​វាយ​ម្តាយ​រងរបួស ខឹងរឿង​មិន​ដាំបាយ​ឲ្យ​ហូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2016 ក+ ក-

ខេត្តកណ្ដាល​៖​ដោយ​គ្រាន់តែ​រឿង​មិន​ដាំបាយហូប ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​រវាង​កូនប្រុស​បង្កើត​វាយ​ម្ដាយ​របស់ខ្លួន​បណ្ដាល​ឲ្យ​រងរបួស ហើយ​កូន​អក​ត្ត​ញ្ញូ​រូបនេះ​ត្រូវបាន កម្លាំង​នគរបាល​ឃាត់ខ្លួន នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ភូមិ​ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​។​
​តាម​របាយការណ៍​រប​ស់​នគរបាល​បាន​ឲ្យ​ដឹងថា ករណី​អំពើហិង្សា​នេះ កើតឡើង​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​បង្កដោយ​ជនសង្ស័យ ឈ្មោះ រិ​ទ្ធ ឡៃ​ហ៊ាង ហៅ​អូន​ទូច អាយុ​២៤​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់​ជ​ន​រងគ្រោះ​ឈ្មោះ មៀល សុខន អាយុ​៥៣​ឆ្នាំ​។​
​មន្ដ្រីនគរបាល​បញ្ជាក់​ថា មុនពេល​កើតហេតុ ម្ដាយ​ដែលជា​ជនរងគ្រោះ បានមកពី​រក​ស្មៅ​គោ លុះ​មកដល់​កូនប្រុស​ដែលជា​ជនសង្ស័យ​បាន​សួរថា «​នៅផ្ទះ​មិន​ដាំបាយ​ស៊ី​» ហើយ​ជនរងគ្រោះ​បាន​សួរ​វិញ​ថា «​ប្រពន្ធ​ហ្ហែង​នៅផ្ទះ​ក៏​មិន​ដាំ បាយ​ស៊ី​ផង​ទៅ​» ពេលនោះ​ជនសង្ស័យ​បាន​ឆ្លើយ​វិញ​ថា «​ប្រពន្ធ​ខ្ញុំ​ទៅរក​ត្រី​ជាមួយ​ខ្ញុំ​»​។ ភ្លាមនោះ អ្នក​ទាំងពីរ​បាន​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ស្រាប់តែ​ជនសង្ស័យ ខឹង​បាន​ចាប់​ម្តាយ​ខ្លួន បោក​ផ្ទប់​នឹង​គ្រែ បណ្តាល​ឲ្យ​ពក​ក្បាល​ខាងឆ្វេង​មួយកន្លែង រួច​បាន​បោក​ឆ្នាំងបាយ ទាត់​ក្រឡ​អំបិល បោក​កៅអី​ជ័រ​បាក់​អស់​៣ និង​បោក​ទូរទស្សន៍​បែក​១​គ្រឿង ទៅ​ដី​បណ្តាល​ឲ្យ​ខូចខាត​រួច​រត់​គេចខ្លួនបាត់​តែម្តង​។​
​ក្រោយមក​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​អំបិល បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដើម្បី​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ នៅ​ថ្ងៃ​ម្សិលមិញ​នេះ បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក កសាង​សំណុំរឿង​ចាត់ការ​បន្ដ​៕

fn-2016-11-17-08-43-33-0 fn-2016-11-17-08-43-33-1