អគ្គនាយក​ស៊ីម៉ាក់ ៖ បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង​នៅពេល​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 August, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា ហៅ​កាត់ CMAC បាន​សរសេរ អត្ថបទ​មួយ នៅក្រោម​ចំណងជើង​ថា «​អ្វី​ទៅ​ដែល​ហៅថា បដិវត្តន៍​ពណ៌​? តើ​បដិវត្តន៍​ពណ៌ កើតឡើង​តាមរបៀប​ណា និង​មាន​គោលបំណង​អ្វី​? what is color revolution? How can it happen and serves what purpose?» បង្ហោះ​នៅលើ Facebook ផ្លូវការ​របស់ខ្លួន​។​
​លោក ហេង រតនា អគ្គនាយក CMAC បាន​អះអាងថា បដិវត្តន៍​ពណ៌​ច្រើនតែ​កើតឡើង នៅពេល​បោះឆ្នោត ជាក់ស្តែង​ដូច​កាលពី​ឆ្នាំ​២០១៣-២០១៤​ជាដើម​។​
​អគ្គនាយក CMAC បានសរសេរថា តាម​អ្នកជំនាញ​ខាង​យោធា​បាន​លើកឡើងថា បដិវត្តន៍​ពណ៌​ជា​ចលនា សង្គ្រាម​មនោគមវិជ្ជា តាមរយៈ​បាតុកម្ម​អហឹ​ង្សា កូដកម្ម និង​អន្តរាគមន៍ ដើម្បី​ផ្លាស់ប្តូរ​របប​ដឹកនាំ​មួយ​! តាម​ការសង្កេតឃើញថា បដិវត្តន៍​ពណ៌ មានឱកាស​កកើតឡើង ពីរ​ឱកាស​សំខាន់​គឺ​៖
១៖ ឱកាស​នៅពេល​បក្ស​កាន់អំណាច​នោះ មាន​លេចចេញ​បាតុភាព​អាក្រក់​អ្វីមួយ​កើតឡើង ដូចជា​ការចោទប្រកាន់​ទាក់ទង​អំពើពុករលួយ អស្ថិរភាព​សេដ្ឋកិច្ច បញ្ហា​ជាតិនិយម​លើ​ការប្រកាន់​ពូជសាសន៍ បូរណភាព​ទឹកដី និង​បញ្ហា​បរិស្ថាន​ជាដើម និង ២៖ ឱកាស​នៅពេល​បោះឆ្នោត​។​
​អ្នកដឹកនាំ​អនុវត្ត​បដិវត្តន៍​ពណ៌ ភាគច្រើន​ជា​បក្សប្រឆាំង​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល (NGOs) ហើយ​កំលាំង​ចូលរួម គឺ​មហាជន និង​ពិសេស​យុវជន​។ តាម​អ្នកជំនាញ​សង្កេតឃើញថា របៀប​នៃ​ការ​ដំណើរការ​បដិវត្ត​ន៍ព​ណ៌​មាន​ប្រាំ (៥) ជំ​ហ៊ាន​សំខាន់​គឺ​៖
១៖ ការ​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ ដោយ​អហឹ​ង្សា (peaceful mass protests)
២៖ ការ​ញុះញង់ និង​ការធ្វើ​ឲ្យ​បាត់​ជំនឿ ចំពោះ​រដ្ឋាភិបាល​កំពុង​កាន់អំណាច (provocation and discrediting the government in power)
៣៖ ការ​បន្សាបអំណាច (the neutralization of power)
៤៖ ការបង្ក​ចលាចល​សង្គម និង​នយោបាយ (Social and Political chaos)
៥៖ ការឡើង​ដណ្តើម​អំណាច (a takeover power)
​ការបកស្រាយ​ងាយ​យល់ ចំពោះ​ប​ដិ​ត្ត​ន៍​ពណ៌​នេះ គឺជា​រដ្ឋប្រហារ​ដោយ​ប្រើប្រាស់​កំលាំង (​ស៉ី​វិល​) ប្រជាជន​ដោយ​អហឹ​ង្សា​! ហើយ​អ្នក​នៅ ក្រោយ​បដិវត្តន៍​ពណ៌ ដើម្បី​ទាញយក​នូវ​ផលប្រយោជន៍ និង​ឥទ្ធិពល​មនោគមវិជ្ជា​សំរាប់​រដ្ឋ​របស់​ពួកគេ​!! បដិវត្តន៍​ពណ៌​ដោយ​សន្ម​ត់ យក​ចលនា​នោះ​ជា​ពណ៌ ជា​ប្រភេទ​ផ្កា ជា​ក្លិន ដើម្បី​ងាយ​ចំណាំ និង​យល់ដឹង​!!
​គេ​ឃើញថា បដិវត្តន៍​ពណ៌​នេះ​ច្រើនតែ​ជាប់ផុង ក្នុងដំណាក់កាល​ទី​៤ គឺ​ចលាចល​សង្គម និង​នយោបាយ នៅពេលដែល​បក្ស​កាន់អំណាច មិន​ព្រម​ចុះចាញ់ ពេលនោះ​នឹង​ប្រែក្លាយ ទៅជា​សង្គ្រាម​ស៉ី​វិល​តែម្តង ដូច​ករណី​នៅ​ប្រទេស ស៉ី​រី និង​លី​បី​ជាដើម​។​
​បដិវត្តន៍​ពណ៌​ច្រើន​កើតឡើង នៅពេល​ឱកាស​បោះឆ្នោត​! ព្រោះថា នៅក្នុង​ឱកាស​បោះឆ្នោត​នេះ ងាយស្រួល​ក្នុងការ​បង្កើន​សន្ទុះ​ទឹកចិត្ត មហាជន និង​យុវជន​ឲ្យ​ប្រឆាំង​បក្ស​កាន់អំណាច​។ ជា​កលល្បិច និង​យុទ្ធសាស្ត្រ​យ៉ាងសំខាន់ នៅ​ពេលមុន​បោះឆ្នោត​ពួកគេ​ខិតខំ​ពង្វក់ ស្មារតី និង​អូសទាញ​ជំនឿ​ទុកចិត្ត​មហាជន​ថា ពួកគេ​ដាច់ខាត​នឹង​ឈ្នះ​ក្នុងការ​បោះឆ្នោត នៅពេល​ចាញ់ឆ្នោត​គេ​ត្រូវ​លើ​មូល​ហេតុថា មកពី​ការបោះឆ្នោត​មិន​តម្លាភាព កេង​បន្លំ​សន្លឹកឆ្នោត លួច​សន្លឹកឆ្នោត បំផ្លាញ​សន្លឹកឆ្នោត ទាមទារ​ការបោះឆ្នោត​ឡើងវិញ​ទាមទារ​រាប់ សន្លឹកឆ្នោត​ឡើងវិញ ចោទ​ប្រកាន់បក្ស​កាន់អំណាច និង​គណកម្មការ​បោះឆ្នោត ជា​ក្រុម​តែមួយ​ជាដើម​។​
​នោះ​ជា​ឱកាស​នៃ​ការចាប់ផ្តើម និង​ទាញយក​ស្មារតី​យ៉ាង​មុត​ស្រួច ជា​ឆ​ន្ទះ​គ្មាន​រួញរា​ក្នុងការ​ចលនា តស៊ូ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​! ឱកាស​នេះ​ងាយស្រួល ក្នុងការ​អនុវត្ត​យុទ្ធវិធី​ទី​២ នៃ​កលល្បិច​ក្នុង​ការធ្វើបដិវត្ត​ន៍ព​ណ៍ គឺ​ការ​ញុះញុង និង​ការធ្វើ​ឲ្យ​បាត់​ជំនឿ ចំពោះ​បក្ស​កំពុងកាន់​អំណាច​! គេ​បាន​បង្កើត​ក្រុម​ជំនាញ​ការងារ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ ដែល​ហៅថា​មជ្ឈមណ្ឌល សំរាប់​អនុវត្ត​សកម្មភាព និង​យុទ្ធសាស្ត្រ​ដោយ​អហឹ​ង្សា (the Centre for Applied Nonviolation Action and Strategies = CANVAS)!
​នៅ​កម្ពុជា​ឆ្នាំ​២០១៣-២០១៤ ពិតជា​មាន​កើត​បដិវត្តន៍​ពណ៌​នេះ ពិតប្រាកដ​មែន ហើយ​ឥឡូវនេះ គេ​ឃើញ​មាន​ក្រុម​ជំនាញ​មកជា​ច្រើន អង្គការ​បានជា​ប់​ពាក់ព័ន្ធ​! តើ​អ្នកដឹកនាំ បដិវត្តន៍​ពណ៌​ត្រូវ​ទទួលខុសត្រូវ​យ៉ាងណា​?៕