ចាប់​រទេះក្របី​ដឹកឈើ​ធ្នង់​១០​រទេះ ​រួមទាំង​មនុស្ស​៥​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2017 ក+ ក-

​ខេត្តពោធិ៍សាត់​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ភ្នំក្រវាញ បង្ក្រាប​រទេះក្របី​កង់​រថយន្ត​ដឹកឈើ​ប្រភេទ​ធ្នង់​ចំនួន​១០​រទេះ ក្នុង​នោះបាន​ឃាត់​អ្នក​បរទេះ​ចំនួន​៥​នាក់​ដើម្បី​ធ្វើការ​សាកសួរ និង​សត្វ​ក្របី​ចំនួន​១០​ក្បាល ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ជាក់ស្ដែង​។ ចំណែក​អ្នក​បរទេះ​៥​នាក់​ទៀត និង​សត្វ​ក្របី​១០​ក្បាល​ផង​នោះបាន​រត់គេចខ្លួន​។​
ប្រតិបត្តិការ​ខាងលើនេះ ចាប់ផ្តើម​តាំងពី​ព្រលប់​ថ្ងៃទី​២៩ រហូតដល់​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ត្រង់ចំណុច​នានា​ក្នុងព្រៃ​ខា​ក្រោយ​ភូមិ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​
​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ខាងលើ បានឱ្យដឹងថា រទេះក្របី​កង់​រថយន្ត​ដឹកឈើ​ប្រភេទ​ប្រណិត​ធ្នង់ មាន​ផល​លំបាក​ខ្លាំង​ក្នុងការ​បង្ក្រាប ព្រោះ​តំបន់​នោះ​ក្នុងព្រៃ គ្មាន​ផ្លូវ​រថយន្ត គឺ​កម្លាំង​ថ្មើរជើង ម្យ៉ាងទៀត​យប់​ងងឹត​ទើប​កម្លាំង​អនុវត្តន៍​បាន​មនុស្ស​តែ​ចំនួន ៥​នាក់ និង​សត្វ​ក្របី​ចំនួន ៥​នឹម ស្មើនឹង ១០​ក្បាល ចំណែក​រទេះក្របី​កង់​រថយន្ត​ចំនួន ១០​រទេះ ដោយឡែក​អ្នក​បរទេះ ៥​នាក់ និង​សត្វ​ក្របី​ចំនួន ៥​នឹម ស្មើនឹង ១០​ក្បាល​ដែរនោះ ត្រូវបាន​ពួកគេ​នាំគ្នា​ដឹក​គេច​បាត់ ។​
​ប្រភពពី​កម្លាំង​ខាងលើ​បន្តថា បន្ទាប់ពី​កងកម្លាំង​បាន​នាំ​រទេះ​រួមទាំង​អ្នក​បរ ៥​នាក់ ក្របី ១០​ក្បាល មកដល់​កណ្ដាល​ភូមិ​ក្សេត្រ​បូរី រួច​ធ្វើការ​សួរនាំ​ដើម្បី​បំពេញ​នីតិវិធី​ឃើញថា អ្នក​បរទេះ​ទាំង ៥​នាក់ ខាងលើ ពួកគេ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ហើយ​គេ​បាននាំគ្នា​ចេញដំណើរ​ទៅ​ដឹកឈើ​ខាងលើ​តាំងពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ខ្មោច​ចាម ក្នុងព្រៃ​ភ្នំ​ក្នុង​ដែន​សមត្ថកិច្ច​បរិស្ថាន (​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់​) ក្នុង​គោលបំណង​យកមក​លក់​ឱ្យ​ថៅកែ​ម្នាក់ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ (​កន្លែង​បង្ក្រាប​) ។​
​ប្រភព​ខាងលើ​ដដែល​នេះ​បន្តទៀតថា តាម​ចម្លើយសារភាព​ពី​អ្នក​បរទេះ​ទាំង ៥​ខាងលើ ក្នុងចំណោម ១០​រទេះ មាន​ម្នាក់​ស្គាល់ផ្លូវ និង​ស្គាល់​កន្លែង​លាក់​ឈើ ដែល​ពួកគេ​ទៅ​ដឹក​យកមក​ដើម្បី​លក់​ឱ្យ​ឈ្មួញ​ម្នាក់​ដូច​បាន​រៀបរាប់​ខាងលើ ហើយ​កន្លងមក​ពួកគាត់​ធ្លាប់​ស៊ីឈ្នួល​ដឹកឈើ​ប្រណិត​ឱ្យឈ្មោះ ខន នៅ​ឃុំ​ឈើ​តុំ ក្រោយ​សួរនាំ​និង​បំពេញ​នីតិវិធី​ចប់សព្វគ្រប់ វត្ថុតាង​ទាំង​ឈើ​ទាំង​រទេះ ទាំង​អ្នក​បរទេះ ទាំង​សត្វ​ក្របី​ចំនួន ១០​ក្បាល បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បន្ត​តាម​នីតិវិធី ។​
​ប្រភពព័ត៌មាន​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានឱ្យដឹងថា ឈើ​ទាំង ១០​រទេះ​ខាងលើនេះ ជា​ឈើ​ប្រភេទ​ប្រណិត​ធ្នង់ មាន​ចំនួន ៥១​ដុំ ស្មើនឹង ៦.១៣៥​ម៉ែត្រគូប និង​រទេះ​កង់​រថយន្ត​ចំនួន ១០​រទេះ សត្វ​ក្របី​ចំនួន ៥​នឹម ស្មើនឹង ១០​ក្បាល ហើយ​វត្ថុតាង​ឈើប្រណិត​ខាងលើនេះ រួមទាំង​រទេះ​កង់​រថយន្ត​ចំនួន ១០​រទេះ បាន​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​នគរបាល​ស​ន្ទ្រែ ចំណែក​អ្នក​បរទេះ​ទាំង ៥​នាក់ រួមទាំង​សត្វ​ក្របី​យើង​បាន​បំពេញ​នីតិវិធី​លាយ​ល័​ក្ខ​ជា​អក្សរ​ត្រឹម​ត្រូវឱ្យ​គាត់​ទៅផ្ទះ​សម្បែង​វិញ រង់ចាំ​គោលការណ៍​ថ្នាក់លើ​ដើម្បី​អនុវត្តន៍​បន្ត ។​
​គួរ​រំលឹក​ផងដែរ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ស្រែ​ព​ពាយ និង​ភូមិ​គល់​ទទឹង ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ដដែល​នេះដែរ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ប្រមូល​ឈើ​ប្រភេទ​ប្រណិត​ធ្នង់​តាម​លំនៅដ្ឋាន ៤​កន្លែង ចំនួន ៥៩​ដុំ ស្មើនឹង ៦.៨៥៤​ម៉ែត្រគូប បាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហើយ​គេ​បាន​យក​វត្ថុតាង​ខាងលើនេះ យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ជា​បណ្ដោះអាសន្ន​ផងដែរ និង​កំពុង​កសាង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ម្ចាស់​លំនៅដ្ឋាន​ដែល​គេ​រកឃើញ​ឈើ​ខាងលើ បញ្ជូនមក​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់​ចាត់ការ​បន្ត៕

4856 217310