កម្ពុជា​-​ឡាវ សន្យា​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ឈរលើ​គោលការណ៍​ស្មើភាព និង​មិត្តភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 September, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​និង ឡាវ បានធ្វើ​ស​ន្និសិទ​កាសែត​រួមគ្នា​មួយ ហើយ​បានបង្ហាញ​ជំហរ​ដូចគ្នា​ថា នឹង​ដោះស្រាយ​បញ្ហា ព្រំដែន​ដែល​នៅ​សេសសល់ សំខាន់​ចំណុច​ព្រំដែន​ដែលមាន​វិវាទ​កន្លង​ទៅក្នុង​ខេត្តស្ទឹងត្រែង ដោយ​ឈរលើ​គោលការណ៍​ស្មើភាព មិត្តភាព មិន​ឲ្យ​នរណា​ខាត​ឬ​ចំណេញ​នោះទេ ។​
លោក ថោង​លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ឡាវ បានបង្ហាញ នូវ​ការប្តេជ្ញាចិត្ត​និង​ជឿជាក់​លើ​ការដោះស្រាយ​បញ្ហា​ព្រំដែន ដោយ​ស្មើភាព​និង​មិត្តភាព​ដោយ​មិន ឲ្យ​ភាគី​ណា​ខាត​ឬ​ចំណេញ​នោះឡើយ ។ ទន្ទឹម​នោះ​លោក​ក៏បាន​យល់ព្រម​ទទួលយក​នូវ សំណើរ​៤​ចំណុច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នូវ សេសសល់ ។​
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា បន្ទាប់ពី​ការបញ្ចប់​ការពិភាក្សា​យើង​បាន ព្រមព្រៀងគ្នា​លើ​៤​ចំណុច​សំខាន់ៗ សម្រាប់ធ្វើ​ការដោះស្រាយ​បញ្ហា​ព្រំដែន ក្នុងនោះ​រួមមាន ទី​១៖ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត រដ្ឋមន្ដ្រីការបរទេស នៃ​ប្រទេស​ទាំង​២ នឹង​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រក​ការដោះស្រាយ ស្រុះស្រួល និង​ការយោគយល់​គ្នា​។​
​ទី​២៖ ភាគី​មិត្ត​ឡាវ ក៏បាន​យល់ព្រម​តាម​សំណើ​របស់​កម្ពុជា ពិនិត្យ​ដោះស្រាយ​៤​ចំណុច ដែល​នៅ​សេសសល់ តាមរយៈ​លិខិត ដែល​ខ្ញុំ​ផ្ញើជូន ឯកឧត្តម ថោង​លន់​។ ទីតាំង​ដែល​ត្រូវ​ដោះស្រាយ​នោះ មាននៅ​ចំណុច​បង្គោល​លេខ​០៣៣ លេខ​០១៧ តំបន់​អូរ​ស្វាយ​-​វើ​ន​ខាំ ទីតាំង​ទី​៤ បង្គោល​លេខ​០៣ (១) ហើយ​ចំណុច​ទាំងនេះ​ត្រូវ​ដោះស្រាយ មុន​ចំណុច​អូរ​តា​ង៉ាវ ដោយសារតែ​ចំណុច​អូរ​តា​ង៉ាវ មានការ​លំបាក ដូច្នេះ​ត្រូវ​ប្រ​យ៉ាប់​ប្រ​យ៉ា​ល់​ចុះ​ដោះស្រាយ​៤​កន្លែង​នេះ​មុន​។​
​ទី​៣៖ ភាគី​ទាំង​២ ឯកភាពគ្នា​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​ទាំង​២ ចុះទៅ​ដោះស្រាយ​នៅនឹងកន្លែង នៅ​តំបន់​អូរ​តា​ង៉ាវ ដែល​បញ្ហា​នៅ​សេសសល់​។ តាម​ការ​ឯកភាពគ្នា គឺ​យើង​ត្រូវ​ពិនិត្យ​ដី​ណា​ជា​របស់​កម្ពុជា និង​ដី​ណា​ជា​របស់​ឡាវ គឺ​ត្រូវ​កំណត់​ឲ្យ​ច្បាស់​រកឃើញ​មួយកន្លែង ត្រូវ​បោះបង្គោល​នៅ​កន្លែង​នោះ​តែម្ដង​។ យោងទៅតាម​ចំណុច​នេះ យើង​នៅសល់តែ​២០​បង្គោល​តែប៉ុណ្ណោះ ដែល​មិនទាន់បាន​បោះ​នៅក្នុង​តំបន់​អូរ​តា​ង៉ាវ​នេះ ដូច្នេះ​សូម​ឲ្យ​ភាគី​ទាំង​២​ចុះ​ទៅដល់​កន្លែង ហើយ​ដេក​នៅ​ទីនោះ​តែម្ដងទៅ​។​
​ចំណុច​ទី​៤៖ នាយករដ្ឋមន្ដ្រី​ទាំង​២ នឹង​សរសេរ​លិខិត​ជូនទៅ​ប្រធានាធិបតី​បារាំង ដើម្បី​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត ១/១០០.០០០ មក​ខ្នាត​១/៥០.០០០ និង​សុំ​ឲ្យ​បារាំង​ផ្ដល់​ឯកសារ​ផ្សេងទៀត ដែល​ទាក់ទង​ដល់​ព្រំដែន​កម្ពុជា​ឡាវ ។​
យ៉ាងណាក៏ដោយ​សម្តេច ហ៊ុន សែន ក៏បាន​ថ្លែង​បញ្ជាក់ថា សម្តេច​នឹង​ស្នើសុំ​ផែនទី​ក៏​ដូច ជា​ឯកសារ​ពាក់ព័ន្ធ​ពី​ប្រទេស​បារាំង​យកមក​ផ្ទៀងផ្ទាត់​និង​បោះបង្គោល​ព្រំដែន ដើម្បី​បញ្ចប់​មន្ទិល បញ្ហា​ព្រំដែន រវាង​កម្ពុជា​និង​ឡាវ ៕