តុលាការ​ខេត្តកណ្តាល ចេញ​សេចក្តីថ្លែងការណ៍​ពន្យល់​ពី​អនុវត្ត​សាលក្រម​ដ៏​ចម្រូងចម្រាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2017 ក+ ក-

​កណ្តាល ៖ កាលពី​រសៀល​ថ្ងៃទី​០៨ ខែ កញ្ញា កន្លងទៅនេះ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ចុះ​ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ បន្ទាប់ពី​អនុវត្ត​សាលក្រម​របស់​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ កញ្ញា កន្លងទៅ ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវបាន​សាធារណៈមតិ​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ក្នុងការ​អនុវត្ត​សាលក្រម​នោះ ។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ បាន​និយាយថា ភាគី​ចាញ់ក្តី​បាន​មកសុំ​ម្ចាស់​ដី​ឈ្មោះ លឹម ម៉ាច ស្នាក់នៅ​ជា​បណ្តោះអាសន្ន ដោយ​ធ្វើ​តូប​ប៉ះ​កង់​ដើម្បី​ចិញ្ចឹម​គ្រួសារ ។ ដោយមាន​ការអាណិតអាសូ​រ ម្ចាស់​ដី​ខាងលើ​បានអនុញ្ញាត​ឲ្យ​រស់នៅ​លើដី​ចំណី​ថ្នល់​ដែល​ស្ថិតនៅ​ពីមុខ​ដី​របស់ខ្លួន ។ ត្រង់ចំណុច​នេះ ត្រូវបាន​ភាគី​ចាញ់ក្តី​បដិសេធ​ទាំងស្រុង ដោយ​ពួកគាត់​និយាយថា មិនដែល​ស្គាល់មុខ​ម្ចាស់​ដី​ទាល់តែសោះ សូម្បី​តាំងតែ​មានទំនាស់​ប្តឹងផ្តល់​គ្នា​តាំងពី​សាលាដំបូង​ខេត្តកណ្តាល​រហូតដល់​តុលាការ​កំពូល គឺ​មិនដែល​បាន​ជួប​មុខ​ម្ចាស់​ដី​ម្តងណា​ទាល់តែសោះ ។​

​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅនេះ តុលាការ​ខេត្តកណ្តាល បាន​ចុះ​អនុវត្ត​សាលក្រម​របស់​តុលាការ​កំពូល ។ ការអនុវត្ត​សាលក្រម​នោះបាន​ប្រើ​កម្មករ និង គ្រឿងចក្រ វាយកម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ភាគី​ចាញ់ក្តី​ចំនួន​បី​ខ្នង​រៀប​ដល់​ដី ក្រុមគ្រួសារ​ភាគី​ចាញ់ក្តី​ចំនួន​ពីរ​នាក់​បាន​ដួលសន្លប់​ស្រី​ម្នាក់ ប្រុស​ម្នាក់ ។ សកម្មភាព​របស់​សម​ត្ថ​កិច្ច​ក្នុង​ការចុះអនុវត្ត​សាលក្រម​នោះ ត្រូវបាន​សាធារណៈមតិ​ធ្វើការ​រិះគន់​យ៉ាងខ្លាំង ដោយសារ​សមត្ថកិច្ច​បា​ន​ប្រើ​ភាព​បង្ខំ​ទាំង​កម្រោល សូម្បីតែ​កម្មករ​ក៏មាន​សិទ្ធិ​ចាប់​អោប​គ្រៀក និង សែង​ក្មេងស្រី ស្ត្រី​ជា​ម្តាយ​ស្ទើរ​របូត​សម្លៀកបំពាក់​អស់ពី​ខ្លួន ។ ការអនុវត្ត​នេះដែរ គេ​នៅ​បានឃើញ​ខាង​ម្ចាស់បំណុល​បញ្ជា​រលើ​កងក​ម្លាំ​ង មន្ត្រី​អាជ្ញាសាលា​ទៀតផង ។ ការធ្វើ​បែបនេះ សាធារណៈមតិ​រឹតតែ​ធ្វើការ​រិះគន់​បន្ថែមទៀត ដោយ​និយាយថា សកម្មភាព​នេះ វា​ផ្ទុយ​ពី​ច្បាប់​ទាំងស្រុង ។​

​គួរបញ្ជាក់​ផងដែរ បន្ទាប់ពី​អនុវត្ត​សាលក្រម​ចប់​ទាំង​បង្ខំ​នោះ នៅ​រសៀល​ថ្ងៃ​ដដែល​
​លោក ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​បាន​ចុះទៅពិនិត្យ​ស្ថាន​ការ និង បាន​សួរ​សុខ​ទុក​ភាគី​ចាញ់ក្តី ហើយក៏​បាន​ដោះស្រាយរ​កដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​បានរស់នៅ​បន្តទៀត ។ ការចុះទៅ​ជួប​ប្រជាពលរដ្ឋ​នោះ លោក​មិនបាន​នាំយក​នូវ​អំណោយ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ភាគី​ចាញ់ក្តី​ឡើយ ខណៈដែល​ពួកគាត់​គ្មាន​ទីជម្រក ប៉ុន្តែ​លោក​បាន​សន្យាថា នឹង​ដោះស្រាយរ​កដី​ឲ្យ​ពួកគាត់​បាន​ជ្រកកោន ។ ទោះជា​យ៉ាងនេះ​ក្តី ភាគី​ចាញ់ក្តី​នៅតែ​អះអាងថា មិន​ចេញ​ទៅណា​ពី​ដី​លំនៅឋាន​ដែល​គេ​វាយកម្ទេច​នោះឡើយ ដោយ​ពួកគាត់​និយាយថា ដី​ដែល​ពួកគាត់​រស់នៅ​នោះ គឺជា​ដី​ចំណីផ្លូវ និង ជា​ដី​រដ្ឋ បើ​រដ្ឋ​ត្រូវការ ពួកគាត់​ប្រគល់​ឲ្យ​រដ្ឋ​វិញ ។ ប៉ុន្តែ​តុលាការ​ត្រូវប្រគល់​ឲ្យ​ឯកជន​ទៅវិញ ដូច្នេះ​ពួកគាត់​នឹង​ទាមទារ​យក​ឲ្យ​បាន​មកវិញ​ដើម្បី​ធ្វើជា​ទ្រព្យ សម្បត្តិ​រដ្ឋ ។ ក្រោយពី​វាយកម្ទេច​ផ្ទះ​ចំនួន​បី​ខ្នង​ហើយ ថ្ងៃទី 9 ខែ កញ្ញា នេះ គេ​បានឃើញ​ម្ចាស់បំណុល​ធ្វើ​របង​សង្ក​សី​ព័ទ្ធជំវិញ​ហើយ​ភាគី​ចាញ់ក្តី នៅ​មិនទាន់​ទៅណា​ឆ្ងាយ​ពី​ដី​នោះដែរ ៕