កូរ៉េខាងត្បូង ៖ នៅថ្ងៃសុក្រនេះរដ្ឋមន្ត្រីការពារសហរដ្ឋអាមេរិកលោក ជេម ម៉ាទីស (James Mattis) បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងដែលជាការធ្វើដំណើរដ៏សំខាន់នៅតំបន់អាស៊ីក្នុងបំណងបញ្ជាក់ពីកិច្ចប្រឹងប្រែងការទូតដោះស្រាយវិបត្តិអហិង្សានូវភាពតានតឹងដែលចេះតែកើនឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងជើង។
ក្នុងដំណើរមកដល់របស់រដ្ឋមន្ត្រីការពារអាមេរិកនៅថ្ងៃនេះត្រូវបានគេរំពឹងថា លោកនឹងធ្វើដំណើរជាមួយរដ្ឋមន្ត្រីការជាតិប្រទេសកូរ៉េខាងត្បូងលោក សុង យុងមូ ទៅតំបន់គ្មានកងទ័ព ឬហៅថា តំបន់ស (DMZ) ដែលជាបន្ទាត់ចែកព្រំដែនរវាងប្រទេសកូរ៉េខាងជើង និងខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះលោក ម៉ាទីស បានធ្វើការរិះគន់ខ្លាំងៗជាថ្មីទៀតចំពោះការបាញ់សាកល្បងមីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើងដោយនិយាយថា ប្រទេសនេះកំពុងគំរាមកំហែងសន្តិសុខតំបន់និងពិភពលោក។
សូមបញ្ជាក់ថា លោក ម៉ាទីស បានចាប់ផ្ដើមដំណើរទស្សនកិច្ចមកតំបន់អាស៊ីរយៈពេល១សប្ដាហ៍ដោយចាប់ផ្ដើមធ្វើដំណើរមុនគេគឺទៅកាន់ប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕