សេអ៊ូល ៖ ក្រុមអ្នកប្រឆាំងលោក ត្រាំ រាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះដើម្បីតវ៉ាប្រឆាំងនឹងដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) មកកាន់ប្រទេសកូរ៉េខាងត្បូង។
ក្រុមអ្នកតវ៉ាបានថ្កោលទោសលោក ត្រាំ ចំពោះសង្គ្រាមពាក្យសម្ដីរបស់លោកប្រឆាំងប្រទេសកូរ៉េខាងជើងដោយបាននិយាយថាពាក្យសម្ដីរបស់លោក ត្រាំ អាចនាំអោយកើតមានសង្គ្រាមម្ដងទៀតនៅលើឧបទ្វីបកូរ៉េ។ ទន្ទឹមនោះក្រុមអ្នកតវ៉ាក៏បានរិះគន់លោក ត្រាំ ចំពោះការដាក់សម្ពាធសេដ្ឋកិច្ចមកលើប្រទេសកូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា លោក ត្រាំ នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in) នៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនក្នុងនោះរួមមានទាំងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕