ដោយ ៖ ប្រុញ វិធិន
ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះបានឲ្យដឹងថា ផលប៉ះពាល់នៃជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ដែលបានបង្កការជន់លិចយ៉ាងកំហុកក្នុងអំឡុងរយៈពេលចុងខែកក្កដានេះ បើទោះបីជាកម្ពស់ទឹកនៅមិនទាន់ជន់លិចដល់កម្រិតប្រកាសអាសន្នយ៉ាងណាក្ដី តែក៏បានបង្កឲ្យមានផលប៉ះពាល់តិចតួច វិស័យកសិកម្ម វិស័យហេដ្ឋារចនាសម្ពន្ធក៏ដូចជាវិស័យសង្គមកិច្ចមួយចំនួនក្នុងខេត្ត និងបង្កឲ្យបុរសម្នាក់ស្លាប់ផងដែរ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្តបានបង្ហាញឲ្យដឹងថា ក្នុងអឡុងរយៈ៤ថ្ងៃ គិតត្រឹមថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែកក្កដា គ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កដល់វិស័យកសិកម្ម រួមមាន សន្ទូងស្រូវវស្សា មានចំនួនជាង ១៥០០ហិកតានៅតាមបណ្តាឃុំ/សង្កាត់ចំនួន ៣២ឃុំ/សង្កាត់ នៅតាមបណ្តាស្រុកក្រុងនៅទូទាំងខេត្ត និងជំលៀសសត្វពាហនៈ គោក្របី ជាង៣ពាន់ក្បាល់ ទៅកាន់ទីទួលសុវត្ថិភាព ។
ក្រៅពីនោះក៏បានបង្កផលប៉ះពាល់ដល់វិស័យហេដ្ឋានរចនាសម្ពន្ធដូចជា ដែលបានជន់លិចផ្លូវជាតិ៦កន្លែង មានចំនួនជាង៤ពាន់ម៉ែត្រ នៅក្នុងឃុំពីរនិងស្រុកពីរ ដែលមានទីតាំងនៅជាប់នឹងជួរមាត់ទន្លេ និងលិចលង់ផ្លូវលំនៅតាមជនបទចំនួន២៨ខ្សែរ មានប្រវែងជាង ៤ម៉ឺនម៉ែត្រ ។ លិចលង់ប្រព័ន្ធធារាសាស្ត្រចំនួន ៥៧កន្លែង ប្រវែងជាង៨ម៉ឺនម៉ែត្រ ប៉ះពាល់វិស័យសង្គមកិច្ច មានសាលារៀនចំនួន ៤៤សាលាបានលិចលង់ ក្នុងនោះក៏មាន២៨សាលាក៏បានផ្អាក់ការសិក្សាទាំងស្រុង បង្កការប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង២ពាន់ខ្នង ក៏ត្រូវបានជម្លៀសប្រជាពលរដ្ឋជិត១០០គ្រួសារទៅកាន់ទីទូលសុវត្ថិភាព ។
របាយការណ៍ដដែលបានបន្តថា មានបុរសវ័យ៥៣ឆ្នាំម្នាក់ រស់នៅឃុំជ្រោយបន្ទាយ ក្នុងព្រែកប្រសព្វ បានស្លាប់ដោយសារលង់ទឹក ខណៈដែលបុរសរូបនោះបានចុះទៅលុបមុខនៅមាត់ទន្លេបណ្តាលឲ្យធ្លាក់ទឹក ស្របទៅនឹងស្ថានភាពទឹកជំនន់ដែលបណ្តាលមកពីជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេមេគង្គនេះ។ អាជ្ញាធរខេត្តក្រចេះ បានអះអាងថា ស្ថានភាពការលិចលង់នេះ មិនទាន់បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ តែវាជាកត្តាអំណោយផលល្អដល់ការធ្វើដំណាំវិស័យកសិកម្មរបស់ប្រជាពលរដ្ឋនៅរដូវទឹកសម្រកទៅវិញ ។
កន្លងមកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ខេត្ត និងជាអភិបាលរងខេត្តក្រចេះ ឯកឧត្តម ខណ្ឌ ចំណាន ធ្លាប់បានបញ្ជាក់ប្រាប់ថា អាជ្ញាធរ ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត បានត្រៀមលក្ខណៈរួចជាស្រេចដូចជាស្បៀងថ្នាំសង្កូវ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ជួយដល់ប្រជាពលរដ្ឋប្រឈមនឹងការលិចលង់ ដើម្បីបញ្ជៀសពីគ្រោះមហន្តរាយធ្ងនធ្ងរដោយទឹកជំនន់ឲ្យមានសុខសុវត្ថិភាព ។
ក្នុងនោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយណ៍ថ្នាក់ខេត្ត ក៏ដូចជាណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយណ៍ថ្នាក់ស្រុក បានត្រៀមទីទួលសុវត្ថិភាពជាង២០០កន្លែង ទុកសម្រាប់ជំលៀសមនុស្ស និងសត្វពាហនៈ ដើម្បីបញ្ជៀសពីការលិចលង់ផងដែរ៕