ស្ពានបេតុង​៥​កន្លែង​បាន​បាក់ស្រុត អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ មិន​អើពើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

ខេត្តកំពង់ចាម​៖​ស្ពានបេតុង​ប្រមាណ​៥​កន្លែង នៅក្នុង​ស្រុក​ស្រី​សន្ធរ ខេត្ដ​កំពង់ចាម បាន​រង​ការបាក់​ស្រុត​យ៉ាងធ្ងន់ធ្ងរ​បណ្តាល មកពី​រថយន្ត​ដឹកឈើ​ធុន​ធ្ងន់​បើក​ឆ្លងកាត់ និង​ដោយសារ​ទឹកជំនន់​ខណៈ ស្ពាន​មួយចំនួន​ស្ថិតក្នុង​ស្ថានភាព​ចាស់​ទ្រុឌទ្រោម ។​

​អ្នកបើកបរ​រថយន្ត​ដឹក​អ្នកដំណើរ​បាន​ប្រាប់ថា ស្ពានបេតុង​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ស្រី​សន្ធរ​នេះ​បាន​ខួច​ខាត​ជាច្រើន​ខែ​ឆ្នាំ​កន្លងមកហើយ ប៉ុន្ដែ​មិនឃើញ​លោក​អភិបាលស្រុក ឬ​ខេត្ត ចាត់វិធានការ​ដោះស្រាយ​ជួសជុល​នោះឡើយ​។​

តាម​សំដី​ប្រជាពលរដ្ឋ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១១ ខែធ្នូ ថា ស្ពាន​មួយចំនួន​បាន​សង់​តាំងពី ៦០​ឆ្នាំមុន​មកម្ល៉េះ ។​សម័យ​នោះ គេ​សង់​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ បររទេះ​សេះ រទេះគោ ដឹក​កសិផល​ពិសេស​ស្រូវ​ពោត​សណ្តែក​ប៉ុណ្ណោះ​។​ប៉ុន្តែ​មកដល់​សម័យនេះ មាន​យានយន្ត​ចម្រុះ​ឆ្លងកាត់ ដូចជា រថយន្ត​ដឹក​ដែក ស៊ីម៉ង់​តិ៍ ប្រេង​ឥន្ទ​នៈ គឺមាន​ដល់​ទៅ​រថយន្ត ដឹកឈើ​ផ្ទុក​ទម្ងន់ រាប់សិប​តោន ឆ្លងកាត់​មួយខែ ពីរ​ទៅ​បី​ដង ហើយ​គ្មាន​ឃើញ​ខាង​អាជ្ញាធរ មក​ហាមឃាត់​ទេ បាន​ត្រឹម​ដាក់​ស្លាក ស្ពាន​បាក់​។​

​គួរ​ជម្រាប​ថា ស្ពានបេតុង​ទាំងចាស់ ថ្មី ទាំង​៥​កន្លែង​ដែល​កំពុង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​នោះ រួមមាន​៖ ១.​ស្ពាន​ប្រាំ​យាម ស្ថិត​ត្រង់ចំណុច ទួល​កុក​សួស ឃុំ​ព្រែក​ដំបូក ២.​ស្ពាន​ព្រែក​ពោធិ ស្ថិតក្នុង​ភូមិ​សន្ទៃ ឃុំ​ព្រែក​ពោធិ (​ប្រហែល​មួយ​គីឡូម៉ែត្រ ពី​សាលាស្រុក​ស្រី​សន្ធរ​) ៣.​ស្ពាន​ខ្យោ​ង ស្ថិតក្នុង​ភូមិ​ខ្យោ​ង ឃុំ​ជី​បា ៤.​ស្ពាន​អូរ​ស្លែង ស្ថិតក្នុង​ភូមិ​ស្លែង ឃុំ​ជី​បា​ដែរ និង​៥.​ស្ពាន​ស្នាប់ ជាប់​ព្រំប្រទល់​ខេត្តកណ្តាល ស្ថិតក្នុង​ឃុំ​ស្វាយ​ពោធិ​។​

មន្ដ្រី​ការិយាល័យ​សាធារណការ​ស្រុក​និយាយថា សូម​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ពាន​ផ្លូវ​ដែល​ខូចខាត នេះ​សិន​ទៅ ព្រោះ​គម្រោង​នៃ​ការជួសជុល ផ្លូវ និង​ស្ពាន​ទាំងនោះ​បានស្នើ​ទៅ​ថ្នាក់​ខេត្ដ​រួចហើយ ប៉ុន្ដែ​ថ្នាក់លើ​នៅ​មិនទាន់​ឲ្យ​ដឹង​នៅឡើយ​ទេ៕ម គ

Untitled-1រថយន្តដឹកអ្នកដំណើរ និងទំនិញបានឆ្លងកាត់ទាំងប្រថុយប្រថាន ស្ពានបេតុង