រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន៥០៧,៤៣៨នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះចោលមានចំនួនជាង១.៧ម៉ឺននាក់ និងអ្នកសុំកែតម្រូវឈ្មោះមានចំនួនជាង៥ពាន់នាក់។ នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ជាមួយគ្នានេះ គ.ជ.ប ក៏សូមអំពាវនាវបងប្អូនដែលគ្រប់អាយុបោះឆ្នោត, បងប្អូនផ្លាស់ប្តូរទីលំនៅ និងអ្នកគ្រប់អាយុបោះឆ្នោតហើយ តែមិនទាន់ចុះឈ្មោះ សូមរួសរាន់ទៅចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ខណៈថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ គឺជាថ្ងៃចុងក្រោយនៃដំណើរការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឆ្នាំ២០១៦។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។
សូមបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕