ក្រុមប្រឹក្សាសន្តិសុខ​UN ថ្កោលទោស​អំពើហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2017 ក+ ក-

​យូ​អិន ៖ ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បានអនុម័ត​ជា​ឯកច្ឆន្ទ​នូវ​សេចក្ដីថ្លែងការណ៍​មួយ​ដោយបាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​ដែល​បានធ្វើ​ឲ្យ​ពលរដ្ឋ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦០​ម៉ឺន​នាក់​រត់​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។​
​សេចក្ដីថ្លែងការណ៍​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ចាត់វិធានការ​បន្ទាន់​មួយ​ដើម្បី​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស ហើយ​ក៏បាន​សម្ដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​របាយការណ៍​ពី​ការបំពាន​សិទ្ធិមនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ឃី​ន​ពី​សំណាក់​កងកម្លាំង​សន្តិសុខ​ប្រទេស​មី​យ៉ាន់​ម៉ា​ចំពោះ​ពលរដ្ឋ​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។​
​របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ពី​ការប្រើ​កងកម្លាំង​និង​ការបំភិតបំភ័យ​ជា​ប្រព័ន្ធ ការកាប់សម្លាប់​មនុស្ស​ប្រុស​ស្រី​និង​កូនក្មេង អំពើហិង្សា​ផ្លូវភេទ និង​ការដុត​បំផ្លាញ​លំនៅឋាន​ព្រមទាំង​ទ្រព្យសម្បត្តិ​ផងដែរ​។​
​សេចក្ដីថ្លែងការណ៍​នេះ​ត្រូវបាន​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ប្រទេស​បារាំង និង​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​មួយចំនួនទៀត ប៉ុន្តែ​ត្រូវបាន​ជំទាស់​ពី​ប្រទេស​ចិន​ដែលជា​សម្ពន្ធមិត្ត និង​ជា​ប្រទេសជិតខាង​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​៕