រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ​នឹង​ឈប់​ឲ្យ​បត់​ឆ្វេង​ទាំង​៤​ទិស នៅ​ចំណុច​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2017 ក+ ក-

​ភ្នំពេញ ៖ រថយន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ ត្រូវបាន​ហាមឃាត់​មិន​អនុញ្ញាត ឲ្យ​បត់ ឆ្វេង​ត្រង់ចំណុច​ផ្លូវខ្វែង នៅ​ភ្លើងស្តុប ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ខណៈដែល​កំពុង​ដំឡើង ពុម្ព​ចាក់ ត ភ្ជាប់​កម្រាល​ស្ពាន​។​
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ថា រថយន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ នឹងត្រូវ​ហាមឃាត់ បត់​ឆ្វេង​ទាំង ៤​ទិស នៅ​ទីតាំង​ភ្លើងស្តុប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដោយសារ​ស្ថានភាព​ទីតាំង​បត់​តូចចង្អៀត និង​ចៀសវាង​បង្ក​ការប៉ះពាល់​ដល់​សសរ​ទ​ម្រ ដែល​ត្រូវបាន និង​កំពុង​ដំឡើង​ពុម្ព​សសរ​ទម្រ និង​ពុម្ព​កម្រាល​ដែល​កំពុងដំណើរការ ត ភ្ជាប់​តួ​ស្ពាន​ផ្នែក​កណ្តាល នៅ​ចំណុច​ទីតាំង​ភ្លើងស្តុប ។​
ជាមួយគ្នា​នោះដែរ សាលា​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ តាម​ចំណុច​ហាមឃាត់​ខាងលើ ចូលរួម​សហការ​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងពេល​ធ្វើដំណើរ​ជិត​ការដ្ឋាន​សំណង់​ស្ពាន​អាកាស​ខាងលើនេះ​​។
​សូម​រំឭកថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ បាន​សាងសង់​សម្រេចបាន ៧០​ភាគរយ​ហើយ គិត​មកទល់ពេលនេះ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​កាលពី​ខែសីហា ឆ្នាំ​២០១៦​។ ស្ពាន​នេះ មាន​ប្រវែង ៩០៥​ម៉ែត្រ ទទឹង ១៦,៦​ម៉ែត្រ​។ យោងតាម​គម្រោង ស្ពាន​អាកាស​ផ្សារ​ដី​ហុយ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ខែធ្នូ ឆ្នាំ​២០១៧៕