិរីវង់​កំពុង​ធ្វើ​សព្វថ្ងៃ ដូចជា​ដាក់​អង្គប់ ប្រើ​ថ្នាំ​បំពុល ឬ​ដាក់​ខ្សែភ្លើង​ឆក់ ជាដើម​នោះ មិន​ត្រឹមតែ​មិនមាន​ប្រសិទ្ធភាព​ទេ តែ​អាច​គ្រោះ ថ្នាក់​ដល់​ជីវិត​មនុស្ស​ទៀតផង​។​

លោក​ថា វិធី​ដែល​ល្អ​គឺ​កសិករ​ត្រូវ​ប្រើ​វិធី​មួយ​ហៅថា «​ដាក់​អន្ទាក់​ដំណាំ​» គឺ មុនពេល​កសិករ​ធ្វើស្រែ​យក​ផល ពួកគាត់​ត្រូវ​ស្ទូងស្រូវ​ក្រអូប​នៅ​ស្រែ​តូច​មួយ ដែល​ស្រែ​នោះ​នៅ​ខាងគេ​បង្អស់ រួច​ព័ទ្ធ កៅស៊ូ​ផ្លាស់​ស្ទិ​ក​ជុំវិញ​ស្រែ រួច​បូមទឹក​បញ្ចូល ទុក​ច្រក​តូច​មួយ​ជាប់​ដី ដើម្បី​ឲ្យ​កណ្ដុរ​ចេញចូល​មក​ស៊ី​ស្រូវ​នោះ​។ ចំណែក​ច្រកចេញចូល​នោះ គេ​ដាក់​ទ្រូ​ធំៗ​ធ្វើជា​អង្គប់ នៅពេល​កណ្ដុរ​ធំក្លិន​ស្រូវ​ក្រអូប វា​នាំគ្នា​សម្រុកចូល​ក្នុង​ស្រែ​មក​ស៊ី​ស្រូវ​តាម​ច្រក​នោះ រួច​ក៏​ជាប់​ទ្រូ​រាប់រយ​ពាន់​ក្បាល​។ ក៏ប៉ុន្តែ​លោក​ថា ធ្វើដូច្នេះបាន​លុះត្រា​ណា​កសិករ​ក្នុងភូមិ​ទាំងនោះ​យល់ព្រម​ធ្វើ​រួម គ្នា​ជា​សមូហភាព​ទើបបាន​ជោគជ័យ​៕

Untitled-1អ្នកភូមិ​ពីរ​នាក់​កំពុង​បោក​ស្រូវ នៅ​ភូមិ​មហាសេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៣