របាយការណ៍​​វិទ្យាស្ថាន​អាមេរិក​បង្ហាញថា​ចិន​កំពុងដំឡើង​ប្រព័ន្ធ​អាវុធ​លើ​កោះ​សិប្បនិម្មិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2016 ក+ ក-

​ចិន​៖វិទ្យាស្ថាន​របស់​សហរ​ដ្ឋ​អាមេរិក​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ដោយ​លើកឡើង​ពី​រូបភាព​ថ្មី​នៃ​ផ្កាយរណប​ថា ប្រទេស​ចិន​ហាក់ដូចជា​បាន​ដំឡើង​អាវុធ​ជាច្រើន​ដោយ​រួមបញ្ចូល​ទាំង​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​និង​ប្រឆាំង​មី​ស៊ី​ល​ផងដែរ​នៅលើ​កោះ​សិប្បនិម្មិត​ទាំង​ប្រាំពីរ​ដែល​ខ្លួន​បាន​សាងសង់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​
​វិទ្យាស្ថាន Asia Maritime Transparency Initiative (AMTI) នៅឯ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ការរកឃើញ​របស់ខ្លួន​នេះ​បាន​កើតឡើង​បើទោះបីជា​សេចក្តីថ្លែងការណ៍​របស់​ថ្នាក់ដឹកនាំ​ចិន​លើកឡើងថា ទីក្រុង​ប៉េកាំង​គ្មាន​បំណង​បង្កើន​យោធា​នៅលើ​កោះ​ទាំងនោះ​ដែលជា​កន្លែង​ទឹកដី​ត្រូវបាន​ទាមទារ​ដោយ​ប្រទេសមួយ​ចំនួន​ក៏ដោយ​។​
AMTI បាន​លើកឡើងថា ខ្លួន​កំពុង​តាមដាន​ការសាងសង់​រចនាសម្ព័ន្ធ​ដែលមាន​រាង​ប្រាំមួយ​ជ្រុង​នៅលើ​ថ្ម​ប៉ប្រះ​ទឹក Fiery Cross, Mischief និង Subi នៅក្នុង​ប្រជុំ​កោះ Spratly ចាប់តាំងពី​ខែមិថុនា​និង​កក្កដា​មក​។ ចិន​បាន​សាងសង់​វាល​យន្តហោះ​យោធា​ប្រវែង​វែង​រួចទៅហើយ​នៅលើ​ប្រជុំ​កោះ​ទាំងនេះ​។​
AMTI បាន​ឲ្យ​ដឹង​ទៀតថា រូបភាព​ផ្កាយរណប​នៃ​ថ្ម​ប៉ប្រះ​ទឹក Hughes និង Gaven បានបង្ហាញ​ពីអ្វី​ដែល​ហាក់ដូចជា​កាំភ្លើង​ប្រឆាំង​យន្តហោះ​និង​អ្វីដែល​ទំនងជា​ប្រព័ន្ធ​អាវុធ (CIWS) ដើម្បី​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ផ្លោង​។ រូបភាព​ពី​ថ្ម​ប៉ប្រះ​ទឹក Fiery Cross បានបង្ហាញ​ពី​ប៉ម​ដែល​ទំនងជា​ផ្ទុក​រ៉ា​ដា​កំណត់​គោលដៅ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រទេស​ចិន​បាន​អះអាងថា ការសាងសង់​ផ្នែក​យោធា​នៅលើ​កោះ​ទាំងនេះ​នឹងត្រូវ​បានកំណត់​ទៅតាម​តម្រូវការ​ចាំបាច់​ផ្នែក​ការពារ​។​
​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក​លោក Donald Trump ដែល​នឹង​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែមករា​ខាងមុខនេះ​ក៏បាន​រិះគន់​ផងដែរ​ចំពោះ​ឥរិយាបថ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ខណៈពេលដែល​លោក​បានបង្ហាញ​ជាស​ញ្ញា​ថា​លោក​អាច​ចាត់​វិធីសាស្ត្រ​និង​ឥរិយាបថ​តានតឹង​ជាង​មុន​លើ​ប្រទេស​ចិន​៕

bn-ha036_0218cr_j_20150218121935