ពលរដ្ឋ​នៅ​ប៉ោយប៉ែត​បន្ត​ជួប​បញ្ហា​រឿង​សំបុត្រ​ចូល​ផ្សារ​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2017 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែលជា​អាជីវករ​រាប់រយ​នាក់​ខកខាន​មិនបាន​ចូលទៅ​លក់ដូរ​នៅ​ផ្សារ​រោង​គ្លឿ​ប្រទេស​ថៃ ដោយសារ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិន​ផ្តល់​សំបុត្រ​ចូលដល់​ពួកគាត់​បាន​ចូល​។​
​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិនបាន​ចូល​ដី​ថៃ​ទាំង​នោះបាន​ប្រាប់​នា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ថា ពួកគាត់​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ដល់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​មិនបាន​យកចិត្តទុកដាក់​ចំពោះ​មុខរបរ​បស់​ពួកគាត់​។​
ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​បញ្ចេញ​ប្រតិកម្ម​ហាក់​ខឹង​ត្រ​លោត ខណៈ​ដឹងថា គាត់​ត្រូវ​ខកខាន​ចូល​បើក​អាជីវកម្ម​លក់ដូរ​នៅក្នុង​ផ្សារ​ដី​ថៃ​។ ស្ត្រី​រូបនោះ​បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ​ពួកគាត់​ខឹង​អាជ្ញាធរ ដោយសារ​មិនបាន​យក​ទំនិញ​ឲ្យ​ម៉ូយ​មានតម្លៃ​រាប់សែន​បាត​ប្រាក់​ថៃ ។​
​សូម​រំលឹកថា កន្លងទៅ​សំបុត្រ​ចូល​ផ្សារ​ថៃ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ប៉ោយប៉ែត​ជា​អ្នកលក់​ឲ្យ​ពលរដ្ឋ​សម្រាប់​ម្នាក់​តម្លៃ​១០​បាត​ចូល​ម្តង​ហើយ​មួយថ្ងៃៗ​ពលរដ្ឋ​ខ្លះ​ប្រើ​សំបុត្រ​អស់​៣​ទៅ​៥​សំបុត្រ ប៉ុន្តែ​ក្រោយមក​នៅ​ដើមឆ្នាំ​២០១៧​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លោក​ង៉ោ​ម៉េង ជ្រូ​ន​បានចេញ​មុខ​ធនា​រាប់​រង​ក្នុងការ​បោះពុម្ព​ជូន​ពលរដ្ឋ ដើម្បី​កាត់បន្ថយ​ការចំណាយ ។ តែ​ថា​ការចេញមុខ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លើ​បញ្ហា​សំបុត្រ​មិនបាន​ធើ្វ​ឲ្យ​ក្រុមអាជីវករ​ធូ​ស្រាល​បន្ទុក​ដូច​ការគិត​របស់​អាជ្ញា​ធរ​ទេ ព្រោះ​ថ្ងៃ​ខ្លះ​សំបុត្រ​មាន​ថ្ងៃ​ខ្លះ​សំបុត្រ​ខ្វះ ដែលជា​ហេតុ​ធើ្វ​ឲ្យ​ពួកគាត់​ប្រឈម​។​
​ទន្ទឹម​និង​នេះ​ប្រជាពលរដ្ឋ​ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មេត្តា​ដោះស្រាយ​លើ​ករណី​ប័ណ្ណ​ចូល​ផ្សារ​ថៃ​ឲ្យ​បានល្អ​ប្រសើរ​ជៀសវាង​ធើ្វ​ឲ្យ​ពលរដ្ឋ​ខកខាន​ដូច​សព្វថ្ងៃ​៕