សួនច្បារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា នឹង​សង់​នៅ​ក្រុង​សែន​មនោ​រម្យ ប្រើ​ថវិកា​ជាង​៣​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017 ក+ ក-

​មណ្ឌលគិរី ៖ សួនច្បារ​ដែលមាន​ទំហំ​ដល់​ទៅ​ជាង​២០​ហិកតា ដែល​ចាត់ទុកថា ជា​សួនច្បារ​ដ៏​ធំ បំផុត​ក្នុងប្រទេស​កម្ពុជា​នោះ ជិត​នឹងមាន​វត្តមាន​ផុស​ឡើង​ចំ​កណ្តាល​ទីក្រុង​សែន​មនោ​រម្យ របស់​ខេត្តមណ្ឌលគិរី នាពេល​ឆាប់ៗ​ខាងមុខនេះ ក្រោម​កញ្ចប់​ថវិកា​ស្ថាបនា​ជាង​៣​លាន​ដុល្លារ របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្រា​ដែល​ខេត្ត​ដាច់ស្រយាល​មួយ​នេះ បាន​បន្សល់ទុក​ព្រលាន​យន្ត ហោះ​ប្រវែង​ជាង​២​គីឡូម៉ែត្រ អំណោយ ផល​សម្រាប់​ការស្ថាបនា​សួនច្បារ​ដ៏​ធំ​នេះ​ឡើង ។​
​ ​លោក ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២០ តុលា​នេះ​ថា សួន ច្បារ ដែល​គ្រោង និង​ដាក់ឈ្មោះថា សួនឧទ្យាន​សែន​មនោ​រម្យ​នេះ ជា​អតីត​ព្រលានយន្តហោះ ដែល បន្សល់ទុក​ពី​សម័យ​អតីតកាល ហើយ​បច្ចុប្បន្ន​ដំណើរការ​សាង់សង់​សួនច្បារ​យក្ស​នេះ គឺ​បាននិងកំពុង ចាប់ផ្ដើម​ជា​ជំ​ហ៊ាន​ហើយ ក្រោម​ការសហការ​គ្នា រវាង​អាជ្ញាធរខេត្ត​មណ្ឌលគិរី ជាមួយ​ក្រសួង​រៀបចំ​ដែន ដី​នគររូបនីយកម្ម និង​សំណង់ ដែលមាន​អ្នកជំនាញ​ច្បាស់លាស់ មក​ដឹកនាំ​ស្ថាបនា ។ លោក​បន្តថា សួនឧទ្យាន​សែន​មនោ​រម្យ ដែល​កំពុង​ស្ថាបនា​គឺមាន​ទំហំ​លើ​ផ្ទៃដី ២១២.៥៥៣ ម៉ែត្រក្រឡា មាន​ប្រវែង បណ្តោយ​១២០០​ម៉ែត្រ មាន​លក្ខណៈ​ជា​សួនឧទ្យាន​រុក្ខសាស្ត្រ រៀបចំ​ដាំ​ដុះ​រុក្ខជាតិ​សម្បូរបែប ក្នុង​គោល បំណង​សិក្សា​ស្រាវជ្រាវ ការកម្សាន្ត និង​ទស្សនា​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។​
​អភិបាលក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ទៀតថា នៅលើ​សួនឧទ្យាន​នេះ​នឹងមាន​កសាង រៀបចំ​ជា សួនឧទ្យាន​បែប Classic អាច​ប្រើប្រាស់​បាន​លើ​មនុស្ស​គ្រប់គ្នា មាន​ទាំង​ការ​ក្រាល​ថ្ម​ក្រា​នី​ត កន្លែង​ក្មេង លេង កន្លែង​ហាត់ប្រាណ កន្លែង​តាំងពិព័រណ៍ មណ្ឌលកីឡា លំហរ​ពហុ​មុខងារ កន្លែង​វិនិយោគ និង បង្គន់ អនាម័យ​ជាដើម ហើយ​ក្នុងនោះដែរ​ក៏មាន ការដាំ​រុក្ខជាតិ​សំខាន់ៗ ដែល​បង្ហាញ​អំពី អត្តសញ្ញាណ ខេត្តមណ្ឌលគិរី រួមជាមួយ​វប្បធម៌​ជនជាតិ​ភ្ន​ង ព្រមទាំង​មាន ការដាក់​តាំង​ពិ​ព័​ណ​វត្ថុ​បូរាណ និង​ការ បង្ហាញ​អត្តសញ្ញាណ​ជាតិ​ផ្សេងៗ​ផងដែរ ។ លោក​អភិបាលក្រុង​បញ្ជាក់ថា សួនច្បារ​ថ្មី​នេះ នា​អនាគត​ក៏ អាច ជួយ​ទាក់ទាញ​ចំនួន​អ្នក​ទេសចរណ៍​បន្ថែម​ទ្វេដង​សម្រាប់​ខេត្តមណ្ឌលគិរី​ផងដែរ ។​
​សូម​រម្លឹកថា ក្នុង​វេទិការ​ជាតិ​លើ​ទី​២ ស្តីពី​ការ​កា​ពារ​និង​អភិរក្ស​ធនធានធម្មជាតិ នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២២ ខែសីហា នោះដែរ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ផងដែរ​ថា អតីត​ព្រ​លា​ន្ត​យន្តហោះ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មិន​ប្រគល់​ឲ្យ​ឯកជន​ណាមួយ​នោះទេ តែ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ត្រូវ​ទៅ​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​សួនឧទ្យាន​ដ៏​ធំ​បំផុត​របស់​កម្ពុជា​វិញ ។ សម្តេច​ថ្លែង​កោតសរសើរ​ថា ទីក្រុង​ដែលមាន​ផ្លូវ​ល្អ​នា​ថ្ងៃ​អនាគត​គឺ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ក្រុង​បាន​លុង ខេត្តរតនគិរី និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​មានជ័យ ដែល​ក្រុង​ទាំងនោះ​នឹង​ក្លាយជា​ក្រុង​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​យ៉ាងសំខាន់​របស់​កម្ពុជា នាពេល​អនាគត​៕