ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀតហើយ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​ ខណៈ​ចូលទៅ​កាប់​ឈើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​៣​នាក់​ទៀតហើយ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ខណៈ​ចូលទៅ​កាប់​ឈើ​គ្រញូង ក្នុង​តំបន់​នួន​កិន​ដែង​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ស្ថិតក្នុង​ខេត្ត​បុរី​រ៉ាំ ប្រទេស​ថៃ ។​
​តាម​ព័ត៌មាន​បានឱ្យដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​៣​នាក់​ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​ថៃ​ចាប់ខ្លួន ខណៈពេលដែល​លួច​កាប់​ឈើ​គ្រញូង​នៅក្នុង​តំបន់​នួន​កិន​ដែង ដែល​ឈម​នឹង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ពេល​ចាប់​ក៏មាន​ឈើ​គ្រញូង​ជាច្រើន​ដុំ និង​រណារ​ដៃ​ធំ​១​គ្រឿង​សម្រាប់​លួច​កាត់ឈើ​គ្រញូង​ផងដែរ ។ ប្រភព​ដដែល​បានបញ្ជាក់​ពលករ​ខ្មែរ​ទាំង​៣​នាក់ ទី​១-​ឈ្មោះ​សាំង ជា ទី​២-​ជា ចួន ទី​៣-​រួម រើ​ត​។​
​គួររំលឹកថា កាលពី​កន្លងទៅ​ថ្មីៗ​នេះ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា បញ្ហា​ច្រករបៀង​ខុសច្បាប់​ត្រូវតែ​បិទ​ឱ្យអស់ មិន​ឱ្យមាន​បើសិន​មាន​អ្នក​ដែល​ទទួលខុសត្រូវ គឺ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក និង​យោធា​ការពារ​ព្រំដែន ។ បញ្ហា​ច្រករបៀង​ខុសច្បាប់​តែង​កើតមាន ដោយសារ​កងកម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន បាន​លួច​បើក​ឃុ​ប​ឃឹ​ត​ជាមួយ​មេខ្យល់ នាំ​ពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​ប្រទេសជិតខាង​ដោយ​ខុសច្បាប់ ។​
​រឿង​ពលរដ្ឋ​ខ្មែរ​លួច​ឆ្លងដែន​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ ជា​រឿង​ចាស់​ដដែល នៅ​ដដែល មិនអាច​លុបបំបាត់បាន​ឡើយ ទោះបី​ត្រូវ​ថៃ​បាញ់​ស្លាប់​និង​របួស​រាប់មិនអស់ និង​ចាប់​ដាក់​ច្រវាក់ ដាក់គុក​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។ រឿង​ពិត​នោះ​គឺ វា​មាន​អ្នក​ប្រគល់​ប្រាក់​ឱ្យទៅ​កាប់ និង​អ្នក​ចាំ​ទិញ ។ សុទ្ធតែជា​រឿង​ផលប្រយោជន៍ ទាំង​អ្នក​បើកផ្លូវ ទាំង​អ្នកធ្វើ​ចោរ និង​ទាំង​អ្នក​ចាំ​ទិញ​ផល​ចោរកម្ម ៕