រាជធានីភ្នំពេញ ៖ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំនេះ ប្រជាពលរដ្ឋ ប្រមាណ៣,២លាននាក់ កើនឡើងប្រមាណ ១៥% បើប្រៀបធៀបឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍ក្រសួងទេសចរណ៍ រួមទាំងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ។
តាមរបាយការណ៍បានបញ្ជាក់ថា គោលដៅសំខាន់ៗ ដែលទទួលភ្ញៀវទេសចរណ៍ រួមមានតំបន់សៀមរាបអង្គរ ទទួលភ្ញៀវទសចរណ៍ប្រមាណ២៨១.៩៣៩នាក់ កើនឡើងជិត៤០% ក្នុងនោះភ្ញៀវអន្តរជាតិប្រមាណ៣១.៩៣៨នាក់ កើនឡើង០,៣៥% បើប្រៀបធៀបឆ្នាំមុន ។ ចំណែកខេត្តព្រះសីហនុ សរុបភ្ញៀវទេសចរណ៍មានចំនួន ៨៥.០០០នាក់ កើនឡើងជិត ៦% ក្នុងនោះភ្ញៀវអន្តរជាតិ ១១.០៥០នាក់ កើនឡើង១៤,៥០% ខណដែលខេត្តកំពត ទទួលភ្ញៀវ ទេសចរណ៍ប្រមាណ ៧៦.៦៥៨នាក់ កើនឡើង២៩,១៧% ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១.៦៨៧ កើនឡើងប្រមាណ៧,២៥% ។
ចំពោះខេត្តភូមិភាគឥសាន ភ្ញៀវទេសចរណ៍ទៅកាន់តំបន់នោះក៏មានការកើនឡើងគួរឲ្យ កត់សម្គាល់ផងដែរ ដូចជា ខេត្តរតនគីរី ទទួលបានភ្ញៀវទេសចរណ៍ ១២.៧៤៤នាក់ កើនឡើង ២៩,០៤% ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៣៣១នាក់ កើនឡើង១៥,៣៣% ។ ចំណែកខេត្តមណ្ឌល គីរី ទទួលបានភ្ញៀវទេសចរណ៍ចំនួន១៣.៣៧២នាក់ កើនឡើង២២,៨៣% ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន២៩៦នាក់ កើនឡើងប្រមាណ៣៤,៥៤% ៕