ថៃ៖អង្គការឃ្លាំមើលបរិស្ថាន Greenpeace បាននិយាយថា ទូកនេសាទថៃបានផ្លាស់ទីទៅកាន់ដែនទឹកដាច់ស្រយ៉ាល និងងាយរងគ្រោះជិតឆ្នេរអាហ្វ្រិកភាគខាងកើតដើម្បីគេចពីការបង្ក្រាបថ្នាក់តំបន់លើការនេសាទខុសច្បាប់និងការជួញដូរមនុស្ស។
ប្រទេសថៃគឺជាប្រទេសនាំចេញអាហារសមុទ្រធំជាងគេលំដាប់ទីបួនរបស់ពិភពលោកប៉ុន្តែឧស្សាហកម្មតម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួនមួយនេះគឺភាគច្រើនមិនមានច្បាប់ទម្លាប់និងពោរពេញទៅដោយការរំលោភសិទ្ធិ។
Anchalee Pipattanawattanakul មកពីអង្គការ Greenpeace នៅអាស៊ីអាគ្នេយ៍បានថ្លែងថា “ដោយគ្មានប្រព័ន្ធត្រួតពិនិត្យនៅក្នុងសមុទ្រឆ្ងាយដូចនេះនោះ គ្មានការត្រួតពិនិត្យពីអ្វីដែលបានកើតឡើងនៅទីនោះទេ”។
ប្រទេសមួយនេះបានមកស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ពីអន្តរជាតិក្នុងការសម្អាតវិស័យសម្បូររឿងអាស្រូវមួយនេះបន្ទាប់ពីសហភាពអឺរ៉ុបគំរាមហាមឃាត់ផលិតផលអាហារសមុទ្រថៃទាំងអស់កាលពីឆ្នាំមុន។ ប៉ុន្តែបើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការប្រព្រឹត្ដខុសច្បាប់និងកៀបសង្កត់ជួញដូរមនុស្សក៏ដោយ ការរំលោភបំពាននៅតែមាននៅលើទូក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីអង្គការ Greenpeace ។
បើយោងតាមក្រុមឃ្លាំមើលនេះបានឲ្យដឹងថា នាវាដោតទង់ជាតិថៃរហូតដល់ទៅ៧៦គ្រឿងបានផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេទៅកាន់តំបន់ Saya de Malha Bank ដែលជាតំបន់មួយជិតឆ្នេរ សមុទ្រអាហ្វ្រិកបន្ទាប់ពីមានការបង្ក្រាបកាលពីឆ្នាំមុននៅកោះប៉ាពួញូវហ្គីណេនិងឥណ្ឌូនេស៊ី។
នាវាជាច្រើនបានបញ្ជូនផលត្រីរបស់ពួកគេត្រឡប់ទៅប្រទេសថៃវិញតាមរយៈនាវាក្លាសេដោយអាចធ្វើឲ្យកាពីតែនរក្សាក្រុមនាវិករបស់ពួកគេនៅសមុទ្រនិងគេចចេញពីការត្រួតពិនិត្យរបស់អាជ្ញាធរសម្រាប់រយៈពេលយូរ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានកែប្រែលំដាប់ថ្នាក់ប្រទេសថៃនៅក្នុងរបាយការណ៍ជួញដូរមនុស្សប្រចាំឆ្នាំរបស់ខ្លួននៅក្នុងខែកក្កដាដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ពលកម្មដោយបង្ខំនៅក្នុងឧស្សាហកម្មអាហារសមុទ្រនេះ៕