សេចក្ដី​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ពិធីបុណ្យ​មាឃបូជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 February, 2015

បុណ្យមាឃបូជា គឺជា​ទិវា​ដ៏​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ពុទ្ធបរិស័ទ​ក្នុងប្រទេស​នានា​លើសកលលោកដែល​តែង​ជួបជុំគ្នា​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​។ ជា​ប្រពៃណី ក្នុង​ពិធីបុណ្យ​នេះ ពុទ្ធបរិស័ទ​នាំគ្នា​ចាត់ចែង​បូជា​នូវ​គ្រឿង​សក្ការៈ មាន​ប្រទីបជ្វាលា និង​ផ្កា​ភ្ញី ជាដើម ព្រមទាំង​ប្រជុំគ្នា​ស្តាប់​ធម្មទេសនា ដើម្បី​រំឭក​ដល់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដែល​បាន​បរិនិព្វាន​អស់កាល ២៥៥៨​ឆ្នាំ​កន្លង​ទៅហើយ​នេះ​។​
​ពី​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកនាង កេសរ​ណ្ណី​យ្យា ជូន​សេចក្តីអធិប្បាយ​ដោយ​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ពិធីបុណ្យ មាឃបូជា​នេះ និង​ការគោរព​បូជា​របស់​ពុ​ទ្ធ​បរិស័ទ​៖
​ពិធីបុណ្យ​មាឃបូជា គឺជា​ការ​រំឭក​ព្រឹត្តិការណ៍​ធំៗ​ពីរ ដែល​កើតឡើង​នៅ​ថ្ងៃពេញបូណ៌មី ខែមាឃ ក្នុង​ពុទ្ធកាល ៤៥​ឆ្នាំ​នៃ​ព្រះសម្មាសម្ពុទ្ធ​សមណគោតម​។ ព្រឹត្តិការណ៍​ទី​១ គឺជា​សម័យប្រជុំ​ធំ​ប្រកបដោយ​អង្គ​៤ ហៅថា​ចតុរង្គសន្និបាត ដែល​ក្នុងឱកាស​នោះ ព្រះ​សក្យមុនី​គោតម​ព្រះអង្គ​ទ្រង់​សម្ដែង​នូវ​ឱវាទបាតិមោក្ខ ដែលជា​ខ្លឹម ជា​បេះដូង​នៃ​ពុទ្ធសាសនា ជា​ផ្លូវ​ប្រតិបត្តិ​ដល់​បរិស័ទ​គ្រប់ជំពូក​។​
​ឱវាទបាតិមោក្ខ មាន​សេចក្តី​វិសេស ១១​ប្រការ ដែល​រួបរួម​ក្រោម​គាថា ៣​បទ​ជា​គោល​ចម្បង គឺ​ទី​១ ការ​វៀរ​នូវ​អំពើ​បាប​ទាំងពួង​។ ទី​២ ការធ្វើ​នូវ​អំពើ​ល្អជា​កុសលធម៌​គ្រប់យ៉ាង និង​ការ​ជម្រះចិត្ត​ឲ្យ​បរិសុទ្ធ ដែល​បាន​ដល់​ការប្រតិបត្តិ​សីល សមាធិ និង​បញ្ញា តាមរយៈ​ការ​ចម្រើន​វិបស្សនា​កម្មដ្ឋាន​។​

ភិក្ខុ​សន្ត​ចិ​ត្តោ រ៉េ​ន រដ្ឋា គង់នៅ​វត្ត​ព្រះ​គន្ធ​កុដិ ក្រុង​បាត់ដំបង មាន​ថេរ​ដីកា​អធិប្បាយ​អំពី​ប្រការ ឬ​កណ្ឌ​ទី​១ ទី​២ និង​ទី​៣ ដោយ​ភ្ជាប់​សេចក្តី​ទៅនឹង​ប្រការ​ទី​៨ គឺ​ការ​សង្រួម​ក្នុង​បាតិមោក្ខ ដែល​ទាក់ទង​ជាសំខាន់​ទៅនឹង​វិន័យ​របស់​ភិក្ខុសង្ឃ​មាន ២២៧​សិក្ខាបទ​៖ «…​ក្នុង ឱវាទបាតិមោក្ខ ទី​១ ដំបូង គឺ​សព្វ​បាប​ស្ស អករ​ណំ គឺ​ការមិនធ្វើ​នូវ​បាប​ទាំងពួង បំពេញ​កុសល ហើយ​និង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ផូរផង់ សង្ខេប​នូវ​ពុទ្ធដីកា​ទាំងអស់​មក គឺ ៣​យ៉ាងហ្នឹង​។ ដូច្នេះ​ដើម្បី​ឲ្យ​មាន​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ និង​ដល់​ព្រះសង្ឃ​ខ្លួនឯង គឺ​ភិក្ខុ​សាមណេរ​ត្រូវ​ប្រព្រឹត្ត​ទៅតាម​សិក្ខាបទ ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​សម្ដែង​បញ្ញត្តិ​មក គឺមាន ២២៧​សិក្ខាបទ គឺ​លោក​ត្រូវ​សង្រួម​គ្រប់​ទាំងអស់ មាន​តាំងពី​បរាជិក​៤ ដូចជា​លួច​ទ្រព្យ​គេ សម្លាប់​ជីវិត​មនុស្ស ឬ​ការ​អួតខ្លួន​ឯង​ថា​បានសម្រេច​ធម៌​ចេះ​ហោះ​ចេះ​ហើរ បាន​គុណធម៌​ខ្ពស់​។ ហើយ​ដូច​ថា​លោក​ឆាន់​បាយល្ងាច មើល​ទូរទស្សន៍ គឺ​លោក​ត្រូវ​អាបត្តិ​បា​ចិ​ត្តិ​យៈ គឺថា​ក្នុង ២២៧​ហ្នឹង អត់​ឲ្យ​ដាច់​មួយណា​ទេ​…»​។​
​ប្រការ​ទី​៤ គឺ​ព្រះ​សម្ពុទ្ធ​ទ្រង់​ពោល​សរសើរ​នូវ​សេចក្តី​អំណត់​អត់ធន់ ថា​ជា​តបធម៌​ដ៏​ឧ​ត្ត​ម ដែល​ពុទ្ធបរិស័ទ​គប្បី​ព្យាយាម​ធ្វើ​ឲ្យ​ចម្រើន​ឡើងជា​រឿយៗ ដើម្បី​ធ្វើ​កាយ និង​ចិត្ត​ឲ្យ​ស្ងប់​។ ប្រការ​ទី​៥ គឺ​ព្រះ​និព្វាន ដែល​ព្រះពុទ្ធ​តែង​សម្ដែង​ថា​ជា​ធម៌​ដ៏​ឧ​ត្ត​ម ជា​បរមត្ថ​ធម៌ ជា​ធម៌​ល្អិត​សុខុម ជា​ធម្មជាតិ ឬ​ចិត្ត ដែល​ស្ងប់​ក្សេមក្សាន្ត ផុត​ចាក​រាគៈ ទោសៈ មោហៈ​។ ប្រការ​ទី​៦ នៃ​ឱវាទបាតិមោក្ខ ព្រះ​សម្ពុទ្ធ​ទ្រង់​សម្ដែង​ថា បុគ្គល​ដែល​សម្លាប់សត្វ​ដទៃ បៀតបៀន​សត្វ​ដទៃ មិន​ឈ្មោះថា​សមណៈ មិន​ឈ្មោះថា​បព្វជិត គឺ​អ្នកបួស​ឡើយ​។ ឱវាទ​ប្រការ​ទី​៧ គឺ​ទូន្មាន​ឲ្យ​វៀរចាក​កិរិយា​ពោល​នូវ​ពាក្យ​តិះដៀល​ដល់​អ្នកដទៃ​។​
​ភិក្ខុ​ឋិត​ប្ប​ញ្ញោ គង់ សុភាព គង់នៅ​វត្ត​រាជ​បូ​ណ៍ ក្រុង​សៀមរាប មាន​ថេរ​ដីកា​អំពី​សារប្រយោជន៍​នៃ​ឱវាទបាតិមោក្ខ​ប្រការ ឬ​កណ្ឌ​ទី​៩ ដែល​ស្តីអំពី​មត្តញ្ញុតា ច​ភត្ត​ស្មឹ ជា​ភាសាបាលី​ដែលមាន​សេចក្តី​ថា ភាវៈ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភត្ត គឺ​ចង្ហាន់​បិណ្ឌបាត​៖ «…​រឿងនេះ ទាក់ទង​នឹង​ការចិញ្ចឹម​ជីវិត​ដោយ​បរិសុទ្ធ​។ ភិក្ខុ​ក្នុង​សាសនា​នេះ គឺ​លោក​ត្រូវ​ចិញ្ចឹមជីវិត​ដោយ​កម្លាំង​ស្មង គឺ​ការ​និមន្ត​បិណ្ឌបាត ជា​វដ្ដ​របស់​ភិក្ខុ​។ មាន​ភិក្ខុ​អង្គ​ខ្លះ​លោក​នៅ​ជា​បុថុជ្ជន លោក​ងប់​ក្នុង​លាភសក្ការៈ​ទាំងឡាយ ក៏​ធ្វើ​ឲ្យ​ប្រាសចាក​ពី​ធម៌​វិន័យ​។ អ៊ីចឹង​បានជា​ព្រះអង្គ​ឲ្យ​ចេះ​ប៉ាន់ប្រមាណ​។ សូម្បី​គ្រឹហាវាស​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​ស្វែងរក​ដោយ​ផ្លូវ​មិនត្រូវ មិន​ប្រកប​តាម​ធម៌ ចូលក្នុង​មិច្ឆាជីវៈ ធ្វើ​ជំនួញ​ខុស គឺ​ព្រះអង្គ​ឲ្យ​វៀរ​។ ហើយ​ក្នុងនោះ គឺ​វៀរ​ក្នុង​មិច្ឆាកម្មន្តៈ ៣​យ៉ាង គឺ​មិន​សម្លាប់ មិន​លួច​ទ្រព្យ​អ្នកដទៃ មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​…»​។​
​ភាវៈ​ជា​អ្នកដឹង​ប្រមាណ​ក្នុង​ភត្តាហារ​នេះ ក៏បាន​ដល់​ការអប់រំ​ចិត្ត​ក្នុងការ​បរិភោគ ឬ​ឆាន់​អាហារ​ភោជន​ដោយ​សមល្មម គ្រាន់តែ​ញ៉ាំង​អត្តភាព​រាងកាយ​ឲ្យ​ប្រព្រឹត្តទៅ​ឲ្យ​មានជីវិត​រស់នៅ ដើម្បី​ប្រតិបត្តិ​ធម៌​វិន័យ ជា​ប្រយោជន៍​បាន​សេចក្តីសុខ​ដល់​ខ្លួន​ផង និង​ដល់​មនុស្ស​សត្វ​ដទៃ​ផង​។ ចំពោះ​ឱវាទបាតិមោក្ខ​ប្រការ​ទី​១០ ស្តីអំពី​ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់ ភិក្ខុ​ឋិត​ប្ប​ញ្ញោ គង់ សុភាព មាន​ថេរ​ដីកា​ពន្យល់​អំពី​ហេតុផល និង​គុណប្រយោជន៍​នៃ​ការ​ទូន្មាន​របស់​ព្រះពុទ្ធ​បរមគ្រូ​៖ «…​សប្បាយ នៅក្នុង​សេនាសនៈ​ដ៏​ស្ងាត់​ហ្នឹង គឺមាន​ក្នុងព្រៃ​ក្នុងផ្ទះ​ដ៏​ស្ងាត់ ឬ​ទី​គល់ឈើ​ហ្នឹង ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សម្ដែង​អំពី​គុណសម្បត្តិ​នៃ​ការ ភិក្ខុ​នៅក្នុង​ព្រៃ​ទី​ដ៏​ស្ងាត់​នេះ ជាទី​ដែល​វៀរចាក​ឆ្ងាយ​ពី​រូប និង​សំឡេង​កងរំពង ដែល​នាំ​ឲ្យ​រំខាន​ដល់​ភិក្ខុ​អ្នក​ពេញចិត្ត​ក្នុង​សមណធម៌​ហ្នឹង​។ ពេល​លោក​នៅក្នុង​ទី​ស្ងាត់ ងាយស្រួល​ក្នុងការ​អប់រំ​ចិត្ត ទូន្មាន​ចិត្ត​…»​។​
​ចំពោះ​ឱវាទបាតិមោក្ខ​ប្រការ​ទី​១១ គឺ​ការ​ទូន្មាន​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ឲ្យ​បរិស័ទ​បំពេញ​ការព្យាយាម​ក្នុង អធិចិត្ត ជា​ចិត្ត​ដ៏​ក្រៃលែង ដែល​បានសម្រេច​នូវ​សមាធិ​បាន​ដល់​នូវ​ធម៌​ជាន់​ខ្ពស់បំផុត គឺ​ព្រះ​និព្វាន​។​
​សេចក្តី​វិសេស​ទាំង ១១​ប្រការនេះ ឧបាសិកា មាន លី​ណា មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រុង​តាខ្មៅ ខេត្តកណ្ដាល មានប្រសាសន៍ថា អ្នក​ប្រាថ្នា​នូវ​សេចក្តីសុខ​ស្ងប់ តែង​ព្យាយាម​តាំងចិត្ត​ប្រតិបត្តិ​ជារឿយៗ​ក្នុង​ជីវិត​រស់នៅ មិនថាតែ​ក្នុង​ថ្ងៃ​មាឃបូជា​នោះឡើយ​៖ «…​ក្រៅពី​ការ​ទៅ​វត្ត ទៅធ្វើ​កិច្ច​ប្រតិបត្តិ​ចំពោះ​ព្រះសង្ឃ​ក្តី ក៏​ការ​រស់​ជាធម្មតា គឺ​តែងតែ​ប្រព្រឹត្ត​តាម​ការ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​។ ទី​១ គឺ​ធ្វើខ្លួន​ឲ្យ​មាន​សីល ចាប់ពី​សីល​៥ ឡើងទៅ ក្នុងការ​អប់រំ​ចិត្ត ដើម្បី​សម្អាតចិត្ត​រស់នៅ​ប្រចាំថ្ងៃ​ជាមួយនឹង​កិច្ចការងារ​របស់​យើង ដែលជា​ពុទ្ធសាសនិកជន​ត្រូវមាន​។ ធ្វើយ៉ាងណា​ឲ្យ​យើង​មាន​សេចក្តីសុខ​ស្ងប់ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត គឺ​មិនមែន​អ្នកដទៃ​ណា​ក្រៅពី​ខ្លួន​យើង​ដែល​បាន​ប្រយោជន៍​ពី​ការអប់រំ ចិត្ត​នេះ​ទេ ហើយ​និង​សន្តិភាព​រស់នៅ​ជា​សុខ​ជាមួយ​អ្នកដទៃ​ក្នុង​សហគមន៍​…»​។​

ក្នុងន័យ​ដូចគ្នានេះដែរ លោក ឌុល វ​ន្នី អ្នកស្ម័គ្រចិត្ត​នៃ​អង្គការ​ពុទ្ធសាសនា ដើម្បី​ការអប់រំ​នៃ​កម្ពុជា ក្រុង​បាត់ដំបង ផ្តល់នូវ​ការយល់ឃើញ​ចំពោះ​ការ​រក្សាសីល អប់រំ​កាយវាចា​ចិត្ត ដែលជា​គុណធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​មនុស្ស​ក្នុងសង្គម ជាការ​ប្រារព្ធ​មាឃបូជា​ដ៏​ប្រសើរ​ឧ​ត្ត​ម ទោះបីជា​មិនមាន​ប្រាក់កាស​ធនធាន​ក្នុង​ការបូជា​គ្រឿង​ប្រទីប និង​ផ្កា​ភ្ញី​ចំពោះ​ព្រះ​រតនត្រ័យ​ក្តី​៖ «…​នៅក្នុង​ថ្ងៃ​មាឃបូជា ហ្នឹង គឺ​ខ្ញុំ​ទៅ​វត្ត​។ ទន្ទឹមនឹង​ទៅ​ខ្លួនឯង ខ្ញុំ​ក៏​ដឹកនាំ​ប្អូន ប្អូនស្រី ហើយ​រក្សា​នូវ​ឧបោសថ​ទាំង ២​នាក់​។ ក្នុងនោះ​ទៀតសោត មាន​ពុទ្ធបរិស័ទ​ខ្លះ​គាត់​ហ៊ាន​លះបង់ ដើម្បី​រក្សាសីល ខ្លះ​រក្សាសីល​៥ ខ្លះ​រក្សាសីល​៨ ឧបោសថសីល ដោយ​សេចក្តី​ជ្រះថ្លា​របស់គាត់​។ ពីមុន​គាត់​អត់​ធ្លាប់​រក្សា​ទេ សូម្បីតែ​សីល​៥ ក៏​អត់​ធ្លាប់​ទេ នេះ​គឺជា​ការបូជា​មួយ​ដែរ​…»​។​

​ក្នុង​ពុទ្ធសាសនា ការបូជា​ដ៏​ប្រសើរ​ឧ​ត្ត​ម គឺ​ការធ្វើ​វត្តប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​របស់​ព្រះសម្មាសម្ពុទ្ធ​។ រីឯ​ការបូជា​ធម្មទាន គឺជា​ទាន​ឈ្នះ​អស់​ទាន​ទាំងពួង​។ ក្នុងន័យ​នេះហើយ ដែល​ស្ថាបនិក​គេហទំព័រ​ព្រះពុទ្ធសាសនា ៥០០០​ឆ្នាំ នៅ​ក្រុងភ្នំពេញ លោក ស្រុង ចាន់ណា បាន​ចំណាយ​ពេលវេលា​ផ្សព្វផ្សាយ​វចនៈ គឺ​ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ​តាមរយៈ​គេហទំព័រ​អស់​រយៈពេល​ជិត ៤​ឆ្នាំ​កន្លងទៅនេះ​៖ «…​បាទ​! ស្ម័គ្រចិត្ត យើង​ស្តាប់​យល់​ទៅ​គិតថា ការងារ​ហ្នឹង​យើង​ធ្វើបាន ហើយ​មាន​ប្រយោជន៍​ក៏​ចាប់ផ្ដើម​ធ្វើទៅ​។ ដល់ពេល​ពុទ្ធបរិស័ទ​ទទួលបាន​អត្ថប្រយោជន៍​ច្រើន កម្លាំងចិត្ត​ក៏មាន​តៗ​ទៅ​ពង្រីក​ការផ្សព្វផ្សាយ​ហ្នឹង​…»​។​

​ព្រឹត្តិការណ៍​សំខាន់​ទី​២ នៃ​ពិធីបុណ្យ​មាឃបូជា​នេះ គឺ​ការ​រំឭក​ដល់​ការដាក់​អាយុសង្ខារ​របស់​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ដែល​ព្រះអង្គ​បានប្រកាស​ក្នុង​ថ្ងៃពេញបូណ៌មី ខែមាឃ ក្នុង​ព្រះជន្ម ៨០​ព្រះវស្សា ថា​ក្នុង​រយៈពេល​បី​ខែ​ទៀត ព្រះអង្គ​នឹង​យាង​ចូល​បរិនិព្វាន​លែង​វិល​កើត​វិល​ស្លាប់​ក្នុង​វដ្ដ​នេះ​ត ទៅទៀត​។​

​ឯកសារ​គម្ពីរ​ដីកា​ផ្នែក​ពុទ្ធសាសនា​កត់ត្រា​ថា ព្រឹត្តិការណ៍​ទី​១ នៃ​សម័យប្រជុំ​ចតុរង្គសន្និបាត ដែល​ព្រះសម្មាសម្ពុទ្ធ​សមណគោតម ទ្រង់​ផ្តល់​ឱវាទបាតិមោក្ខ​នោះ គឺជា​ថ្ងៃពេញបូណ៌មី ខែមាឃ ក្នុង​វស្សា​ទី​១ ជា​ឆ្នាំ​ដំបូង​នៃ​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ ក្នុង​ព្រះ​ជន្មាយុ ៣៥​ឆ្នាំ​។ រីឯ​ព្រឹត្តិការណ៍​ទី​២ នៃ​ការដាក់​អាយុសង្ខារ​របស់​ព្រះអង្គ គឺជា​ថ្ងៃពេញបូណ៌មី ខែមាឃ ក្នុង​វស្សា​ចុងក្រោយ​គម្រប់​៤៥ នា​ព្រះជន្ម​គម្រប់ ៨០​ឆ្នាំ គឺ ៣​ខែ​មុន​ពុទ្ធសករាជ​៕rfa

mek14